គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

នេហេ‌មា 3:2-16 Khmer Standard Version (KHSV)

2. នៅ​ក្បែរ​ពួក​លោក មាន​អ្នក​ក្រុង​យេរីខូ​នាំ​គ្នា​សង់​មួយ​ផ្នែក​ទៀត ហើយ​បន្ទាប់​មក មាន​លោក​សាគើរ ជា​កូន​របស់​លោក​អ៊ីមរី។

3. កូន​ចៅ​របស់​លោក​សេណា‌អា​នាំ​គ្នា​សង់​ទ្វារ​មច្ឆា។ ពួក​គេ​បាន​ដាក់​ធ្នឹម​ខ្លោង​ទ្វារ និង​សន្លឹក​ទ្វារ ព្រម​ទាំង​គន្លឹះ និង​រនុក​ទៀត​ផង។

4. នៅ​ក្បែរ​ពួក​គេ​មាន​លោក​ម្រេម៉ូត ជា​កូន​របស់​លោក​អ៊ូរី‌យ៉ា និង​ជា​ចៅ​របស់​លោក​ហាកូស ជា​អ្នក​ជួស‌ជុល។ នៅ​ក្បែរ​នោះ មាន​លោក​មស៊ូ‌ឡាម ជា​កូន​របស់​លោក​បេរេ‌គា និង​ជា​ចៅ​របស់​លោក​មសេ‌សាបេល។ បន្ទាប់​មក មាន​លោក​សាដុក ជា​កូន​របស់​លោក​បាណា។

5. នៅ​ក្បែរ​នោះ មាន​អ្នក​ស្រុក​តូអា ប៉ុន្តែ ពួក​អភិជន​របស់​គេ​មិន​ព្រម​ចូល​រួម​ធ្វើ​ការ តាម​បញ្ជា​មេ​ដឹក​នាំ​របស់​ខ្លួន​ឡើយ។

6. លោក​យ៉ូយ៉ា‌ដា ជា​កូន​របស់​លោក​ផាសេ‌ហា និង​លោក​មស៊ូ‌ឡាម ជា​កូន​របស់​លោក​បេសូ‌ឌា នាំ​គ្នា​ជួស‌ជុល​ទ្វារ​ចាស់ ពួក​គេ​បាន​ដាក់​ធ្នឹម​ខ្លោង​ទ្វារ និង​សន្លឹក​ទ្វារ ព្រម​ទាំង​គន្លឹះ និង​រនុក​ទៀត​ផង។

7. នៅ​ក្បែរ​នោះ មាន​លោក​មេឡា‌ទា ជា​អ្នក​ស្រុក​គីបៀន លោក​យ៉ាដោន​អ្នក​ស្រុក​ម៉េរូន ព្រម​ទាំង​អ្នក​ឯ​ទៀតៗ​ពី​ក្រុង​គីបៀន និង​ក្រុង​មីសប៉ា ដែល​ស្ថិត​ក្រោម​ការ​គ្រប់‌គ្រង​របស់​លោក​ទេសា‌ភិបាល របស់​អាណា‌ខេត្ត​នៅ​ខាង​លិច​ទន្លេ​អឺប្រាត។

8. នៅ​ក្បែរ​ពួក​គេ មាន​លោក​អ៊ូ‌ស៊ាល ជា​កូន​របស់​លោក​ហារ‌ហាយ៉ា ដែល​ជា​ជាង​រចនា​គ្រឿង​អលង្ការ ហើយ​បន្ទាប់​មក មាន​លោក​ហាណា‌នា ជា​អ្នក​ផ្សំ​គ្រឿង​ក្រអូប ពួក​គេ​បាន​បង្ហើយ​សំណង់​ក្រុង​យេរូ‌សាឡឹម​រហូត​ដល់​កំពែង​ធំ។

9. លោក​រេផា‌យ៉ា​ធ្វើ​ការ​នៅ​ក្បែរ​ពួក​គេ គាត់​ត្រូវ​ជា​កូន​របស់​លោក​ហ៊ើរ និង​ជា​អភិបាល​ក្រុង​យេរូ‌សាឡឹម​មួយ​ចំហៀង។

10. បន្ទាប់​មក មាន​លោក​យ៉ាដា‌យ៉ា ជា​កូន​របស់​លោក​ហារូ‌ម៉ាប​ធ្វើ​ការ​ផ្នែក​ដែល​នៅ​ខាង​មុខ​ផ្ទះ​គាត់។ លោក​ហាធូស ជា​កូន​របស់​លោក​ហាសាប‌នា​ធ្វើ​ការ​នៅ​ក្បែរ​គាត់។

11. លោក​ម៉ាល់‌គា​ជា​កូន​របស់​លោក​ហារីម និង​លោក​ហាស៊ូប ជា​កូន​របស់​លោក​ផាហាត-‌ម៉ូអាប់ ជួស‌ជុល​កំពែង​ក្រុង​មួយ​ផ្នែក​ទៀត ព្រម​ទាំង​ប៉ម​ឡ​ភ្លើង។

12. នៅ​ក្បែរ​ពួក​គេ​មាន​លោក​សាលូម ជា​កូន​របស់​លោក​ហាឡូ‌ហេស និង​ជា​អភិបាល​ក្រុង​យេរូ‌សាឡឹម​មួយ​ចំហៀង​ទៀត ធ្វើ​ការ​ជា​មួយ​កូន​ស្រីៗ​របស់​គាត់។

13. លោក​ហានូន និង​អ្នក​ស្រុក​សាណូ‌អា នាំ​គ្នា​ជួស‌ជុល​ទ្វារ​ជ្រលង​ភ្នំ។ ពួក​គេ​សង់​ខ្លោង​ទ្វារ ហើយ​ដាក់​សន្លឹក​ទ្វារ ព្រម​ទាំង​គន្លឹះ និង​រនុក។ លើស​ពី​នោះ ពួក​គេ​បាន​សង់​កំពែង​ក្រុង​ប្រវែង​មួយ​ពាន់​ហត្ថ រហូត​ដល់​ទ្វារ​សំរាម។

14. លោក​ម៉ាល់គា​ជា​កូន​របស់​លោក​រេកាប និង​ជា​ចៅហ្វាយ​ស្រុក​បេតហា‌កេរែម ជា​អ្នក​ជួស‌ជុល​ទ្វារ​សំរាម។ គាត់​បាន​សង់​ខ្លោង​ទ្វារ ហើយ​ដាក់​សន្លឹក​ទ្វារ ព្រម​ទាំង​គន្លឹះ និង​រនុក។

15. លោក​សាលូន ជា​កូន​របស់​លោក​កុល-‌ហូសេ និង​ជា​ចៅហ្វាយ​ស្រុក​មីសប៉ា ជួស‌ជុល​ទ្វារ​ប្រភព​ទឹក។ គាត់​បាន​សង់​ខ្លោង​ទ្វារ ហើយ​ប្រក់​ដំបូល ដាក់​សន្លឹក​ទ្វារ ព្រម​ទាំង​គន្លឹះ និង​រនុក។ លើស​ពី​នោះ គាត់​បាន​ជួស‌ជុល​កំពែង​ស្រះ​ស៊ីឡោម ដែល​នៅ​ក្បែរ​ឧទ្យាន​ហ្លួង រហូត​ដល់​ជណ្ដើរ​ចុះ​មក​ពី​បុរី​ព្រះ‌បាទ​ដាវីឌ។

16. បន្ទាប់​ពី​គាត់ មាន​លោក​នេហេមា ជា​កូន​របស់​លោក​អាស‌ប៊ូក និង​ជា​ចៅ​សង្កាត់​បេត-‌ស៊ើរ មួយ​ចំហៀង គាត់​ជួស‌ជុល​រហូត​ដល់​ខាង​មុខ​ផ្នូរ​របស់​ព្រះ‌បាទ​ដាវីឌ និង​រហូត​ដល់​ស្រះ ព្រម​ទាំង​បន្ទាយ​របស់​ពួក​វីរ‌ជន។

សូមអានជំពូកពេញលេញ នេហេ‌មា 3