ជំពូក

  1. 1
  2. 2
  3. 3
  4. 4
  5. 5

គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

បរិទេវ 5 Khmer Standard Version (KHSV)

ពាក្យ​ទូល‌អង្វរ​សូម​ព្រះ‌អម្ចាស់​អាណិត​មេត្តា

1. ព្រះ‌អម្ចាស់​អើយ សូម​នឹក​ដល់ហេតុ‌ការណ៍​ដែល​កើត​មាន​ចំពោះ​យើង​ខ្ញុំសូម​ទត​មើល​ចុះតើ​គេ​ត្មះ‌តិះ‌ដៀល​យើង​ខ្ញុំ​ដល់​កម្រិត​ណា!

2. ទឹក​ដី​ដែល​ជា​ចំណែក​មត៌ក​របស់​យើង​ខ្ញុំបាន​ធ្លាក់​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ជន​បរទេសផ្ទះ​របស់​យើង​ខ្ញុំ​ធ្លាក់​ទៅ​ក្នុង​កណ្ដាប់​ដៃរបស់​ជន​ដទៃ។

3. យើង​ខ្ញុំ​ធ្លាក់​ខ្លួន​ដូច​ក្មេង​កំព្រា គ្មាន​ឪពុកម្ដាយ​យើង​ខ្ញុំ​រស់​នៅ​ដូច​ស្ត្រី​មេម៉ាយ។

4. យើង​ខ្ញុំ​ត្រូវ​បង់​ប្រាក់ដើម្បី​ទិញ​ទឹក​របស់​យើង​ខ្ញុំ​ផ្ទាល់ហើយ​ត្រូវ​បង់​ប្រាក់ដើម្បី​ទិញ​អុស​របស់​យើង​ខ្ញុំ​ដែរ។

5. ពួក​អ្នក​ដែល​តាម​ប្រហារ​យើង​ខ្ញុំស្ថិត​នៅ​ពី​ក្រោយ​ខ្នង​យើង​ខ្ញុំ​ជា‌និច្ចយើង​ខ្ញុំ​អស់​កម្លាំងតែ​គេ​មិន​ទុក​ឲ្យ​យើង​ខ្ញុំ​សម្រាក​ទេ។

6. យើង​ខ្ញុំ​លើក​ដៃ​អង្វរ​សុំ​ស្បៀង​ពី​ស្រុក​អេស៊ីបនិង​ស្រុក​អាស្ស៊ីរី ដើម្បី​ចំអែត​ក្រពះ។

7. ដូនតា​របស់​យើង​ខ្ញុំ​បាន​ប្រព្រឹត្ត​អំពើ​បាប​មែនតែ​ពួក​គេ​ស្លាប់​អស់​ហើយគឺ​យើង​ខ្ញុំ​ទេ​ដែល​រង​ទុក្ខ​ទោសព្រោះ​តែ​កំហុស​ដែល​ដូនតា​បាន​ប្រព្រឹត្ត។

8. ពួក​ទាសករ​ត្រួត‌ត្រា​លើ​យើង​ខ្ញុំតែ​គ្មាន​នរណា​រំដោះ​យើង​ខ្ញុំចេញ​ពី​កណ្ដាប់​ដៃ​របស់​អ្នក​ទាំង​នោះ​ទេ។

9. យើង​ខ្ញុំ​ប្រថុយ​ជីវិត ឆ្លង​កាត់​មុខ​ដាវដើម្បី​ទៅ​រក​ស្បៀង​អាហារ។

10. ដោយ​ឃ្លាន​ខ្លាំង​ពេកស្បែក​របស់​យើង​ខ្ញុំ​ឡើង​ក្ដៅ​ដូច​ភ្លើង​ចង្ក្រាន។

11. សត្រូវ​រំលោភ​ស្ត្រី​នៅ​ក្នុង​ក្រុង​ស៊ីយ៉ូននិង​រំលោភ​ស្ត្រី​ក្រមុំ​នៅ​តាម​ក្រុង​នានាក្នុង​ស្រុក​យូដា។

12. ពួក​គេ​ព្យួរ-ក​ពួក​មន្ត្រី​របស់​យើង​ខ្ញុំហើយ​គ្មាន​នរណា​គោរព​ចាស់​ជរា​ទេ។

13. គេ​ប្រើ​ឲ្យ​ពួក​យុវជន​លី​ត្បាល់​កិនគេ​ប្រើ​ក្មេង​ប្រុសៗ​ឲ្យ​លី​ឈើ​ដ៏​ធ្ងន់រហូត​ដល់​ជំពប់​ជើង​ដួល។

14. ពួក​ព្រឹទ្ធា‌ចារ្យ​លែង​អង្គុយ​នៅ​មាត់​ទ្វារ​ក្រុងទៀត​ហើយរីឯ​ពួក​យុវជន​ក៏​លែង​នាំ​គ្នា​ច្រៀង​ទៀត​ដែរ។

15. អំណរ​បាន​ចាក​ចេញ​បាត់​ពី​ចិត្ត​យើង​ខ្ញុំយើង​ខ្ញុំ​នាំ​គ្នា​កាន់​ទុក្ខ​ជំនួស​ការ​រាំ​រែក

16. យើង​ខ្ញុំ​បាត់​បង់​កិត្តិយសយើង​ខ្ញុំ​ត្រូវ​វេទនាព្រោះ​យើង​ខ្ញុំ​បាន​ប្រព្រឹត្ត​អំពើ​បាប!

17. ហេតុ​នេះ​ហើយ​បាន​ជា​ចិត្ត​យើង​ខ្ញុំ​ខ្លោច‌ផ្សាយើង​ខ្ញុំ​យំ​រហូត​ដល់​ហើម​ភ្នែក។

18. ភ្នំ​ស៊ីយ៉ូន​ក្លាយ​ទៅ​ជា​ទី​ស្មសានជា​កន្លែង​ដែល​កញ្ជ្រោង​ដើរ​រក​ស៊ី។

19. ព្រះ‌អម្ចាស់​អើយព្រះ‌អង្គ​គ្រង​រាជ្យ​រហូត​ត​ទៅបល្ល័ង្ក​របស់​ព្រះ‌អង្គ​នៅ​ស្ថិត‌ស្ថេរអស់‌កល្ប​ជា​អង្វែង​ត​រៀង​ទៅ។

20. ហេតុ​អ្វី​បាន​ជា​ព្រះ‌អង្គ​បំភ្លេច​យើង​ខ្ញុំរហូត​ដូច្នេះ?ហេតុ​អ្វី​បាន​ជា​ព្រះ‌អង្គ​បោះ​បង់​ចោល​យើង​ខ្ញុំអស់​មួយ​ជីវិត?

21. ព្រះ‌អម្ចាស់​អើយសូម​នាំ​យើង​ខ្ញុំ​ឲ្យ​វិល​ត្រឡប់​មក​វិញនោះ​យើង​ខ្ញុំ​នឹង​វិល​ត្រឡប់​មក​វិញសូម​ប្រទាន​អាយុ​ជីវិត​មក​យើង​ខ្ញុំ​សា​ជា​ថ្មី។

22. តើ​ព្រះ‌អង្គ​បោះ​បង់​ចោល​យើង​ខ្ញុំ​រហូត​មែន​ឬតើ​ព្រះ‌អង្គ​ទ្រង់​ព្រះ‌ពិរោធ​នឹង​យើង​ខ្ញុំហួស​កម្រិត​បែប​នេះ​ឬ?