គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

នេហេ‌មា 8:2-13 Khmer Standard Version (KHSV)

2. លោក​បូជា‌ចារ្យ​អែសរ៉ា​ក៏​យក​ក្រឹត្យ‌វិន័យ​មក​ខាង​មុខ​អង្គ​ប្រជុំ ដែល​មាន​ប្រជា‌ជន​ប្រុស​ស្រី និង​ក្មេងៗ ដែល​មាន​វ័យ​អាច​យល់​បាន។ ថ្ងៃ​នោះ​ជា​ថ្ងៃ​ទី​មួយ​នៃ​ខែ​ទី​ប្រាំ‌ពីរ។

3. តាំង​ពី​ព្រឹក​រហូត​ដល់​ថ្ងៃ​ត្រង់ លោក​អែសរ៉ា​អាន​គម្ពីរ‌វិន័យ​នេះ​នៅ​ខាង​មុខ​ព្រលាន ដែល​ស្ថិត​នៅ​ទល់​មុខ​ទ្វារ​គង្គា ឲ្យ​ប្រជា‌ជន​ស្ដាប់ គឺ​ប្រជា‌ជន​ទាំង​ប្រុស ទាំង​ស្រី និង​ក្មេងៗ ដែល​មាន​វ័យ​អាច​យល់​បាន។ ប្រជា‌ជន​ទាំង​មូល​យក​ចិត្ត​ទុក​ដាក់​ស្ដាប់​លោក​អាន​ក្រឹត្យ‌វិន័យ។

4. លោក​អែសរ៉ា ជា​បណ្ឌិត​ខាង​វិន័យ ឈរ​នៅ​លើ​វេទិកា​ឈើ​មួយ ដែល​គេ​បាន​ដំឡើង​សម្រាប់​ពេល​នោះ។ លោក​ម៉ាធិ‌ធា លោក​សេម៉ា លោក​អណា‌យ៉ា លោក​អ៊ូរី‌យ៉ា លោក​ហ៊ីល‌គីយ៉ា និង​លោក​ម៉ាសេ‌យ៉ា ឈរ​នៅ​ខាង​ស្ដាំ​ដៃ​របស់​លោក ហើយ​លោក​ពេដា‌យ៉ា លោក​មីសា‌អែល លោក​ម៉ាល់‌គា លោក​ហាស៊ូម លោក​ហាសបា‌ដាណា លោក​សាកា‌រី និង​លោក​មស៊ូ‌ឡាម ឈរ​នៅ​ខាង​ឆ្វេង​ដៃ​របស់​លោក។

5. លោក​អែសរ៉ា​បើក​គម្ពីរ ហើយ​ប្រជា‌ជន​បាន​ឃើញ​ទាំង​អស់​គ្នា ដ្បិត​លោក​ឈរ​នៅ​ត្រង់​កន្លែង​ខ្ពស់​ជាង​គេ។ ពេល​គម្ពីរ​បើក​ចំហ ប្រជា‌ជន​ទាំង​មូល​ក៏​ក្រោក​ឈរ​ឡើង។

6. លោក​អែសរ៉ា​លើក​តម្កើង​ព្រះ‌អម្ចាស់ ជា​ព្រះ​ដ៏​ឧត្តុង្គ‌ឧត្ដម ហើយ​ប្រជា‌ជន​ទាំង​មូល​ឆ្លើយ​តប​វិញ ទាំង​លើក​ដៃ​ឡើង​លើ​ថា «អាម៉ែន! អាម៉ែន!» រួច​ក្រាប​ថ្វាយ‌បង្គំ​ព្រះ‌អម្ចាស់ អោន​មុខ​ដល់​ដី។

7. លោក​យេសួរ លោក​បានី លោក​សេរេ‌ប៊ីយ៉ា លោក​យ៉ាមីន លោក​អ័ក‌គូប លោក​សាប‌ថាយ លោក​ហូឌា លោក​ម៉ាសេ‌យ៉ា លោក​កេលី‌ថា លោក​អសា‌រា លោក​យ៉ូសា‌បាដ លោក​ហាណាន លោក​ពេឡា‌យ៉ា និង​ក្រុម​លេវី បក​ស្រាយ​ក្រឹត្យ‌វិន័យ​ពន្យល់​ប្រជា‌ជន ហើយ​ប្រជា‌ជន​ឈរ​នៅ​ទី​នោះ។

8. ពួក​គេ​អាន​គម្ពីរ‌វិន័យ​របស់​ព្រះ‌ជាម្ចាស់​យ៉ាង​ច្បាស់ៗ ព្រម​ទាំង​បក​ស្រាយ​អត្ថ‌ន័យ​នៃ​សេចក្ដី ដែល​ពួក​គេ​អាន​នោះ​ឲ្យ​ប្រជា‌ជន​យល់។

9. ពេល​ប្រជា‌ជន​ទាំង​មូល​ឮ​ព្រះ‌បន្ទូល ដែល​មាន​នៅ​ក្នុង​ក្រឹត្យ‌វិន័យ ពួក​គេ​នាំ​គ្នា​យំ។ ដូច្នេះ លោក​ទេសា‌ភិបាល​នេហេមា លោក​បូជា‌ចារ្យ​អែសរ៉ា ជា​បណ្ឌិត​ខាង​វិន័យ និង​ក្រុម​លេវី ដែល​មាន​នាទី​បក​ស្រាយ​ក្រឹត្យ‌វិន័យ ពោល​ទៅ​កាន់​ប្រជា‌ជន​ទាំង​មូល​ថា៖ «ថ្ងៃ​នេះ​ជា​ថ្ងៃ​ដ៏​សក្ការៈ​ថ្វាយ​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា គឺ​មិន​មែន​ជា​ពេល​ដែល​ត្រូវ​កាន់​ទុក្ខ ឬ​សោក​សង្រេង​ឡើយ!»។

10. លោក​អែសរ៉ា​មាន​ប្រសាសន៍​ទៀត​ថា៖ «ចូរ​នាំ​គ្នា​ត្រឡប់​ទៅ​ពិសា​សាច់ និង​ស្រា​ដ៏​ឆ្ងាញ់ៗ ហើយ​យក​មួយ​ចំណែក​ឲ្យ​អស់​អ្នក​ដែល​មិន​ទាន់​រៀបចំ​បរិភោគ​នោះ​ផង ដ្បិត​ថ្ងៃ​នេះ​ជា​ថ្ងៃ​ដ៏​សក្ការៈ​ថ្វាយ​ព្រះ‌អម្ចាស់​នៃ​យើង មិន​ត្រូវ​កើត​ទុក្ខ​ព្រួយ​ឡើយ ព្រោះ​អំណរ​ដែល​មក​ពី​ព្រះ‌អម្ចាស់ ជា​កម្លាំង​របស់​អ្នក​រាល់​គ្នា»។

11. ក្រុម​លេវី​ក៏​លួង‌លោម​ប្រជា‌ជន ដោយ​ពោល​ថា៖ «សូម​បង‌ប្អូន​ឈប់​យំ​ទៅ ដ្បិត​ថ្ងៃ​នេះ​ជា​ថ្ងៃ​ដ៏‌វិសុទ្ធ គឺ​មិន​ត្រូវ​កើត​ទុក្ខ​ឡើយ!»។

12. ប្រជា‌ជន​ទាំង​អស់​នាំ​គ្នា​ចេញ​ទៅ​បរិភោគ​អាហារ និង​ស្រា ហើយ​យក​មួយ​ចំណែក​ឲ្យ​អស់​អ្នក​ដែល​គ្មាន។ ពួក​គេ​សប្បាយ​រីក‌រាយ​យ៉ាង​ខ្លាំង ព្រោះ​តែ​បាន​យល់​ព្រះ‌បន្ទូល​ដែល​គេ​បក​ស្រាយ​ឲ្យ​ស្ដាប់។

13. នៅ​ថ្ងៃ​ទី​ពីរ មេ​ដឹក​នាំ​ក្រុម​គ្រួសារ​របស់​ប្រជា‌ជន​ទាំង​អស់ ព្រម​ទាំង​ក្រុម​បូជា‌ចារ្យ និង​ក្រុម​លេវី​ជួប‌ជុំ​គ្នា​នៅ​ជុំ‌វិញ​លោក​អែសរ៉ា​ជា​បណ្ឌិត​ខាង​វិន័យ ដើម្បី​រិះគិត​អំពី​ព្រះ‌បន្ទូល​ដែល​មាន​ចែង​ទុក​ក្នុង​ក្រឹត្យ‌វិន័យ។

សូមអានជំពូកពេញលេញ នេហេ‌មា 8