ជំពូក

  1. 1
  2. 2
  3. 3
  4. 4

គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ម៉ាឡា‌គី 1 Khmer Standard Version (KHSV)

ព្រះ‌អម្ចាស់​បាន​ជ្រើស​រើស​ជន‌ជាតិ​អ៊ីស្រា‌អែល

1. សេចក្ដី​ប្រកាសនេះ​ជា​ព្រះ‌បន្ទូល​ដែល​ព្រះ‌អម្ចាស់​ថ្លែង​មក​កាន់​ជន‌ជាតិ​អ៊ីស្រា‌អែល តាម​រយៈ​លោក​ម៉ាឡា‌គី។

2. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖«យើង​ស្រឡាញ់​អ្នក​រាល់​គ្នាតែ​អ្នក​រាល់​គ្នា​បែរ​ជា​ពោល​ថា“តើ​មាន​អ្វី​បញ្ជាក់​ថាព្រះ‌អង្គ​ស្រឡាញ់​យើង​ខ្ញុំ?”។- នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់ -ទោះ​បី​អេសាវ​ជា​បង​របស់​យ៉ាកុប​ក្ដីក៏​យើង​ស្រឡាញ់​យ៉ាកុប​ជាង

3. គឺ​យើង​មិន​ពេញ​ចិត្ត​នឹង​អេសាវ​ទេយើង​បាន​ធ្វើ​ឲ្យ​ភ្នំ​នៅ​ស្រុក​អេសាវក្លាយ​ទៅ​ជា​ទី​ស្មសានហើយ​យើង​បាន​ឲ្យ​ឆ្កែ​ព្រៃ​មក​រស់​នៅ​ក្នុងទឹក​ដី​ដែល​ជា​ចំណែក​មត៌ក​របស់​គេ។

4. ប្រសិន​បើ​អេដុម​ពោល​ថា“ពួក​យើង​នឹង​សង់​ស្រុកដែល​វិនាស​នេះ​ឡើង​វិញ!”ឲ្យ​ពួក​គេ​សង់​ទៅ!យើង​នឹង​កម្ទេច​ស្រុក​នោះ​សា​ជា​ថ្មី។គេ​នឹង​ហៅ​ស្រុក​នោះ​ថា “ទឹក​ដី​របស់​ជន​ទុច្ចរិត”“ប្រជា‌ជន​ដែល​ព្រះ‌អម្ចាស់​ខ្ញាល់​រហូត”។- នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់នៃ​ពិភព​ទាំង​មូល។

5. អ្នក​រាល់​គ្នា​នឹង​ឃើញ​ហេតុ‌ការណ៍​នេះហើយ​ពោល​ថា: “ព្រះ‌អម្ចាស់​សម្តែង​មហិទ្ធិ‌ឫទ្ធិហួស​ព្រំ‌ដែន​ស្រុក​អ៊ីស្រា‌អែល​ទៅ​ទៀត!”»។

ការ​ថ្វាយ‌បង្គំ​មិន​ត្រឹម​ត្រូវ

6. «ធម្មតា កូន​តែងតែ​គោរព​ឪពុកហើយ​អ្នក​បម្រើ​តែងតែ​គោរព​ម្ចាស់​របស់​ខ្លួន។ប្រសិន​បើ​យើង​ជា​បិតា​មែនម្ដេច​ក៏​មិន​ឃើញ​អ្នក​រាល់​គ្នា​គោរព​យើងក្នុង​ឋានៈ​ជា​បិតា?ប្រសិន​បើ​យើង​ជា​ម្ចាស់​មែនម្ដេច​ក៏​មិន​ឃើញ​អ្នក​រាល់​គ្នា​គោរព​យើងក្នុង​ឋានៈ​ជា​ម្ចាស់?- នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់នៃ​ពិភព​ទាំង​មូល។រីឯ​អ្នក​រាល់​គ្នា ដែល​ជា​បូជា‌ចារ្យ​វិញអ្នក​រាល់​គ្នា​មាក់‌ងាយ​នាម​របស់​យើងតែ​អ្នក​រាល់​គ្នា​ពោល​ថា “តើ​យើង​ខ្ញុំ​មាក់‌ងាយព្រះ‌នាម​របស់​ព្រះ‌អង្គ​ត្រង់​ណា?”។

7. អ្នក​រាល់​គ្នា​យក​ម្ហូប​អាហារ​សៅហ្មងមក​ដាក់​នៅ​លើ​អាសនៈ​របស់​យើងហើយ​អ្នក​រាល់​គ្នា​ពោល​ថា“តើ​យើង​ខ្ញុំ​បាន​ធ្វើ​ឲ្យ​ព្រះ‌អង្គ​សៅហ្មងត្រង់​ណា?”គឺ​មក​ពី​អ្នក​រាល់​គ្នា​ពោល​ថា:តុ​របស់​ព្រះ‌អម្ចាស់​មិន​សូវ​សំខាន់​ទេ!

8. ពេល​អ្នក​រាល់​គ្នា​យក​សត្វ​ខ្វាក់មក​ធ្វើ​យញ្ញ‌បូជាតើ​មិន​មែន​ជា​ការ​អាក្រក់​ទេ​ឬ?ពេល​អ្នក​រាល់​គ្នា​យក​សត្វ​បាក់​ជើងឬ​សត្វ​មាន​ជំងឺ​មក​ធ្វើ​យញ្ញ‌បូជាតើ​មិន​មែន​ជា​ការ​អាក្រក់​ទេ​ឬ?បើ​អ្នក​យក​សត្វ​បែប​នេះ​ទៅ​ជូនទេសា‌ភិបាល​របស់​អ្នកតើ​គាត់​សុខ​ចិត្ត​ទទួល​យកហើយ​ទទួល​អ្នក​ដោយ​រាក់‌ទាក់​ឬ?»- នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់នៃ​ពិភព​ទាំង​មូល។

9. ឥឡូវ​នេះ ចូរ​នាំ​គ្នា​ទូល‌អង្វរ​ព្រះ‌ជាម្ចាស់សូម​ព្រះ‌អង្គ​ប្រណី​សន្ដោស​ពួក​យើង!«បើ​អ្នក​រាល់​គ្នា​នៅ​តែ​ធ្វើ​អំពើ​អាក្រក់​ដូច្នេះតើ​អ្នក​រាល់​គ្នា​ស្មាន​ថា យើង​ទទួល​អ្នក​រាល់​គ្នាដោយ​រាក់‌ទាក់​ឬ?- នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់នៃ​ពិភព​ទាំង​មូល។

10. បើ​នៅ​តែ​ដូច្នេះ គួរ​ឲ្យ​នរណា​ម្នាក់ក្នុង​ចំណោម​អ្នក​រាល់​គ្នា​បិទ​ទ្វារ​ព្រះ‌វិហារដើម្បី​កុំ​ឲ្យ​អ្នក​រាល់​គ្នា​បង្កាត់​ភ្លើងជា​អសារ‌បង់​នៅ​លើ​អាសនៈ​របស់​យើង​ទៀត!យើង​មិន​ពេញ​ចិត្ត​នឹង​អ្នក​រាល់​គ្នា​ទេហើយ​យើង​ក៏​មិន​ទទួល​តង្វាយ​ពី​ដៃរបស់​អ្នក​រាល់​គ្នា​ដែរ!- នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់នៃ​ពិភព​ទាំង​មូល។

11. ចាប់​ពី​ទិស​ខាង​កើត រហូត​ដល់​ទិស​ខាង​លិចនាម​របស់​យើង​ប្រសើរ​ឧត្ដុង្គ‌ឧត្ដមក្នុង​ចំណោម​ប្រជា‌ជាតិ​នានា។នៅ​គ្រប់​ទី​កន្លែង គេ​នាំ​គ្នា​ដុត​គ្រឿង​ក្រអូបដើម្បី​លើក​តម្កើង​នាម​របស់​យើងព្រម​ទាំង​នាំ​យក​តង្វាយ​បរិសុទ្ធ​មក​ជា​មួយ​ផងដ្បិត​នាម​របស់​យើង​ប្រសើរ​ឧត្ដុង្គ‌ឧត្ដមក្នុង​ចំណោម​ប្រជា‌ជាតិ​នានា- នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់នៃ​ពិភព​ទាំង​មូល។

12. ប៉ុន្តែ អ្នក​រាល់​គ្នា​បង្អាប់‌បង្អោន​នាម​របស់​យើងដោយ​ពោល​ថា:“តុ​របស់​ព្រះ‌អម្ចាស់​សៅហ្មង​ហើយមិន​បាច់​យក​អាហារ​ថ្លៃ‌ថ្នូរទៅ​តម្កល់​លើ​តុ​នោះ​ទេ”។

13. អ្នក​រាល់​គ្នា​ពោល​ថា“ពិធី​ទាំង​នេះ​គួរ​ឲ្យ​ធុញ‌ទ្រាន់​ណាស់!”ហើយ​ក៏​នាំ​គ្នា​មើល‌ងាយ​យើង- នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់នៃ​ពិភព​ទាំង​មូល។អ្នក​រាល់​គ្នា​យក​សត្វ​ដែល​លួច​គេសត្វ​ពិការ ឬ​សត្វ​មាន​ជំងឺ​មក​ឲ្យ​យើងទុក​ជា​តង្វាយ តើ​យើង​ទទួល​តង្វាយ​នេះពី​ដៃ​របស់​អ្នក​រាល់​គ្នា​កើត​ឬ?- នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។

14. ជន​បោក​ប្រាស់​មុខ​ជា​ត្រូវ​វេទនា​ពុំ‌ខាន!ដ្បិត​គេ​ទុក​សត្វ​ល្អៗ​ក្នុង​ហ្វូង​សត្វ​របស់​ខ្លួនហើយ​បែរ​ជា​យក​សត្វ​ពិការមក​ធ្វើ​ជា​យញ្ញ‌បូជា​ថ្វាយ​ព្រះ‌អម្ចាស់​ទៅ​វិញ!យើង​ជា​ព្រះ‌មហា‌ក្សត្រ​ដ៏​ឧត្ដមប្រជា‌ជាតិ​នានា​ស្ញែង​ខ្លាច​នាម​របស់​យើង»- នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់នៃ​ពិភព​ទាំង​មូល។