ជំពូក

  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9
  10. 10
  11. 11
  12. 12
  13. 13

គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

នេហេ‌មា 6 Khmer Standard Version (KHSV)

ខ្មាំង​សត្រូវ​យាយី​សា​ជា​ថ្មី

1. ពេល​លោក​សាន់បា‌ឡាត់ លោក​ថូប៊ី‌យ៉ា លោក​កេសែម ជា​ជន‌ជាតិ​អារ៉ាប់ ព្រម​ទាំង​ខ្មាំង​សត្រូវ​ឯ​ទៀតៗ ទទួល​ដំណឹង​ថា ខ្ញុំ​បាន​សង់​កំពែង​ក្រុង​យេរូ‌សាឡឹម​ឡើង​វិញ រីឯ​កន្លែង​បាក់​បែក​ក៏​បាន​ជួស‌ជុល​ហើយ - នៅ​គ្រា​នោះ ខ្ញុំ​ពុំ​ទាន់​បាន​ដាក់​សន្លឹក​ទ្វារ​ក្រុង​នៅ​ឡើយ -

2. លោក​សាន់បា‌ឡាត់ និង​លោក​កេសែម ក៏​ចាត់​គេ​ឲ្យ​មក​ប្រាប់​ខ្ញុំ​ថា៖ «សូម​អញ្ជើញ​មក​ពិភាក្សា​គ្នា​នៅ​កេភី‌រីម ក្នុង​ជ្រលង​ភ្នំ​អូណូ»។ អ្នក​ទាំង​នោះ​ឃុប‌ឃិត​គ្នា​ប៉ុន‌ប៉ង​ធ្វើ​បាប​ខ្ញុំ។

3. ខ្ញុំ​ចាត់​អ្នក​នាំ​សារ​ឲ្យ​យក​ចម្លើយ​ទៅ​ប្រាប់​ពួក​គេ​វិញ​ថា៖ «ខ្ញុំ​មាន​កិច្ចការ​ដ៏​ច្រើន​ដែល​ត្រូវ​ធ្វើ ខ្ញុំ​មិន​អាច​ចុះ​មក​ជួប​អស់​លោក​បាន​ទេ។ ប្រសិន​បើ​ខ្ញុំ​ចុះ​មក​ជួប​អស់​លោក ការ‌ងារ​មុខ​ជា​ត្រូវ​ផ្អាក​ពុំ‌ខាន»។

4. ពួក​គេ​ចាត់​មនុស្ស​ឲ្យ​នាំ​ពាក្យ​ដដែល​នេះ មក​ប្រាប់​ខ្ញុំ​ដល់​ទៅ​បួន​ដង ខ្ញុំ​ក៏​ផ្ដល់​ចម្លើយ​ដដែល​ទៅ​ពួក​គេ​វិញ។

5. លោក​សាន់បា‌ឡាត់​ចាត់​អ្នក​ជំនិត​របស់​គាត់​ឲ្យ​នាំ​ពាក្យ​ដដែល​មក​ជា​លើក​ទី​ប្រាំ។ អ្នក​នាំ​សារ​នោះ​កាន់​សំបុត្រ​ដែល​បើក​ចំហ​មក​ជា​មួយ​ផង។

6. សំបុត្រ​នោះ​មាន​សេចក្ដី​ដូច​ត​ទៅ៖ «មាន​លេច​ឮ​ដំណឹង​ក្នុង​ចំណោម​ប្រជា‌ជាតិ​នានា​ថា លោក និង​ជន‌ជាតិ​យូដា​មាន​បំណង​បះ‌បោរ ហេតុ​នេះ​ហើយ​បាន​ជា​លោក​សង់​កំពែង​ក្រុង​នេះ​ឡើង។ លោក​កេសែម​បាន​បញ្ជាក់​អំពី​ដំណឹង​នេះ​ដែរ។ គេ​ថា​លោក​ចង់​ឡើង​ធ្វើ​ជា​ស្ដេច​របស់​គេ។

7. លោក​ក៏​បាន​តែង‌តាំង​ពួក​ព្យាការី​ឲ្យ​ប្រកាស​នៅ​ក្រុង​យេរូ‌សាឡឹម ស្ដី​អំពី​រូប​លោក​ថា មាន​ស្ដេច​មួយ​អង្គ​នៅ​ស្រុក​យូដា​ហើយ! ដំណឹង​បែប​នេះ​មុខ​ជា​លេច​ឮ​ទៅ​ដល់​ព្រះចៅ​អធិរាជ​មិន​ខាន។ ដូច្នេះ សូម​អញ្ជើញ​មក យើង​នឹង​ពិភាក្សា​គ្នា»។

8. ខ្ញុំ​ផ្ញើ​ចម្លើយ​ទៅ​គាត់​វិញ​ថា៖ «ពាក្យ​ចចាម‌អារ៉ាម​ដែល​លោក​រៀប​រាប់​នេះ មិន​ពិត​ទាល់​តែ​សោះ គឺ​លោក​ទេ​តើ​ដែល​ប្រឌិត​រឿង​ទាំង​នេះ!»។

9. អ្នក​ទាំង​នោះ​មាន​បំណង​បំភ័យ​ពួក​យើង ដោយ​គិត​ថា​ពួក​យើង​មុខ​ជា​បាក់​ទឹក​ចិត្ត លែង​ធ្វើ​ការ​ត​ទៅ​មុខ​ទៀត។ឱ​ព្រះ‌អម្ចាស់​អើយ សូម​ប្រទាន​កម្លាំង​ឲ្យ​ទូលបង្គំ​ឥឡូវ​នេះ​ផង!

10. ខ្ញុំ​ទៅ​ផ្ទះ​លោក​សេម៉ាយ៉ា ជា​កូន​របស់​លោក​ដេឡា‌យ៉ា និង​ជា​ចៅ​របស់​លោក​មហេ‌ថាបែល ដ្បិត​គាត់​ពុំ​អាច​ចេញ​ពី​ផ្ទះ​បាន​ទេ។ គាត់​ប្រាប់​ខ្ញុំ​ថា៖ «ចូរ​យើង​ទៅ​ព្រះ‌ដំណាក់​របស់​ព្រះ‌ជាម្ចាស់​ជា​មួយ​គ្នា រួច​ចូល​ទៅ​ខាង​ក្នុង​ទី‌សក្ការៈ និង​បិទ​ទ្វារ​យ៉ាង​ជិត ដ្បិត​ពួក​គេ​នាំ​គ្នា​មក​រក​សម្លាប់​លោក នៅ​ពេល​យប់»។

11. ខ្ញុំ​ឆ្លើយ​វិញ​ថា៖ «មនុស្ស​ដូច​ខ្ញុំ​នេះ​មិន​ចេះ​រត់​គេច​ខ្លួន​ទេ! មួយ​វិញ​ទៀត មនុស្ស​ដូច​ខ្ញុំ​នេះ​មិន​អាច​ចូល​ទៅ​ក្នុង​ទី‌សក្ការៈ ហើយ​នៅ​រស់​បាន​ទៀត​ទេ។ ខ្ញុំ​មិន​ចូល​ទៅ​ក្នុង​ព្រះ‌វិហារ​ឡើយ»។

12. ខ្ញុំ​យល់​ឃើញ​ថា ព្រះ‌ជាម្ចាស់​មិន​បាន​ចាត់​គាត់ ឲ្យ​នាំ​ពាក្យ​នេះ​មក​ថ្លែង​ប្រាប់​ខ្ញុំ​ទេ។ គាត់​ពោល​ដូច្នេះ មក​ពី​លោក​សាន់បា‌ឡាត់ និង​លោក​ថូប៊ី‌យ៉ា សូក​គាត់។

13. ពួក​គេ​សូក​គាត់​មក​ពី​គេ​សង្ឃឹម​ថា ខ្ញុំ​នឹង​ភ័យ​ខ្លាច ហើយ​ធ្វើ​តាម​យោបល់​របស់​គាត់ ជា​ហេតុ​នាំ​ឲ្យ​ខ្ញុំ​ប្រព្រឹត្ត​អំពើ​បាប រួច​គេ​នឹង​យក​រឿង​នេះ​ទៅ​បរិហារ ដើម្បី​បង្ខូច​កេរ្តិ៍​ឈ្មោះ​ខ្ញុំ។

14. «ឱ​ព្រះ​នៃ​ទូលបង្គំ​អើយ សូម​នឹក​ចាំ​ពី​អំពើ​ដែល​លោក​ថូប៊ី‌យ៉ា និង​លោក​សាន់បា‌ឡាត់​បាន​ប្រព្រឹត្ត ហើយ​សូម​នឹក​ចាំ​ពី​ព្យាកា‌រិនី​ណូអា‌ឌា និង​ព្យាការី​ឯ​ទៀតៗ ដែល​ចង់​បំភ័យ​ទូលបង្គំ​ដែរ»។

15. កំពែង​ក្រុង​ត្រូវ​បាន​ជួស‌ជុល​ចប់​សព្វ​គ្រប់ នៅ​ថ្ងៃ​ទី​ម្ភៃ​ប្រាំ ខែ​ភទ្របទ គឺ​អស់​រយៈ​ពេល​ហា‌សិប​ពីរ​ថ្ងៃ។

16. ពេល​ខ្មាំង​សត្រូវ​ក្នុង​ចំណោម​ប្រជា‌ជាតិ ដែល​នៅ​ជុំ‌វិញ​យើង ដឹង​ដំណឹង​នេះ ពួក​គេ​នាំ​គ្នា​ភ័យ​ខ្លាច។ ពួក​គេ​បាក់​មុខ ហើយ​យល់​ឃើញ​ថា សំណង់​នេះ​សម្រេច​ជា​រូប​រាង​ឡើង ដោយ‌សារ​ព្រះ​នៃ​យើង​បាន​ជួយ។

17. នៅ​គ្រា​នោះ ពួក​អភិជន​នៅ​ស្រុក​យូដា​តែងតែ​សរសេរ​លិខិត​ឆ្លើយ​ឆ្លង ជា​មួយ​លោក​ថូប៊ី‌យ៉ា​ជា​ញឹក​ញាប់

18. ដ្បិត​មាន​មនុស្ស​ជា​ច្រើន​នៅ​ស្រុក​យូដា​ជាប់​ពាក់‌ព័ន្ធ​ជា​មួយ​គាត់ ដោយ‌សារ​ពាក្យ​សម្បថ ព្រោះ​គាត់​ត្រូវ​ជា​កូន​ប្រសា​របស់​ជន‌ជាតិ​យូដា​ម្នាក់​ឈ្មោះ​សេកា‌នា ជា​កូន​របស់​លោក​អើរ៉ាស ហើយ​លោក​យ៉ូហាណាន​ជា​កូន​ប្រុស​របស់​គាត់ ក៏​បាន​រៀប‌ការ​ជា​មួយ​កូន​ស្រី​របស់​លោក​មស៊ូ‌ឡាម ជា​កូន​របស់​លោក​បេរេ‌គា។

19. អ្នក​ទាំង​នោះ​ចេះ​តែ​និយាយ​សរសើរ​គាត់​នៅ​មុខ​ខ្ញុំ ហើយ​ថែម​ទាំង​នាំ​ពាក្យ​ដែល​ខ្ញុំ​និយាយ យក​ទៅ​ប្រាប់​គាត់​ទៀត​ផង។ លោក​ថូប៊ី‌យ៉ា​តែងតែ​ផ្ញើ​សំបុត្រ​មក​បំភ័យ​ខ្ញុំ។