គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

នេហេ‌មា 9:16-30 Khmer Standard Version (KHSV)

16. ប៉ុន្តែ ដូនតា​របស់​យើង​ខ្ញុំ​មាន​អំនួតនិង​មាន​ចិត្ត​រឹង​ចចេសពុំ​ព្រម​ស្ដាប់​តាម​បទ‌បញ្ជា​របស់​ព្រះ‌អង្គ​ទេ។

17. ពួក​គេ​បដិសេធ​មិន​ព្រម​ស្ដាប់​បង្គាប់ហើយ​បំភ្លេច​ការ​អស្ចារ្យ​ទាំង​ប៉ុន្មានដែល​ព្រះ‌អង្គ​បាន​ធ្វើ ដើម្បី​ជួយ​ពួក​គេ។ពួក​គេ​បាន​តាំង​ចិត្ត​រឹង​ចចេស ហើយ​បះ‌បោរពួក​គេ​បាន​តែង‌តាំង​មេ​ដឹក​នាំ​ម្នាក់ចង់​វិល​ទៅ​រក​ទាស‌ភាព​វិញ។ប៉ុន្តែ ព្រះ‌អង្គ​ជា​ព្រះ​ដែល​តែងតែ​អត់‌ទោសព្រះ‌អង្គ​ប្រកប​ដោយ​ព្រះ‌ហឫទ័យអាណិត​អាសូរ និង​ប្រណី​សន្ដោសព្រះ‌អង្គ​មាន​ព្រះ‌ហឫទ័យ​អត់‌ធ្មត់និង​ពោរ‌ពេញ​ដោយ​ព្រះ‌ហឫទ័យ​មេត្តា​ករុណាព្រះ‌អង្គ​មិន​បោះ​បង់​ចោល​ពួក​គេ​ឡើយ។

18. ទោះ​បី​ពួក​គេ​សិត​រូប​កូន​គោ​មួយទាំង​ពោល​ថា “នេះ​នែ៎ ព្រះ​របស់​អ្នកដែល​បាន​នាំ​អ្នក​ចេញ​មក​ពី​ស្រុក​អេស៊ីប!”ហើយ​ទោះ​បី​ពួក​គេ​បាន​ប្រមាថព្រះ‌អង្គ​ខ្លាំង​យ៉ាង​ណា​ក្ដី

19. ក៏​ព្រះ‌អង្គ​ពុំ​បាន​បោះ​បង់​ចោល​ពួក​គេនៅ​វាល​រហោ‌ស្ថាន​ឡើយព្រោះ​ព្រះ‌អង្គ​មាន​ព្រះ‌ហឫទ័យ​អាណិត​អាសូរពួក​គេ​យ៉ាង​ខ្លាំង។នៅ​ពេល​ថ្ងៃ ព្រះ‌អង្គ​នៅ​តែ​ដឹក​នាំ​ពួក​គេដោយ​ដុំ​ពពកនៅ​ពេល​យប់ ព្រះ‌អង្គ​នៅ​តែ​បំភ្លឺ​ផ្លូវ​ពួក​គេដោយ​ដុំ​ភ្លើង។

20. ព្រះ‌អង្គ​ប្រទាន​ព្រះ‌វិញ្ញាណ​ដ៏​ល្អរបស់​ព្រះ‌អង្គ មក​ពួក​គេដើម្បី​ឲ្យ​ពួក​គេ​ចេះ​គិត​ពិចារណាព្រះ‌អង្គ​ប្រទាន​នំ​ម៉ាណា​ឲ្យ​ពួក​គេ​បរិភោគព្រម​ទាំង​ប្រទាន​ទឹក​ឲ្យ​ពួក​គេមិន​ដែល​អាក់‌ខាន​ឡើយ។

21. ក្នុង​អំឡុង​ពេល​សែ‌សិប​ឆ្នាំព្រះ‌អង្គ​បាន​ផ្គត់‌ផ្គង់​អ្វីៗ​ទាំង​អស់ដែល​ពួក​គេ​ត្រូវ​ការ​នៅ​វាល​រហោ‌ស្ថានពួក​គេ​មិន​ដែល​ខ្វះ​ខាត​អ្វី​ឡើយសម្លៀក‌បំពាក់​របស់​ពួក​គេ​មិន​រេច‌រឹលហើយ​ជើង​របស់​ពួក​គេ​ក៏​មិន​ហើម​ដែរ។

22. ព្រះ‌អង្គ​បាន​ប្រគល់​ទឹក​ដី​របស់​នគរនិង​ជាតិ​សាសន៍​នានា​ដែល​នៅ​ជិត​ខាងមក​ឲ្យ​ពួក​គេ​កាន់​កាប់។ពួក​គេ​ដណ្ដើម​យក​បាន​ទឹក​ដី​របស់​ព្រះ‌បាទ​ស៊ីហុនជា​ស្ដេច​ក្រុង​ហែស‌បូន និង​ទឹក​ដី​របស់​ព្រះ‌បាទ​អុកជា​ស្ដេច​ស្រុក​បាសាន។

23. ព្រះ‌អង្គ​បាន​ធ្វើ​ឲ្យ​កូន​ចៅ​របស់​ពួក​គេកើន​ចំនួន​ច្រើន​ឡើង ដូច​ផ្កាយ​នៅ​លើ​មេឃហើយ​ព្រះ‌អង្គ​នាំ​ពួក​គេ​ចូល​ទៅ​ចាប់​យក​ទឹក​ដីដែល​ព្រះ‌អង្គ​សន្យា​ដល់​បុព្វបុរស​របស់​ពួក​គេថា​នឹង​ឲ្យ​ពួក​គេ​កាន់​កាប់។

24. កូន​ចៅ​របស់​ពួក​គេ​ក៏​ចូល​ទៅ​កាន់​កាប់​ទឹក​ដីព្រះ‌អង្គ​បាន​បង្ក្រាប​ជន‌ជាតិ​កាណានជា​អ្នក​ស្រុក​នោះ នៅ​មុខ​ពួក​គេព្រះ‌អង្គ​បាន​ប្រគល់​ជន‌ជាតិ​នោះ ទាំង​ស្ដេចទាំង​ប្រជា‌ជន មក​ក្នុង​កណ្ដាប់​ដៃ​របស់​ពួក​គេដើម្បី​ឲ្យ​ពួក​គេ​ប្រព្រឹត្ត​តាម​អំពើ​ចិត្ត។

25. ពួក​គេ​ដណ្ដើម​យក​ក្រុង ដែល​មាន​កំពែង​រឹង‌មាំនិង​ទឹក​ដី​ដែល​មាន​ជី‌ជាតិ​ល្អ។ពួក​គេ​ចាប់​យក​បាន​ផ្ទះដែល​មាន​ពេញ​ដោយ​ទ្រព្យ‌សម្បត្តិ​គ្រប់​យ៉ាងព្រម​ទាំង​អណ្ដូង​ទឹក ចម្ការ​ទំពាំង​បាយ‌ជូរចម្ការ​អូលីវ និង​ដើម​ឈើ​ស៊ី​ផ្លែ​គ្រប់​មុខយ៉ាង​ច្រើន​បរិបូណ៌។ពួក​គេ​បរិភោគ​ឆ្អែត មាន​សាច់​មាន​ឈាមហើយ​រស់​នៅ​យ៉ាង​សប្បាយដោយ‌សារ​ព្រះ‌ហឫទ័យ​សប្បុរស​ដ៏​ធំ‌ធេងរបស់​ព្រះ‌អង្គ។

26. ប៉ុន្តែ ក្រោយ​មក ពួក​គេ​បាន​លើក​គ្នា​បះ‌បោរប្រឆាំង​នឹង​ព្រះ‌អង្គពួក​គេ​បោះ​បង់​ចោល​ក្រឹត្យ‌វិន័យ​របស់​ព្រះ‌អង្គហើយ​សម្លាប់​ពួក​ព្យាការីដែល​ដាស់‌តឿន​ពួក​គេ​ឲ្យ​បែរ​ចិត្តមក​រក​ព្រះ‌អង្គ​វិញពួក​គេ​នាំ​គ្នា​ប្រមាថ​ព្រះ‌អង្គ​យ៉ាង​ខ្លាំង។

27. ពេល​នោះ ព្រះ‌អង្គ​ក៏​ប្រគល់​ពួក​គេទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​បច្ចា‌មិត្តហើយ​បច្ចា‌មិត្ត​ជិះ‌ជាន់​សង្កត់‌សង្កិន​ពួក​គេ។ពេល​មាន​អាសន្ន ពួក​គេ​ស្រែក​អង្វរ​ព្រះ‌អង្គព្រះ‌អង្គ​ស្ដាប់​ពួក​គេ​ពី​ស្ថាន​បរម‌សុខ*ហើយ​អាណិត‌អាសូរ​ពួក​គេ​យ៉ាង​ខ្លាំងព្រះ‌អង្គ​ប្រទាន​អ្នក​រំដោះមក​សង្គ្រោះ​ពួក​គេ​ឲ្យ​រួច​ពី​កណ្ដាប់​ដៃរបស់​បច្ចា‌មិត្ត។

28. ពេល​បាន​សុខ​ក្សេម‌ក្សាន្តពួក​គេ​ចាប់​ផ្ដើម​ប្រព្រឹត្ត​អំពើ​អាក្រក់មិន​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌អង្គ​សា​ជា​ថ្មីព្រះ‌អង្គ​ក៏​បោះ​បង់​ចោល​ពួក​គេឲ្យ​ធ្លាក់​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ខ្មាំង​សត្រូវខ្មាំង​សត្រូវ​ក៏​ជិះ‌ជាន់​សង្កត់‌សង្កិន​ពួក​គេ។ពេល​នោះ ពួក​គេ​ស្រែក​អង្វរ​ព្រះ‌អង្គ​សា​ជា​ថ្មីព្រះ‌អង្គ​ស្ដាប់​ពួក​គេ​ពី​ស្ថាន​បរម‌សុខព្រះ‌អង្គ​អាណិត​អាសូរ​ពួក​គេ​យ៉ាង​ខ្លាំងហើយ​ព្រះ‌អង្គ​សង្គ្រោះ​ពួក​គេជា​ច្រើន​លើក​ច្រើន​សា។

29. ព្រះ‌អង្គ​បាន​ដាស់‌តឿន​ពួក​គេ​ឲ្យ​វិល​មកកាន់​តាម​ក្រឹត្យ‌វិន័យ​របស់​ព្រះ‌អង្គ​វិញតែ​ពួក​គេ​មាន​ចិត្ត​រឹង​ចចេសមិន​ព្រម​ស្ដាប់​តាម​បទ‌បញ្ជា​របស់​ព្រះ‌អង្គ​ទេ។វិន័យ​របស់​ព្រះ‌អង្គ​តែងតែ​ផ្ដល់​ជីវិតឲ្យ​មនុស្ស​ដែល​ប្រតិបត្តិ​តាមប៉ុន្តែ ពួក​គេ​បែរ​ជា​ប្រព្រឹត្ត​អំពើ​បាប​ខុសនឹង​វិន័យ​ទាំង​នេះ​វិញ។ពួក​គេ​មាន​ចិត្ត​មានះ និង​រឹង​ចចេសមិន​ព្រម​ស្ដាប់​បង្គាប់​ឡើយ។

30. ព្រះ‌អង្គ​ទ្រាំ‌ទ្រ​នឹង​ពួក​គេ​ជា​ច្រើន​ឆ្នាំព្រះ‌អង្គ​ប្រទាន​ព្រះ‌វិញ្ញាណ​ឲ្យ​មករំឭក​ដាស់‌តឿន​ពួក​គេតាម​រយៈ​ពួក​ព្យាការី​របស់​ព្រះ‌អង្គប៉ុន្តែ ពួក​គេ​មិន​យក​ចិត្ត​ទុក​ដាក់​ស្ដាប់​ឡើយដូច្នេះ ព្រះ‌អង្គ​ក៏​បាន​ប្រគល់​ពួក​គេទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ជន​បរទេស។

សូមអានជំពូកពេញលេញ នេហេ‌មា 9