ជំពូក

  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9
  10. 10
  11. 11
  12. 12
  13. 13

គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

នេហេ‌មា 9 Khmer Standard Version (KHSV)

ប្រជា‌ជន​តម​អាហារ និង​សារភាព​អំពើ​បាប​របស់​ខ្លួន

1. នៅ​ថ្ងៃ​ទី​ម្ភៃ​ក្នុង​ខែ​ដដែល​នោះ ជន‌ជាតិ​អ៊ីស្រា‌អែល​ស្លៀក​បាវ​កាន់​ទុក្ខ និង​រោយ​ដី​លើ​ក្បាល ហើយ​ជួប‌ជុំ​គ្នា​ធ្វើ​ពិធី​តម​អាហារ។

2. អស់​អ្នក​ដែល​ជា​ពូជ‌ពង្ស​អ៊ីស្រា‌អែល បាន​ញែក​ខ្លួន​ចេញ​ពី​សាសន៍​ដទៃ​ទាំង​ប៉ុន្មាន ហើយ​នាំ​គ្នា​ចូល​មក​សារភាព​អំពើ​បាប​របស់​ខ្លួន និង​កំហុស​ដូនតា។

3. បន្ទាប់​មក ពួក​គេ​ក្រោក​ឈរ​ឡើង​តាម​កន្លែង​រៀងៗ​ខ្លួន ហើយ​ស្ដាប់​គម្ពីរ‌វិន័យ​របស់​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​ពួក​គេ ក្នុង​អំឡុង​ពេល​បី​ម៉ោង រួច​បី​ម៉ោង​ទៀត ពួក​គេ​សារភាព​អំពើ​បាប និង​ក្រាប​ថ្វាយ‌បង្គំ​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​ពួក​គេ។

4. លោក​យេសួរ លោក​បានី លោក​កាឌ‌មាល លោក​សេបា‌នា លោក​ប៊ូននី លោក​សេរេ‌ប៊ីយ៉ា លោក​បានី និង​លោក​កេណា‌នី នាំ​គ្នា​ឡើង​ទៅ​លើ​វេទិកា​របស់​ក្រុម​លេវី ហើយ​ស្រែក​ទូល‌អង្វរ​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​ខ្លួន ដោយ​បន្លឺ​សំឡេង​យ៉ាង​ខ្លាំងៗ។

5. បន្ទាប់​មក ក្រុម​លេវី លោក​យេសួរ លោក​កាឌ‌មាល លោក​បានី លោក​ហាសាប‌នា លោក​សេរេ‌ប៊ីយ៉ា លោក​ហូឌា លោក​សេបា‌នា និង​លោក​ពេថា‌ហ៊ីយ៉ា ពោល​ថា៖ «ចូរ​នាំ​គ្នា​ក្រោក​ឡើង លើក​តម្កើង​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា តាំង​ពី​អស់‌កល្ប​រៀង​មក រហូត​ដល់​អស់‌កល្ប​រៀង​ទៅ!»។«បពិត្រ​ព្រះ‌អម្ចាស់ យើង​ខ្ញុំ​សូម​លើក​តម្កើងព្រះ‌នាម​ដ៏​រុងរឿង​របស់​ព្រះ‌អង្គជា​ព្រះ‌នាម​ប្រសើរ​លើស​អ្វីៗ​ទាំង​អស់ដែល​ពុំ​អាច​រក​ពាក្យ​មក​ថ្លែងដើម្បី​លើក​តម្កើង និង​សរសើរ​បាន!

ពាក្យ​អធិស្ឋាន​របស់​ប្រជា‌ជន

6. មាន​តែ​ព្រះ‌អង្គ​ទេ​ដែល​ជា​ព្រះ‌អម្ចាស់ព្រះ‌អង្គ​បាន​បង្កើត​ផ្ទៃ​មេឃព្រម​ទាំង​ផ្ទៃ​មេឃ​ដ៏​ខ្ពស់​បំផុតនិង​ផ្កាយ​ទាំង​ប៉ុន្មាន​ដែល​ស្ថិត​នៅ​លើ​មេឃព្រះ‌អង្គ​ក៏​បាន​បង្កើត​ផែនដីនិង​អ្វីៗ​ទាំង​អស់​នៅ​លើ​ផែនដីសមុទ្រ និង​អ្វីៗ​នៅ​ក្នុង​សមុទ្រ។ព្រះ‌អង្គ​ប្រទាន​ជីវិត​ដល់​អ្វីៗ​សព្វ​សារពើហ្វូង‌តារា​ទាំង​អស់​នៅ​លើ​មេឃនាំ​គ្នា​ក្រាប​ថ្វាយ‌បង្គំ​ព្រះ‌អង្គ

7. ឱ​ព្រះ‌ជា‌អម្ចាស់​អើយ គឺ​ព្រះ‌អង្គ​ហើយដែល​បាន​ជ្រើស​រើស​លោក​អាប់រ៉ាមនិង​នាំ​លោក​ចេញ​ពី​ក្រុង​អ៊ើរ នៅ​ស្រុក​ខាល់ដេហើយ​ព្រះ‌អង្គ​ប្រទាន​នាម​លោក​ថា​អប្រាហាំ។

8. ព្រះ‌អង្គ​ឈ្វេង​យល់​លោក​មានចិត្ត​ស្មោះ​ត្រង់​នឹង​ព្រះ‌អង្គព្រះ‌អង្គ​ក៏​បាន​ចង​សម្ពន្ធ‌មេត្រី​ជា​មួយ​លោកដើម្បី​ប្រគល់​ទឹក​ដី​របស់​ជន‌ជាតិ​កាណានជន‌ជាតិ​ហេត ជន‌ជាតិ​អាម៉ូរី ជន‌ជាតិ​ពេរិ‌ស៊ីតជន‌ជាតិ​យេប៊ូស និង​ជន‌ជាតិ​គើកា‌ស៊ីឲ្យ​ពូជ‌ពង្ស​របស់​លោក។ព្រះ‌អង្គ​បាន​ធ្វើ​តាម​ព្រះ‌បន្ទូល​សន្យាដ្បិត​ព្រះ‌អង្គ​ជា​ព្រះ​ដ៏​សុចរិត។

9. ព្រះ‌អង្គ​ទត​ឃើញ​ទុក្ខ​វេទនា​នៃ​បុព្វបុរសរបស់​យើង​ខ្ញុំ​នៅ​ស្រុក​អេស៊ីបព្រះ‌អង្គ​បាន​ឮ​សម្រែក​របស់​ពួក​គេនៅ​ក្បែរ​សមុទ្រ​កក់។

10. ព្រះ‌អង្គ​បាន​សម្តែង​ទី​សម្គាល់និង​ឫទ្ធិ‌បាដិហារិយ៍​ផ្សេងៗប្រឆាំង​នឹង​ស្ដេច​ផារ៉ោនព្រម​ទាំង​មន្ត្រី​ទាំង​អស់​របស់​ស្ដេចនិង​ប្រជា‌ជន​នៅ​ស្រុក​អេស៊ីប​ទាំង​មូលដ្បិត​ព្រះ‌អង្គ​ជ្រាប​ថា គេ​មាន​ចិត្ត​កោង​កាចធ្វើ​បាប​បុព្វបុរស​របស់​យើង​ខ្ញុំ​យ៉ាង​ណា​ខ្លះ។ព្រះ‌អង្គ​បាន​ធ្វើ​ឲ្យ​ព្រះ‌នាម​របស់​ព្រះ‌អង្គល្បី‌ល្បាញ​រហូត​ដល់​សព្វ​ថ្ងៃ។

11. ព្រះ‌អង្គ​បាន​ញែក​ទឹក​សមុទ្រ​ចេញ​ពី​គ្នានៅ​ចំពោះ​មុខ​បុព្វបុរស​របស់​យើងពួក​គេ​ដើរ​កាត់​បាត​សមុទ្រប៉ុន្តែ ព្រះ‌អង្គ​បាន​ទម្លាក់​អស់​អ្នក​ដែលដេញ​តាម​ពី​ក្រោយ​ពួក​គេ ទៅ​ក្នុង​ទី​ជម្រៅដូច​ដុំ​ថ្ម​ដែល​គេ​បោះ​ទៅ​ក្នុង​មហា‌សាគរ។

12. នៅ​ពេល​ថ្ងៃ ព្រះ‌អង្គ​ដឹក​នាំ​ពួក​គេដោយ​ដុំ​ពពកនៅ​ពេល​យប់ ព្រះ‌អង្គ​បំភ្លឺ​ផ្លូវ​ពួក​គេដោយ​ដុំ​ភ្លើង។

13. ព្រះ‌អង្គ​យាង​ចុះ​មក​លើ​ភ្នំ​ស៊ីណៃព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ពី​លើ​មេឃ មក​ពួក​គេហើយ​ប្រទាន​វិន័យ​ដ៏​ត្រឹម​ត្រូវ ក្រឹត្យ‌វិន័យ*​ដ៏​ពិតព្រម​ទាំង​ច្បាប់ និង​បទ‌បញ្ជា​ផ្សេងៗមក​ឲ្យ​ពួក​គេ។

14. ព្រះ‌អង្គ​ប្រទាន​ឲ្យ​ពួក​គេ​ស្គាល់ថ្ងៃ​សប្ប័ទ*​ដ៏‌វិសុទ្ធ*​របស់​ព្រះ‌អង្គហើយ​ប្រទាន​បទ‌បញ្ជា ច្បាប់ ព្រម​ទាំងក្រឹត្យ‌វិន័យ*​មក​ពួក​គេ តាម​រយៈ​លោក​ម៉ូសេជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គ។

15. នៅ​ពេល​ដែល​ពួក​គេ​ឃ្លាន ព្រះ‌អង្គ​ប្រទានអាហារ​ពី​លើ​មេឃ​មក​ឲ្យ​ពួក​គេនៅ​ពេល​ដែល​ពួក​គេ​ស្រេក​ទឹកព្រះ‌អង្គ​ធ្វើ​ឲ្យ​មាន​ទឹក​ហូរ​ចេញ​ពី​ថ្ម‌ដា។ព្រះ‌អង្គ​បញ្ជា​ពួក​គេ​ឲ្យ​ចូលទៅ​កាន់​កាប់​ទឹក​ដី​ដែល​ព្រះ‌អង្គ​បាន​សន្យាយ៉ាង​ម៉ឺង‌ម៉ាត់​ថា នឹង​ប្រទាន​ឲ្យ​ពួក​គេ។

16. ប៉ុន្តែ ដូនតា​របស់​យើង​ខ្ញុំ​មាន​អំនួតនិង​មាន​ចិត្ត​រឹង​ចចេសពុំ​ព្រម​ស្ដាប់​តាម​បទ‌បញ្ជា​របស់​ព្រះ‌អង្គ​ទេ។

17. ពួក​គេ​បដិសេធ​មិន​ព្រម​ស្ដាប់​បង្គាប់ហើយ​បំភ្លេច​ការ​អស្ចារ្យ​ទាំង​ប៉ុន្មានដែល​ព្រះ‌អង្គ​បាន​ធ្វើ ដើម្បី​ជួយ​ពួក​គេ។ពួក​គេ​បាន​តាំង​ចិត្ត​រឹង​ចចេស ហើយ​បះ‌បោរពួក​គេ​បាន​តែង‌តាំង​មេ​ដឹក​នាំ​ម្នាក់ចង់​វិល​ទៅ​រក​ទាស‌ភាព​វិញ។ប៉ុន្តែ ព្រះ‌អង្គ​ជា​ព្រះ​ដែល​តែងតែ​អត់‌ទោសព្រះ‌អង្គ​ប្រកប​ដោយ​ព្រះ‌ហឫទ័យអាណិត​អាសូរ និង​ប្រណី​សន្ដោសព្រះ‌អង្គ​មាន​ព្រះ‌ហឫទ័យ​អត់‌ធ្មត់និង​ពោរ‌ពេញ​ដោយ​ព្រះ‌ហឫទ័យ​មេត្តា​ករុណាព្រះ‌អង្គ​មិន​បោះ​បង់​ចោល​ពួក​គេ​ឡើយ។

18. ទោះ​បី​ពួក​គេ​សិត​រូប​កូន​គោ​មួយទាំង​ពោល​ថា “នេះ​នែ៎ ព្រះ​របស់​អ្នកដែល​បាន​នាំ​អ្នក​ចេញ​មក​ពី​ស្រុក​អេស៊ីប!”ហើយ​ទោះ​បី​ពួក​គេ​បាន​ប្រមាថព្រះ‌អង្គ​ខ្លាំង​យ៉ាង​ណា​ក្ដី

19. ក៏​ព្រះ‌អង្គ​ពុំ​បាន​បោះ​បង់​ចោល​ពួក​គេនៅ​វាល​រហោ‌ស្ថាន​ឡើយព្រោះ​ព្រះ‌អង្គ​មាន​ព្រះ‌ហឫទ័យ​អាណិត​អាសូរពួក​គេ​យ៉ាង​ខ្លាំង។នៅ​ពេល​ថ្ងៃ ព្រះ‌អង្គ​នៅ​តែ​ដឹក​នាំ​ពួក​គេដោយ​ដុំ​ពពកនៅ​ពេល​យប់ ព្រះ‌អង្គ​នៅ​តែ​បំភ្លឺ​ផ្លូវ​ពួក​គេដោយ​ដុំ​ភ្លើង។

20. ព្រះ‌អង្គ​ប្រទាន​ព្រះ‌វិញ្ញាណ​ដ៏​ល្អរបស់​ព្រះ‌អង្គ មក​ពួក​គេដើម្បី​ឲ្យ​ពួក​គេ​ចេះ​គិត​ពិចារណាព្រះ‌អង្គ​ប្រទាន​នំ​ម៉ាណា​ឲ្យ​ពួក​គេ​បរិភោគព្រម​ទាំង​ប្រទាន​ទឹក​ឲ្យ​ពួក​គេមិន​ដែល​អាក់‌ខាន​ឡើយ។

21. ក្នុង​អំឡុង​ពេល​សែ‌សិប​ឆ្នាំព្រះ‌អង្គ​បាន​ផ្គត់‌ផ្គង់​អ្វីៗ​ទាំង​អស់ដែល​ពួក​គេ​ត្រូវ​ការ​នៅ​វាល​រហោ‌ស្ថានពួក​គេ​មិន​ដែល​ខ្វះ​ខាត​អ្វី​ឡើយសម្លៀក‌បំពាក់​របស់​ពួក​គេ​មិន​រេច‌រឹលហើយ​ជើង​របស់​ពួក​គេ​ក៏​មិន​ហើម​ដែរ។

22. ព្រះ‌អង្គ​បាន​ប្រគល់​ទឹក​ដី​របស់​នគរនិង​ជាតិ​សាសន៍​នានា​ដែល​នៅ​ជិត​ខាងមក​ឲ្យ​ពួក​គេ​កាន់​កាប់។ពួក​គេ​ដណ្ដើម​យក​បាន​ទឹក​ដី​របស់​ព្រះ‌បាទ​ស៊ីហុនជា​ស្ដេច​ក្រុង​ហែស‌បូន និង​ទឹក​ដី​របស់​ព្រះ‌បាទ​អុកជា​ស្ដេច​ស្រុក​បាសាន។

23. ព្រះ‌អង្គ​បាន​ធ្វើ​ឲ្យ​កូន​ចៅ​របស់​ពួក​គេកើន​ចំនួន​ច្រើន​ឡើង ដូច​ផ្កាយ​នៅ​លើ​មេឃហើយ​ព្រះ‌អង្គ​នាំ​ពួក​គេ​ចូល​ទៅ​ចាប់​យក​ទឹក​ដីដែល​ព្រះ‌អង្គ​សន្យា​ដល់​បុព្វបុរស​របស់​ពួក​គេថា​នឹង​ឲ្យ​ពួក​គេ​កាន់​កាប់។

24. កូន​ចៅ​របស់​ពួក​គេ​ក៏​ចូល​ទៅ​កាន់​កាប់​ទឹក​ដីព្រះ‌អង្គ​បាន​បង្ក្រាប​ជន‌ជាតិ​កាណានជា​អ្នក​ស្រុក​នោះ នៅ​មុខ​ពួក​គេព្រះ‌អង្គ​បាន​ប្រគល់​ជន‌ជាតិ​នោះ ទាំង​ស្ដេចទាំង​ប្រជា‌ជន មក​ក្នុង​កណ្ដាប់​ដៃ​របស់​ពួក​គេដើម្បី​ឲ្យ​ពួក​គេ​ប្រព្រឹត្ត​តាម​អំពើ​ចិត្ត។

25. ពួក​គេ​ដណ្ដើម​យក​ក្រុង ដែល​មាន​កំពែង​រឹង‌មាំនិង​ទឹក​ដី​ដែល​មាន​ជី‌ជាតិ​ល្អ។ពួក​គេ​ចាប់​យក​បាន​ផ្ទះដែល​មាន​ពេញ​ដោយ​ទ្រព្យ‌សម្បត្តិ​គ្រប់​យ៉ាងព្រម​ទាំង​អណ្ដូង​ទឹក ចម្ការ​ទំពាំង​បាយ‌ជូរចម្ការ​អូលីវ និង​ដើម​ឈើ​ស៊ី​ផ្លែ​គ្រប់​មុខយ៉ាង​ច្រើន​បរិបូណ៌។ពួក​គេ​បរិភោគ​ឆ្អែត មាន​សាច់​មាន​ឈាមហើយ​រស់​នៅ​យ៉ាង​សប្បាយដោយ‌សារ​ព្រះ‌ហឫទ័យ​សប្បុរស​ដ៏​ធំ‌ធេងរបស់​ព្រះ‌អង្គ។

26. ប៉ុន្តែ ក្រោយ​មក ពួក​គេ​បាន​លើក​គ្នា​បះ‌បោរប្រឆាំង​នឹង​ព្រះ‌អង្គពួក​គេ​បោះ​បង់​ចោល​ក្រឹត្យ‌វិន័យ​របស់​ព្រះ‌អង្គហើយ​សម្លាប់​ពួក​ព្យាការីដែល​ដាស់‌តឿន​ពួក​គេ​ឲ្យ​បែរ​ចិត្តមក​រក​ព្រះ‌អង្គ​វិញពួក​គេ​នាំ​គ្នា​ប្រមាថ​ព្រះ‌អង្គ​យ៉ាង​ខ្លាំង។

27. ពេល​នោះ ព្រះ‌អង្គ​ក៏​ប្រគល់​ពួក​គេទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​បច្ចា‌មិត្តហើយ​បច្ចា‌មិត្ត​ជិះ‌ជាន់​សង្កត់‌សង្កិន​ពួក​គេ។ពេល​មាន​អាសន្ន ពួក​គេ​ស្រែក​អង្វរ​ព្រះ‌អង្គព្រះ‌អង្គ​ស្ដាប់​ពួក​គេ​ពី​ស្ថាន​បរម‌សុខ*ហើយ​អាណិត‌អាសូរ​ពួក​គេ​យ៉ាង​ខ្លាំងព្រះ‌អង្គ​ប្រទាន​អ្នក​រំដោះមក​សង្គ្រោះ​ពួក​គេ​ឲ្យ​រួច​ពី​កណ្ដាប់​ដៃរបស់​បច្ចា‌មិត្ត។

28. ពេល​បាន​សុខ​ក្សេម‌ក្សាន្តពួក​គេ​ចាប់​ផ្ដើម​ប្រព្រឹត្ត​អំពើ​អាក្រក់មិន​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌អង្គ​សា​ជា​ថ្មីព្រះ‌អង្គ​ក៏​បោះ​បង់​ចោល​ពួក​គេឲ្យ​ធ្លាក់​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ខ្មាំង​សត្រូវខ្មាំង​សត្រូវ​ក៏​ជិះ‌ជាន់​សង្កត់‌សង្កិន​ពួក​គេ។ពេល​នោះ ពួក​គេ​ស្រែក​អង្វរ​ព្រះ‌អង្គ​សា​ជា​ថ្មីព្រះ‌អង្គ​ស្ដាប់​ពួក​គេ​ពី​ស្ថាន​បរម‌សុខព្រះ‌អង្គ​អាណិត​អាសូរ​ពួក​គេ​យ៉ាង​ខ្លាំងហើយ​ព្រះ‌អង្គ​សង្គ្រោះ​ពួក​គេជា​ច្រើន​លើក​ច្រើន​សា។

29. ព្រះ‌អង្គ​បាន​ដាស់‌តឿន​ពួក​គេ​ឲ្យ​វិល​មកកាន់​តាម​ក្រឹត្យ‌វិន័យ​របស់​ព្រះ‌អង្គ​វិញតែ​ពួក​គេ​មាន​ចិត្ត​រឹង​ចចេសមិន​ព្រម​ស្ដាប់​តាម​បទ‌បញ្ជា​របស់​ព្រះ‌អង្គ​ទេ។វិន័យ​របស់​ព្រះ‌អង្គ​តែងតែ​ផ្ដល់​ជីវិតឲ្យ​មនុស្ស​ដែល​ប្រតិបត្តិ​តាមប៉ុន្តែ ពួក​គេ​បែរ​ជា​ប្រព្រឹត្ត​អំពើ​បាប​ខុសនឹង​វិន័យ​ទាំង​នេះ​វិញ។ពួក​គេ​មាន​ចិត្ត​មានះ និង​រឹង​ចចេសមិន​ព្រម​ស្ដាប់​បង្គាប់​ឡើយ។

30. ព្រះ‌អង្គ​ទ្រាំ‌ទ្រ​នឹង​ពួក​គេ​ជា​ច្រើន​ឆ្នាំព្រះ‌អង្គ​ប្រទាន​ព្រះ‌វិញ្ញាណ​ឲ្យ​មករំឭក​ដាស់‌តឿន​ពួក​គេតាម​រយៈ​ពួក​ព្យាការី​របស់​ព្រះ‌អង្គប៉ុន្តែ ពួក​គេ​មិន​យក​ចិត្ត​ទុក​ដាក់​ស្ដាប់​ឡើយដូច្នេះ ព្រះ‌អង្គ​ក៏​បាន​ប្រគល់​ពួក​គេទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ជន​បរទេស។

31. ដោយ​ព្រះ‌អង្គ​អាណិត​អាសូរ​ពួក​គេ​យ៉ាង​ខ្លាំងព្រះ‌អង្គ​មិន​លុប​បំបាត់​ពួក​គេឬ​បោះ​បង់​ចោល​ពួក​គេ​ឡើយដ្បិត​ព្រះ‌អង្គ​ជា​ព្រះ​ដែល​មាន​ព្រះ‌ហឫទ័យប្រណី‌សន្ដោស និង​អាណិត​អាសូរ។

32. ឱ​ព្រះ​នៃ​យើង​ខ្ញុំ​អើយ ព្រះ‌អង្គ​ជា​ព្រះ​ដ៏​ឧត្ដមប្រកប​ដោយ​ឫទ្ធា‌នុភាព​គួរ​ឲ្យ​ស្ញែង​ខ្លាចព្រះ‌អង្គ​តែងតែ​រក្សា​សម្ពន្ធ‌មេត្រីហើយ​មាន​ព្រះ‌ហឫទ័យ​មេត្តា​ករុណា​ជា‌និច្ច។ឥឡូវ​នេះ សូម​ទ្រង់​មេត្តា​ទត​មក​យើង​ខ្ញុំដែល​កំពុង​រង​ទុក្ខ​លំបាកគឺ​ស្ដេច​របស់​យើង​ខ្ញុំ មន្ត្រី​របស់​យើង​ខ្ញុំបូជា‌ចារ្យ​របស់​យើង​ខ្ញុំ ព្យាការី​របស់​យើង​ខ្ញុំដូនតា​របស់​យើង​ខ្ញុំនិង​ប្រជា‌ជន​ទាំង​មូល​របស់​ព្រះ‌អង្គចាប់​ពី​ជំនាន់​ស្ដេច​ស្រុក​អាស្ស៊ីរីរហូត​ដល់​សព្វ​ថ្ងៃ​នេះ។

33. ហេតុ‌ការណ៍​ទាំង​ប៉ុន្មានដែល​កើត​មាន​ដល់​យើង​ខ្ញុំ​បញ្ជាក់​ថាព្រះ‌អង្គ​ប្រព្រឹត្ត​ចំពោះ​យើង​ខ្ញុំដោយ​យុត្តិធម៌ និង​សុចរិត​មែនព្រោះ​យើង​ខ្ញុំ​បាន​ធ្វើ​អំពើ​អាក្រក់។

34. ស្ដេច​របស់​យើង​ខ្ញុំ មន្ត្រី​របស់​យើង​ខ្ញុំបូជា‌ចារ្យ​របស់​យើង​ខ្ញុំ និង​ដូនតា​របស់​យើង​ខ្ញុំពុំ​ប្រតិបត្តិ​តាម​ក្រឹត្យ‌វិន័យ​របស់​ព្រះ‌អង្គហើយ​ពួក​គេ​ក៏​ពុំ​យក​ចិត្ត​ទុក​ដាក់​នឹង​បទ‌បញ្ជាឬ​ការ​ព្រមាន​ផ្សេងៗដែល​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​មក​កាន់​ពួក​គេ​ដែរ។

35. នៅ​គ្រា​ដែល​គេ​រស់​ក្នុង​នគរ​របស់​ខ្លួនព្រះ‌អង្គ​ប្រទាន​ឲ្យ​ពួក​គេ​មាន​អ្វីៗ​គ្រប់​យ៉ាងដ៏​សម្បូណ៌​សប្បាយក្នុង​ទឹក​ដី​ដ៏​ទូលំ‌ទូលាយ និង​មាន​ជី‌ជាតិ​ល្អពួក​គេ​ពុំ​ព្រម​គោរព​បម្រើ​ព្រះ‌អង្គ​ទេហើយ​ក៏​ពុំ​ព្រម​ងាក​ចេញ​ពី​អំពើ​អាក្រក់របស់​ខ្លួន​ដែរ។

36. ថ្ងៃ​នេះ យើង​ខ្ញុំ​បាន​ធ្លាក់​ខ្លួន​ជា​ទាសករ!យើង​ខ្ញុំ​ធ្វើ​ជា​ទាសករ​ក្នុង​ស្រុកដែល​ព្រះ‌អង្គ​ប្រទាន​ឲ្យ​បុព្វបុរស​របស់​យើង​ខ្ញុំដើម្បី​ឲ្យ​ពួក​គេ​បរិភោគ‌ផល​ផ្លែនិង​ទទួល​ភោគ​ទ្រព្យ​នៅ​ក្នុង​ស្រុក!

37. ប៉ុន្តែ ភោគ‌ផល​ដ៏​សម្បូណ៌​ហូរ‌ហៀរ​ទាំង​នេះបែរ​ជា​បម្រុង​ទុក​សម្រាប់​ស្ដេច​នានាដែល​ព្រះ‌អង្គ​ឲ្យ​យើង​ខ្ញុំ​ធ្វើ​ជា​ចំណុះព្រោះ​តែ​អំពើ​បាប​របស់​យើង​ខ្ញុំ។គេ​ត្រួត‌ត្រា​លើ​រូប​កាយ​យើង​ខ្ញុំនិង​ប្រើ‌ប្រាស់​សត្វ​ពាហនៈ​របស់​យើង​ខ្ញុំតាម​អំពើ​ចិត្ត​របស់​គេយើង​ខ្ញុំ​រង​ទុក្ខ​វេទនា​ខ្លាំង​ណាស់!»។

ប្រជា‌ជន​សន្យា​ប្រតិបត្តិ​តាម​វិន័យ​របស់​ព្រះ‌អម្ចាស់

38. ដោយ​មាន​ហេតុ‌ការណ៍​កើត​ឡើង​ដូច្នេះ យើង​ក៏​ចុះ​កិច្ច​សន្យា​ជា​លាយ‌លក្ខណ៍​អក្សរ។ នៅ​ក្នុង​ឯក‌សារ​ដែល​មាន​បិទ​ត្រា​នោះ មាន​ចុះ​ហត្ថ‌លេខា​មេ​ដឹក​នាំ​របស់​យើង ព្រម​ទាំង​ក្រុម​លេវី និង​បូជា‌ចារ្យ។