គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

នេហេ‌មា 8:14-18 Khmer Standard Version (KHSV)

14. ពួក​គេ​ឃើញ​ក្នុង​ក្រឹត្យ‌វិន័យ​ដែល​ព្រះ‌អម្ចាស់​ប្រទាន​មក​តាម​រយៈ​លោក​ម៉ូសេ​មាន​ចែង​ថា នៅ​ក្នុង​ឱកាស​ពិធី​បុណ្យ​ខែ​ទី​ប្រាំ‌ពីរ ជន‌ជាតិ​អ៊ីស្រា‌អែល​ត្រូវ​រស់​នៅ​ក្នុង​បារាំ*។

15. ពួក​គេ​ត្រូវ​ប្រាប់​ដំណឹង​នេះ​ឲ្យ​ប្រជា‌ជន​ទាំង​អស់​ដឹង​នៅ​តាម​ក្រុង​នានា និង​នៅ​ក្រុង​យេរូ‌សាឡឹម គឺ​ពួក​គេ​ប្រកាស​ថា “ចូរ​នាំ​គ្នា​ទៅ​តាម​ភ្នំ ហើយ​កាច់​មែក​អូលីវ​ស្រុក អូលីវ​ព្រៃ មែក​ចាក មែក​ទន្សែ និង​មែក​ឈើ​ឯ​ទៀតៗ​ដែល​មាន​ស្លឹក​ច្រើន យក​មក​សង់​បារាំ​ដូច​មាន​ចែង​ទុក”។

16. ពេល​នោះ ប្រជា‌ជន​នាំ​គ្នា​ចេញ​ទៅ​កាច់​មែក​ឈើ​យក​មក​សង់​បារាំ នៅ​តាម​សំយាប​ផ្ទះ និង​ទីធ្លា​ផ្ទះ​របស់​ពួក​គេ​រៀងៗ​ខ្លួន ព្រម​ទាំង​សង់​បារាំ នៅ​ទីធ្លា​ព្រះ‌ដំណាក់​របស់​ព្រះ‌ជាម្ចាស់​នៅ​ព្រលាន​ទ្វារ​គង្គា និង​ព្រលាន​ទ្វារ​អេប្រា‌អិម។

17. សហគមន៍​ទាំង​មូល គឺ​អស់​អ្នក​ដែល​ជាប់​ជា​ឈ្លើយ ហើយ​វិល​ត្រឡប់​មក​វិញ​នោះ​នាំ​គ្នា​សង់​បារាំ រួច​ស្នាក់​នៅ​ក្នុង​បារាំ​នោះ។ តាំង​ពី​ជំនាន់​លោក​យ៉ូស្វេ ជា​កូន​របស់​លោក​នូន​រហូត​មក​ទល់​សព្វ​ថ្ងៃ ជន‌ជាតិ​អ៊ីស្រា‌អែល​មិន​ដែល​ធ្វើ​បុណ្យ​បែប​នេះ​ទេ។ ពេល​នោះ ប្រជា‌ជន​មាន​អំណរ​សប្បាយ​ជា​ខ្លាំង។

18. រៀង​រាល់​ថ្ងៃ គឺ​ចាប់​ពី​ថ្ងៃ​ដំបូង​រហូត​ដល់​ថ្ងៃ​បង្ហើយ​បុណ្យ គេ​អាន​ព្រះ‌បន្ទូល​នៅ​ក្នុង​គម្ពីរ‌វិន័យ​របស់​ព្រះ‌ជាម្ចាស់។ គេ​ប្រារព្ធ​ពិធី​បុណ្យ​អស់​រយៈ​ពេល​ប្រាំ‌ពីរ​ថ្ងៃ ហើយ​នៅ​ថ្ងៃ​ទី​ប្រាំ​បី​គេ​ធ្វើ​បុណ្យ​យ៉ាង​ឱឡា‌រិក ស្រប​តាម​វិន័យ​ដែល​មាន​ចែង​ទុក។

សូមអានជំពូកពេញលេញ នេហេ‌មា 8