គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

នេហេ‌មា 4:9-21 Khmer Standard Version (KHSV)

9. ពេល​នោះ យើង​ក៏​ទូល‌អង្វរ​ព្រះ​នៃ​យើង រួច​ចាត់​ចែង​ឲ្យ​មាន​អ្នក​យាម‌ល្បាត​ទាំង​ថ្ងៃ ទាំង​យប់ ដើម្បី​ការពារ​ក្រុង ក្រែង​ពួក​គេ​វាយ​លុក។

10. ប៉ុន្តែ ជន‌ជាតិ​យូដា​ពោល​ថា៖ «កម្លាំង​អ្នក​លី​សែង​កាន់​តែ​ចុះ​អន់‌ថយ​ទៅៗ គំនរ​ថ្ម​ដែល​បាក់​បែក​នោះ​មាន​ច្រើន​ពេក យើង​ពុំ​អាច​សង់​កំពែង​ក្រុង​បាន​ឡើយ»។

11. បច្ចា‌មិត្ត​របស់​ពួក​យើង​ពោល​ថា៖ «ពួក​គេ​មិន​ដឹង​ខ្លួន មិន​ឃើញ​អ្វី​ទាំង​អស់ យើង​នឹង​លប​ចូល​ទៅ​ដល់​កណ្ដាល​ចំណោម​ពួក​គេ ហើយ​សម្លាប់​ពួក​គេ ដើម្បី​បញ្ឈប់​កិច្ចការ​របស់​ពួក​គេ»។

12. ពេល​នោះ ជន‌ជាតិ​យូដា​ដែល​រស់​នៅ​ក្បែរ​ពួក​គេ បាន​នាំ​គ្នា​មក​ប្រាប់​យើង​ដល់​ទៅ​ដប់​ដង​ថា សត្រូវ​លើក​គ្នា​ពី​គ្រប់​ទិស‌ទី​មក​វាយ​ប្រហារ​ពួក​យើង។

13. ហេតុ​នេះ ខ្ញុំ​ក៏​ដាក់​ប្រជា‌ជន​តាម​អំបូរ​របស់​ពួក​គេ ឲ្យ​ឈរ​យាម​នៅ​ពី​ក្រោយ​កំពែង ទាំង​កាន់​ដាវ កាន់​លំពែង និង​ធ្នូ។

14. ពេល​ពិនិត្យ​សព្វ​គ្រប់​ហើយ ខ្ញុំ​ក៏​ក្រោក​ឡើង​ពោល​ទៅ​កាន់​ពួក​អភិជន ពួក​អ្នក​គ្រប់‌គ្រង និង​ប្រជា‌ជន​ឯ​ទៀតៗ​ថា៖ «កុំ​ភ័យ​ខ្លាច​ពួក​គេ​ឡើយ! សូម​ចង​ចាំ​ថា ព្រះ‌អម្ចាស់​ជា​ព្រះ​ដ៏​ឧត្ដុង្គ‌ឧត្ដម​គួរ​ស្ញែង​ខ្លាច។ ដូច្នេះ ចូរ​នាំ​គ្នា​ប្រយុទ្ធ​ការ‌ពារ​បង‌ប្អូន កូន​ប្រុស កូន​ស្រី ភរិយា និង​ផ្ទះ​សំបែង​របស់​អ្នក​រាល់​គ្នា!»។

15. ខ្មាំង​សត្រូវ​ឮ​ថា ពួក​យើង​ដឹង​ខ្លួន ហើយ​ព្រះ‌ជាម្ចាស់​រំលាយ​ផែន‌ការ​របស់​ពួក​គេ។ ពួក​យើង​ក៏​វិល​ទៅ​សង់​កំពែង​ក្រុង តាម​កន្លែង​រៀងៗ​ខ្លួន​វិញ។

16. ចាប់​ពី​ថ្ងៃ​នោះ​មក គ្នា​ខ្ញុំ​ចំនួន​ពាក់​កណ្ដាល​ធ្វើ​កិច្ចការ​សំណង់ ហើយ​ចំនួន​ពាក់​កណ្ដាល​ទៀត​កាន់​លំពែង កាន់​ខែល កាន់​ធ្នូ និង​ប្រដាប់​ការពារ​ខ្លួន។ ពួក​មេ​ដឹក​នាំ​ជួយ​ត្រួត​មើល​កូន​ចៅ​យូដា​ទាំង​អស់​គ្នា។

17. អស់​អ្នក​ដែល​សង់​កំពែង អស់​អ្នក​ដែល​លី​សែង ឬ​ដឹក​ជញ្ជូន ធ្វើ​ការ​ដៃ​ម្ខាង កាន់​អាវុធ​ដៃ​ម្ខាង។

18. រីឯ​អ្នក​បូក​ឥដ្ឋ​វិញ គេ​ស្ពាយ​ដាវ​នៅ​នឹង​ចង្កេះ ហើយ​បំពេញ​ការ‌ងារ​របស់​ខ្លួន។ រីឯ​អ្នក​ផ្លុំ​ស្នែង​ឈរ​នៅ​ក្បែរ​ខ្ញុំ។

19. ខ្ញុំ​ពោល​ទៅ​កាន់​ពួក​អភិជន ពួក​អ្នក​គ្រប់‌គ្រង និង​ប្រជា‌ជន​ឯ​ទៀតៗ​ថា៖ «យើង​នៅ​សល់​កិច្ចការ​ច្រើន​ណាស់ ព្រោះ​កំពែង​វែង ហើយ​យើង​ក៏​នៅ​ឆ្ងាយ​ពី​គ្នា​ទៀត។

20. ហេតុ​នេះ ពេល​អ្នក​រាល់​គ្នា​ឮ​សំឡេង​ស្នែង ចូរ​ប្រមូល​គ្នា​មក​ជិត​យើង។ ព្រះ​របស់​យើង​នឹង​ប្រយុទ្ធ ដើម្បី​យើង​ទាំង​អស់​គ្នា»។

21. យើង​បាន​បន្ត​សំណង់​របស់​យើង​របៀប​នេះ គឺ​ពួក​យើង​ចំនួន​ពាក់​កណ្ដាល​កាន់​លំពែង តាំង​ពី​ព្រលឹម​ទល់​ព្រលប់។

សូមអានជំពូកពេញលេញ នេហេ‌មា 4