គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

នេហេ‌មា 4:1-9 Khmer Standard Version (KHSV)

1. ពេល​លោក​សាន់បា‌ឡាត់​ទទួល​ដំណឹង​ថា ពួក​យើង​ជួស‌ជុល​កំពែង​ក្រុង​ឡើង​វិញ​ដូច្នេះ គាត់​ខឹង​មួ‌ម៉ៅ​ជា​ខ្លាំង។ គាត់​ចំអក​ឲ្យ​ជន‌ជាតិ​យូដា

2. ដោយ​ពោល​នៅ​មុខ​បង‌ប្អូន​របស់​គាត់ និង​ពួក​ទាហាន​ពី​ស្រុក​សាម៉ារី​ថា៖ «តើ​ពួក​យូដា​ដ៏​ទន់​ខ្សោយ​នេះ​នាំ​គ្នា​ធ្វើ​អ្វី? ពួក​គេ​ស្មាន​ថា​ខ្លួន​អាច​សង់​កំពែង​នេះ ហើយ​ធ្វើ​យញ្ញ‌បូជា​ថ្វាយ​ព្រះ​របស់​ខ្លួន​កើត​ឬ? ពួក​គេ​បង្ហើយ​សំណង់​នៅ​ថ្ងៃ​នេះ​កើត​ឬ? ពួក​គេ​អាច​លើក​ថ្ម​ចេញ​ពី​គំនរ​ឥដ្ឋ និង​ចេញ​ពី​ផេះ មក​ដាក់​គរ​លើ​គ្នា​វិញ​កើត​ឬ?»។

3. លោក​ថូប៊ី‌យ៉ា ជា​ជន‌ជាតិ​អាំម៉ូន ដែល​នៅ​ក្បែរ​នោះ ពោល​ឡើង​ថា៖ «ទុក​ឲ្យ​ពួក​គេ​សង់​ទៅ! ពេល​ណា​កញ្ជ្រោង​ឡើង​ពី​លើ នោះ​កំពែង​ថ្ម​មុខ​ជា​រលំ​មិន​ខាន!»។

4. «ឱ​ព្រះ​នៃ​យើង​ខ្ញុំ​អើយ សូម​ព្រះ‌សណ្ដាប់​ចុះ ពួក​គេ​មើល‌ងាយ​យើង​ខ្ញុំ​ខ្លាំង​ណាស់! សូម​ឲ្យ​ពាក្យ​ប្រមាថ​មាក់‌ងាយ​ទាំង​នេះ​ធ្លាក់​ទៅ​លើ​ពួក​គេ​វិញ! សូម​ឲ្យ​ខ្មាំង​សត្រូវ​រឹប​អូស​យក​ទ្រព្យ‌សម្បត្តិ​របស់​ពួក​គេ និង​កៀរ​ពួក​គេ​ទៅ​ជា​ឈ្លើយ

5. សូម​កុំ​លើក‌លែង​ទោស​ពួក​គេ​ឡើយ ហើយ​ក៏​កុំ​លុប​បំបាត់​អំពើ​បាប​របស់​ពួក​គេ ចេញ​ពី​ព្រះ‌ភ័ក្ត្រ​របស់​ព្រះ‌អង្គ​ដែរ ដ្បិត​ពួក​គេ​បាន​ជេរ​ប្រមាថ​យើង​ខ្ញុំ ជា​អ្នក​សង់​កំពែង​ក្រុង​នេះ​ឡើង​វិញ»។

6. ពួក​យើង​នាំ​គ្នា​សង់​កំពែង​ក្រុង​ឡើង​វិញ រហូត​ដល់​បាន​កំពស់​ពាក់​កណ្ដាល ដ្បិត​ប្រជា‌ជន​ខំ​ប្រឹង​ខ្នះ‌ខ្នែង​ធ្វើ​ការ​នេះ​ដោយ​ស្មោះ​អស់​ពី​ចិត្ត។

7. ប៉ុន្តែ ពេល​លោក​សាន់បា‌ឡាត់ លោក​ថូប៊ី‌យ៉ា ព្រម​ទាំង​ជន‌ជាតិ​អារ៉ាប់ ជន‌ជាតិ​អាំម៉ូន និង​អ្នក​ស្រុក​អាស‌ដូឌ ទទួល​ដំណឹង​ថា ការ​ជួស‌ជុល​កំពែង​ក្រុង​យេរូ‌សាឡឹម មាន​ដំណើរ​ការ​ល្អ ហើយ​កន្លែង​ដែល​បាក់​បែក​ចាប់​ផ្ដើម​ភ្ជិត​ឡើង​វិញ នោះ​ពួក​គេ​ខឹង​ជា​ខ្លាំង។

8. ពួក​គេ​លើក​គ្នា​មក​វាយ​លុក​ក្រុង​យេរូ‌សាឡឹម ដើម្បី​បង្ក​ឲ្យ​មាន​ការ​ខូច​ខាត។

9. ពេល​នោះ យើង​ក៏​ទូល‌អង្វរ​ព្រះ​នៃ​យើង រួច​ចាត់​ចែង​ឲ្យ​មាន​អ្នក​យាម‌ល្បាត​ទាំង​ថ្ងៃ ទាំង​យប់ ដើម្បី​ការពារ​ក្រុង ក្រែង​ពួក​គេ​វាយ​លុក។

សូមអានជំពូកពេញលេញ នេហេ‌មា 4