1. ម្ដេចក៏ក្រុងដែលធ្លាប់តែមានប្រជាជនច្រើនកុះករបែរជានៅឯកោដូចស្ត្រីមេម៉ាយបែបនេះ!ក្រុងដ៏រុងរឿងក្នុងចំណោមប្រជាជាតិនានាក្រុងដែលជាម្ចាស់ក្សត្រីលើអាណាខេត្តនានាធ្លាក់ខ្លួនទៅជាទាសី!
2. នៅពេលយប់ នាងយំឥតស្រាកស្រាន្តទឹកភ្នែកហូរចុះមកលើថ្ពាល់ទាំងពីរ។ក្នុងចំណោមគូស្នេហ៍របស់នាងទាំងប៉ុន្មានគ្មាននរណាម្នាក់សម្រាលទុក្ខនាងឡើយមិត្តភក្ដិរបស់នាងនាំគ្នាក្បត់នាងហើយក្លាយទៅជាសត្រូវរបស់នាងវិញ។
3. កុលសម្ព័ន្ធយូដាត្រូវគេកៀរយកទៅជាឈ្លើយហើយត្រូវអាម៉ាស់ និងធ្លាក់ខ្លួនជាទាសីនាងតែលតោលនៅក្នុងចំណោមប្រជាជាតិទាំងឡាយរកកន្លែងស្នាក់អាស្រ័យពុំបាន។ខ្មាំងសត្រូវឡោមព័ទ្ធនាងធ្វើឲ្យនាងរកច្រកចេញពុំរួច។
4. ផ្លូវទៅកាន់ក្រុងស៊ីយ៉ូនប្រែជាស្ងាត់ជ្រងំដ្បិតគ្មាននរណាឡើងទៅប្រារព្ធពិធីបុណ្យទៀតទេ។ទ្វារក្រុងបាក់បែកអស់បូជាចារ្យរបស់ក្រុងនេះនាំគ្នាយំថ្ងូរស្រីក្រមុំនៅក្រុងនេះត្រូវកើតទុក្ខក្រៀមក្រំហើយក្រុងនេះផ្ទាល់ត្រូវវេទនាឥតឧបមា។
5. បច្ចាមិត្តមានប្រៀបលើនាងខ្មាំងសត្រូវរបស់នាងរស់នៅយ៉ាងសុខសាន្ត ព្រះអម្ចាស់បានធ្វើឲ្យនាងរងទុក្ខវេទនាព្រោះតែអំពើបាបដ៏ច្រើនរបស់នាងកូនចៅរបស់នាងត្រូវបច្ចាមិត្តចាប់យកទៅជាឈ្លើយ។
6. ក្រុងស៊ីយ៉ូនបានបាត់បង់ភាពរុងរឿងរបស់ខ្លួនពួកមន្ត្រីរបស់នាងប្រៀបបាននឹងប្រើសដែលរកវាលស្មៅស៊ីលែងបានទៀត។ពួកគេចាកចេញទៅ ទាំងបាក់កម្លាំងនៅមុខសត្រូវដែលដេញតាម។
7. នៅគ្រាមានទុក្ខវេទនា តែលតោលយេរូសាឡឹមនឹកឃើញអ្វីៗដ៏ថ្លៃថ្នូរដែលនាងធ្លាប់មានកាលពីមុន។ពេលប្រជាជនរបស់នាងធ្លាក់ក្នុងកណ្ដាប់ដៃសត្រូវ គ្មាននរណាមកជួយទេបច្ចាមិត្តបានឃើញ ហើយនាំគ្នាសើចចំអកព្រោះនាងត្រូវវិនាសបាត់បង់។
8. យេរូសាឡឹមប្រព្រឹត្តអំពើបាបជាច្រើនហេតុនេះហើយបានជានាងក្លាយទៅជាមិនបរិសុទ្ធ*អស់អ្នកដែលធ្លាប់តែសរសើរនាងកាលពីមុនបែរជានាំគ្នាមើលងាយនាងដោយឃើញនាងនៅខ្លួនទទេនាងយំថ្ងូរ ហើយដកខ្លួនថយ។
9. ភាពស្មោកគ្រោកស្ថិតនៅជាប់នឹងសំពត់របស់នាងនាងពុំបានគិតដល់ហេតុការណ៍ដែលនឹងកើតមានចំពោះនាងនាងផុងខ្លួនជ្រៅពេកគ្មាននរណាអាចសម្រាលទុក្ខនាងឡើយ។«ឱព្រះអម្ចាស់អើយ សូមទតមកទុក្ខវេទនារបស់ខ្ញុំម្ចាស់ផងសត្រូវមានជ័យជំនះលើខ្ញុំម្ចាស់ហើយ!»
10. សត្រូវរឹបអូសយកអ្វីៗដ៏មានតម្លៃរបស់នាងនាងឃើញប្រជាជាតិនានាចូលមកក្នុងទីសក្ការៈរបស់ព្រះអម្ចាស់គឺប្រជាជាតិដែលព្រះអង្គបានហាមមិនឲ្យចូលក្នុងអង្គប្រជុំរបស់ព្រះអង្គឡើយ។
11. ប្រជាជនទាំងមូលនាំគ្នាយំថ្ងូរគេចង់បានអាហារបរិភោគគេយកអ្វីៗដ៏មានតម្លៃទៅដូរអាហារបរិភោគដើម្បីឲ្យបានរស់រានមានជីវិត។ ព្រះអម្ចាស់អើយ សូមទតមកខ្ញុំម្ចាស់ផងខ្ញុំម្ចាស់អាម៉ាស់មុខខ្លាំងណាស់!
12. អស់អ្នកដែលដើរកាត់តាមនេះអើយសូមមើលមកចុះ!តើមាននរណាម្នាក់ឈឺចុកចាប់ដូចខ្ញុំទេ!នៅថ្ងៃព្រះអម្ចាស់ទ្រង់ព្រះពិរោធដ៏ខ្លាំងព្រះអង្គបានធ្វើឲ្យខ្ញុំរងទុក្ខឥតឧបមា!
13. ព្រះអង្គបានបោះភ្លើងពីស្ថានលើចូលមកក្នុងឆ្អឹងរបស់ខ្ញុំព្រះអង្គដាក់អន្ទាក់នៅក្រោមជើងរបស់ខ្ញុំព្រះអង្គធ្វើឲ្យខ្ញុំដកខ្លួនថយព្រះអង្គទុកឲ្យខ្ញុំនៅឯកោហើយឈឺចាប់រៀងរាល់ថ្ងៃ។
14. ព្រះអង្គប្រមូលអំពើបាបដែលខ្ញុំបានប្រព្រឹត្តយកមកចងភ្ជាប់គ្នា បំពាក់នៅករបស់ខ្ញុំធ្វើឲ្យខ្ញុំធ្លាក់ខ្លួនខ្សោយ។ព្រះអម្ចាស់បានប្រគល់ខ្ញុំទៅក្នុងកណ្ដាប់ដៃរបស់សត្រូវហើយខ្ញុំពុំអាចរើខ្លួនរួចឡើយ។
15. ព្រះអម្ចាស់បានកំចាត់ទាហានដ៏ចំណានទាំងប៉ុន្មានដែលនៅជាមួយខ្ញុំព្រះអង្គចាត់កងទ័ពឲ្យមកប្រហារពួកយុវជនរបស់ខ្ញុំព្រះអម្ចាស់បានកម្ទេចប្រជាជនយូដាដូចគេជាន់ផ្លែទំពាំងបាយជូរ។
16. ទឹកភ្នែកខ្ញុំហូរឥតស្រាកស្រាន្តខ្ញុំយំសោកស្រណោះអ្នកទាំងនោះគ្មាននរណាម្នាក់សម្រាលទុក្ខខ្ញុំគ្មាននរណាម្នាក់ធ្វើឲ្យខ្ញុំរស់រានឡើងវិញឡើយ។កូនចៅរបស់ខ្ញុំត្រូវវិនាសព្រោះខ្មាំងសត្រូវមានកម្លាំងជាង។