ជំពូក

  1. 1
  2. 2
  3. 3
  4. 4
  5. 5

គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

បរិទេវ 3 Khmer Standard Version (KHSV)

ត្រូវ​តែ​មាន​សង្ឃឹម​ជា‌និច្ច!

1. ខ្ញុំ​ជា​មនុស្ស​ម្នាក់​បាន​ឃើញ​ទុក្ខ​វេទនានៅ​គ្រា​ដែល​ព្រះ‌ជាម្ចាស់ទ្រង់​ព្រះ‌ពិរោធ។

2. ព្រះ‌អង្គ​បណ្ដើរ​ខ្ញុំ ហើយ​នាំ​ខ្ញុំ​ទៅ​នៅ​ក្នុង​ទី​ងងឹតគឺ​មិន​មែន​ក្នុង​ពន្លឺ​ឡើយ។

3. ជា​រៀង​រាល់​ថ្ងៃ ព្រះ‌អង្គ​លើក​ព្រះ‌ហស្ដវាយ​ខ្ញុំ ហើយ​វាយ​ទៀត។

4. ព្រះ‌អង្គ​វាយ​ខ្ញុំ​ដាច់​សាច់​ដាច់​ស្បែកព្រះ‌អង្គ​វាយ​បំបាក់​ឆ្អឹង​របស់​ខ្ញុំ។

5. ព្រះ‌អង្គ​យក​ការ​ឈឺ​ចាប់ និង​ទុក្ខ​វេទនាមក​រុំ​ព័ទ្ធ​ជុំ‌វិញ​ខ្ញុំ។

6. ព្រះ‌អង្គ​ទុក​ឲ្យ​ខ្ញុំ​រស់​នៅ​ក្នុង​ទី​ងងឹតដូច​អស់​អ្នក​ដែល​ស្លាប់​តាំង​ពី​យូរ​មក​ហើយ។

7. ព្រះ‌អង្គ​ចង​ខ្ញុំ​ជាប់​នឹង​ជញ្ជាំងដើម្បី​កុំ​ឲ្យ​ខ្ញុំ​ចេញ​រួចព្រះ‌អង្គ​យក​ច្រវាក់​ដ៏​ធ្ងន់​មក​ចង​ខ្ញុំ។

8. ខ្ញុំ​ខំ​ប្រឹង​ស្រែក​អង្វរ​ឲ្យ​គេ​ជួយតែ​ព្រះ‌អង្គ​ឃាត់​ឃាំង​គេមិន​ឲ្យ​ឮ​ពាក្យ​អង្វរ​របស់​ខ្ញុំ​ទេ។

9. ព្រះ‌អង្គ​ដាក់​ផ្ទាំង​ថ្ម​រាំង​ផ្លូវ​ខ្ញុំព្រះ‌អង្គ​បាន​ពង្វាង​ផ្លូវ​ខ្ញុំ។

10. ព្រះ‌អង្គ​ប្រៀប​ដូច​ជា​ខ្លា‌ឃ្មុំ​ចាំ​ស្ទាក់​ផ្លូវ​ខ្ញុំនិង​ដូច​សិង្ហ​ដែល​ពួន​ចាំ​ប្រហារ​ខ្ញុំ។

11. ព្រះ‌អង្គ​ដេញ​ខ្ញុំ​ចេញ​ពី​ផ្លូវព្រះ‌អង្គ​ហែក​សាច់​ខ្ញុំព្រម​ទាំង​ធ្វើ​ឲ្យ​ខ្ញុំ​ត្រូវ​អន្តរាយ។

12. ព្រះ‌អង្គ​យឹត​ធ្នូហើយ​បាញ់​ព្រួញ​តម្រង់​មក​ខ្ញុំ។

13. ព្រះ‌អង្គ​យក​ព្រួញ​ទាំង​អស់ពី​បំពង់​របស់​ព្រះ‌អង្គ បាញ់​ទម្លុះ​រូប​កាយ​ខ្ញុំ។

14. ប្រជា‌ជន​របស់​ខ្ញុំ​ទាំង​មូល​សើច​ចំអក​ឲ្យ​ខ្ញុំរៀង​រាល់​ថ្ងៃ ពួក​គេ​ច្រៀង​ឡក‌ឡឺយ​ដាក់​ខ្ញុំ។

15. ព្រះ‌អង្គ​ឲ្យ​ខ្ញុំ​បរិភោគ​បន្លែ​ដ៏​ជូរ​ចត់ព្រះ‌អង្គ​ឲ្យ​ខ្ញុំ​ផឹក​ទឹក​ដែល​មាន​ជាតិ​ពុល។

16. ព្រះ‌អង្គ​ឲ្យ​ខ្ញុំ​ខាំ​ថ្ម​បាក់​ធ្មេញព្រះ‌អង្គ​ធ្វើ​ឲ្យ​ខ្ញុំ​ដួល​ផ្កាប់​មុខ​នៅ​ក្នុង​ផេះ។

17. ព្រះ‌អង្គ​ធ្វើ​ឲ្យ​សេចក្ដី​សុខ​ឃ្លាត​ឆ្ងាយ​ពី​ខ្ញុំហើយ​ខ្ញុំ​លែង​ដឹង​ថា​អ្វី​ទៅ​ជា​សុភមង្គល។

18. ខ្ញុំ​ក៏​ពោល​ថា “ខ្ញុំ​លែង​មាន​អ្វី​ជា​ទី​ពឹង​ហើយសូម្បី​តែ​សេចក្ដី​សង្ឃឹម​របស់​ខ្ញុំ​លើ​ព្រះ‌អម្ចាស់ក៏​លែង​មាន​ទៀត​ដែរ”។

19. ពេល​ខ្ញុំ​នឹក​ដល់​ទុក្ខ​លំបាក និង​ភាព​តែល‌តោលដែល​ខ្ញុំ​ជួប​ប្រទះនោះ​ចិត្ត​ខ្ញុំ​ឈឺ​ចាប់​ខ្លោច‌ផ្សា​ក្រៃ‌លែង។

20. ទោះ​បី​ខ្ញុំ​ខំ​បំភ្លេច​ទុក្ខ​លំបាក​នេះ​ក្ដីក៏​ខ្ញុំ​នៅ​តែ​នឹក​ឃើញ​ជា‌និច្ច។

21. តែ​ឥឡូវ​នេះ ខ្ញុំ​ចង់​គិត​ដល់​អ្វីៗដែល​នាំ​ខ្ញុំ​ឲ្យ​មាន​សង្ឃឹម​ឡើង​វិញ

22. គឺ​ខ្ញុំ​នឹក​ដល់​ព្រះ‌ហឫទ័យ​សប្បុរសរបស់​ព្រះ‌អម្ចាស់ ដែល​មិន​ចេះ​រលត់។ព្រះ‌អង្គ​មាន​ព្រះ‌ហឫទ័យ​អាណិត​អាសូរចំពោះ​ខ្ញុំ ឥត​ទី​បញ្ចប់។

23. ព្រះ‌អង្គ​តែង​តែ​សម្តែង​ព្រះ‌ហឫទ័យ​សប្បុរសនិង​ព្រះ‌ហឫទ័យ​អាណិត​អាសូរ​នេះសា​ជា​ថ្មី​រៀង​រាល់​ព្រឹកព្រះ‌ហឫទ័យ​ស្មោះ​ត្រង់​របស់​ព្រះ‌អង្គមាន​ទំហំ​ធំ​ពន់​ពេក​ក្រៃ។

24. ខ្ញុំ​ពោល​ថា ខ្ញុំ​គ្មាន​កេរ‌មត៌ក​អ្វីក្រៅ​ពី​ព្រះ‌អម្ចាស់​ទេហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​សង្ឃឹម​លើ​ព្រះ‌អង្គ។

25. ព្រះ‌អម្ចាស់​មាន​ព្រះ‌ហឫទ័យ​សប្បុរសចំពោះ​អ្នក​ដែល​ពឹង​ផ្អែក​លើ​ព្រះ‌អង្គនិង​ចំពោះ​អ្នក​ដែល​ស្វែង​រក​ព្រះ‌អង្គ។

26. ការ​តាំង​ចិត្ត​ស្ងប់​ស្ងៀមរង់‌ចាំ​ព្រះ‌អម្ចាស់​យាង​មក​សង្គ្រោះនោះ​ពិត​ជា​ការ​ល្អ​ប្រពៃ​មែន។

27. ជា​ការ​ប្រពៃ​ណាស់​ដែល​មនុស្សទទួល​ការ​លត់‌ដំ​តាំង​ពី​ក្មេង​ទៅ។

28. ពេល​ណា​ព្រះ‌អង្គ​ធ្វើ​ទោសយើង​ត្រូវ​អង្គុយ​យ៉ាង​ស្ងៀម​ស្ងាត់ដាច់​ឡែក​តែ​ឯង

29. ហើយ​ក្រាប​ចុះ អោន​មុខ​ដល់​ដីធ្វើ​ដូច្នេះ ប្រហែល​ជា​មាន​សេចក្ដី​សង្ឃឹម។

30. ត្រូវ​បែរ​ថ្ពាល់​ឲ្យ​គេ​ទះនិង​ទ្រាំ​ឲ្យ​គេ​ជេរ​ប្រមាថ​ចុះ

31. ដ្បិត​ព្រះ‌អម្ចាស់​មិន​បោះ​បង់​ចោល​យើងរហូត​ឡើយ។

32. ទោះ​បី​ព្រះ‌អង្គ​ដាក់​ទោស​ក្ដីព្រះ‌អង្គ​នៅ​តែ​អាណិត​មេត្តា​ដដែលដ្បិត​ព្រះ‌ហឫទ័យ​សប្បុរស​របស់​ព្រះ‌អង្គធំ​ពន់​ពេក​ក្រៃ។

33. ព្រះ‌អង្គ​មិន​សប្បាយ​ព្រះ‌ហឫទ័យ​នឹងដាក់​ទោស ឬ​ធ្វើ​ទណ្ឌ‌កម្ម​មនុស្ស‌ម្នា​ទេ។

34. ពេល​គេ​ជិះ‌ជាន់​ធ្វើ​បាប​អស់​អ្នក​ដែលជាប់​ជា​ឈ្លើយ​ក្នុង​ស្រុក​ណា​មួយ

35. ពេល​គេ​រំលោភ​លើ​សិទ្ធិ​មនុស្សនៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​របស់​ព្រះ​ដ៏​ខ្ពង់‌ខ្ពស់​បំផុត

36. ពេល​គេ​កាត់​ក្ដី​មនុស្ស​ដោយ​អយុត្តិធម៌ព្រះ‌អម្ចាស់​ទត​ឃើញ​ទាំង​អស់!

37. ពេល​ព្រះ‌អម្ចាស់​បង្គាប់​អ្វី​មួយការ​នោះ​ត្រូវ​តែ​កើត​ឡើងក្រៅ​ពី​ព្រះ‌អង្គ គ្មាន​នរណា​ធ្វើ​ដូច្នេះ​បាន​ទេ។

38. សុខ ឬ​ទុក្ខ​សុទ្ធ​តែ​ចេញ​មក​ពី​ព្រះ‌ឱស្ឋ​របស់ព្រះ​ដ៏​ខ្ពង់‌ខ្ពស់​បំផុត។

39. ទោះ​បី​មនុស្ស​ម្នាក់ៗ​ប្រព្រឹត្ត​អំពើ​បាប​ក្ដីក៏​ព្រះ‌អង្គ​ទុក​ឲ្យ​គេ​នៅ​រស់​ដដែលដូច្នេះ ហេតុ​អ្វី​បាន​ជា​នាំ​គ្នា​រអ៊ូ‌រទាំ!

40. តោង​យើង​ពិនិត្យ‌ពិច័យ និង​ស្ទង់​មើលកិរិយា‌មារយាទ​របស់​ខ្លួនហើយ​បែរ​ចិត្ត​គំនិត​មក​រក​ព្រះ‌អម្ចាស់​វិញ។

41. ពេល​យើង​លើក​ដៃ​អធិស្ឋាន*​រក​ព្រះ‌ជាម្ចាស់ដែល​គង់​នៅ​ស្ថាន​បរម‌សុខ*តោង​យើង​ផ្ចង់​ចិត្ត​ទៅ​រក​ព្រះ‌អង្គ​ដែរ។

42. ព្រះ‌អម្ចាស់​អើយ យើង​ខ្ញុំ​បាន​ប្រព្រឹត្ត​អំពើ​បាបហើយ​បះ‌បោរ​ប្រឆាំង​នឹង​ព្រះ‌អង្គព្រះ‌អង្គ​មិន​អត់‌ទោស​ឲ្យ​យើង​ខ្ញុំ​ទេ។

43. ព្រះ‌អង្គ​តាម​ប្រហារ​ជីវិត​យើង​ខ្ញុំព្រះ‌ពិរោធ​បាន​បាំង​ព្រះ‌អង្គ​មិន​ឲ្យត្រា​ប្រណី​យើង​ខ្ញុំ។

44. ព្រះ‌អង្គ​ពួន​នៅ​ក្នុង​ពពក*ដើម្បី​កុំ​ឲ្យ​ពាក្យ​ដែល​យើង​ខ្ញុំ​ទូល‌អង្វរឮ​ទៅ​ដល់​ព្រះ‌អង្គ​ឡើយ។

45. ព្រះ‌អង្គ​បាន​ធ្វើ​ឲ្យ​យើង​ខ្ញុំ​ក្លាយ​ទៅ​ជាសំរាម ដែល​គ្មាន​នរណា​រាប់​រកក្នុង​ចំណោម​ជាតិ​សាសន៍​ទាំង‌ឡាយ។

46. ខ្មាំង​សត្រូវ​ទាំង​ប៉ុន្មាន​របស់​យើង​ខ្ញុំនាំ​គ្នា​ជេរ​ប្រមាថ​យើង​ខ្ញុំ។

47. យើង​ខ្ញុំ​ជួប​ប្រទះ​តែ​គ្រោះ​កាចការ​ភ័យ​ខ្លាច និង​ការ​វិនាស​អន្តរាយ។

48. ទឹក​ភ្នែក​ខ្ញុំ​ហូរ​ដូច​ទឹក​ស្ទឹងព្រោះ​តែ​មហន្ត‌រាយ​នៃ​ប្រជា‌ជន​របស់​ខ្ញុំ។

49. ទឹក​ភ្នែក​ខ្ញុំ​ហូរ​ឥត​ឈប់​ឈរនិង​ឥត​ស្រាក‌ស្រាន្ត

50. រហូត​ទាល់​តែ​ព្រះ‌អម្ចាស់​ទត​ឃើញពី​ស្ថាន​បរម‌សុខ។

51. ចិត្ត​ខ្ញុំ​សោក‌សៅ​អាណិត​ស្រី​ក្រមុំ​ទាំង​ប៉ុន្មាននៅ​ក្នុង​ក្រុង​របស់​ខ្ញុំ។

52. អស់​អ្នក​ដែល​តាំង​ខ្លួន​ជា​សត្រូវ​របស់​ខ្ញុំដោយ​ឥត​ហេតុ​ផលដេញ​តាម​ប្រហារ​ខ្ញុំ ដូច​តាម​បាញ់​សត្វ​ស្លាប។

53. ពួក​គេ​បោះ​ខ្ញុំ​ក្នុង​អណ្ដូងរួច​យក​ថ្ម​គ្រប​ពី​លើ ដើម្បី​ឲ្យ​ខ្ញុំ​ថប់​ដង្ហើម។

54. ពេល​នោះ ទឹក​លិច​ក្បាល​ខ្ញុំខ្ញុំ​ពោល​ថា ខ្ញុំ​ស្លាប់​ហើយ!

55. ឱ​ព្រះ‌អម្ចាស់​អើយ ទូលបង្គំ​អង្វរ​រក​ព្រះ‌នាមរបស់​ព្រះ‌អង្គ​ពី​បាត​អណ្ដូង​នោះ​មក។

56. ព្រះ‌អង្គ​ព្រះ‌សណ្ដាប់​ឮ​សំឡេង​ដែល​ទូលបង្គំស្រែក​អង្វរ​ថា:“សូម​កុំ​បែរ​ព្រះ‌កាណ៌​ចេញ​ពី​ទូលបង្គំ​ឡើយសូម​ស្ដាប់​សម្រែក​អង្វរ​របស់​ទូលបង្គំសូម​ជួយ​ទូលបង្គំ​ផង!”។

57. នៅ​ថ្ងៃ​ដែល​ទូលបង្គំ​អង្វរ​រក​ព្រះ‌អង្គព្រះ‌អង្គ​យាង​ចូល​មក​ជិត​ទូលបង្គំព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា “កុំ​ខ្លាច​អ្វី​ឡើយ!”។

58. ព្រះ‌អម្ចាស់​អើយព្រះ‌អង្គ​រក​យុត្តិធម៌​ឲ្យ​ទូលបង្គំព្រះ‌អង្គ​បាន​លោះ​ជីវិត​ទូលបង្គំ​មក​វិញ។

59. ព្រះ‌អម្ចាស់​អើយ ព្រះ‌អង្គ​បាន​ទត​ឃើញ​ពួក​គេសង្កត់‌សង្កិន​ទូលបង្គំសូម​រក​យុត្តិធម៌​ឲ្យ​ទូលបង្គំ​ផង!

60. ព្រះ‌អង្គ​បាន​ទត​ឃើញ​ការ​សង‌សឹក​របស់​ពួក​គេព្រម​ទាំង​ការ​ឃុប‌ឃិត​ទាំង​ប៉ុន្មានប្រឆាំង​នឹង​ទូលបង្គំ។

61. ព្រះ‌អម្ចាស់​អើយ ព្រះ‌អង្គ​បាន​ឮ​ពាក្យ​ដែលពួក​គេ​ជេរ​ប្រមាថព្រម​ទាំង​ការ​ឃុប​ឃិត​ទាំង​ប៉ុន្មានប្រឆាំង​នឹង​ទូលបង្គំ។

62. ព្រះ‌អង្គ​បាន​ឮ​ពួក​គេ​និយាយហើយ​ក៏​ឮ​ពួក​គេ​គិត‌គូរ​គម្រោង‌ការប្រឆាំង​នឹង​ទូលបង្គំ​ដែរ។

63. សូម​ទត​មើល​ចុះ ទោះ​បី​ពួក​គេ​អង្គុយ ឬ​ឈរ​ក្ដីពួក​គេ​នាំ​គ្នា​ច្រៀង​ឡក‌ឡឺយ​ដាក់​ទូលបង្គំ។

64. ឱ​ព្រះ‌អម្ចាស់​អើយ សូម​តប​ស្នង​ទៅ​ពួក​គេ​វិញស្រប​តាម​អំពើ​ដែល​ពួក​គេ​ប្រព្រឹត្ត។

65. សូម​ធ្វើ​ឲ្យ​ពួក​គេ​មាន​ចិត្ត​រឹង‌រូសហើយ​ដាក់​បណ្ដាសា​ពួក​គេ​ទៅ។

66. ព្រះ‌អង្គ​ដេញ​តាម​ពួក​គេ ទាំង​ព្រះ‌ពិរោធហើយ​ប្រល័យ​ជីវិត​ពួក​គេ​ឲ្យ​បាត់​សូន្យពី​ផែនដី​នេះ។