1. នៅគ្រានោះ លោកអេលីយ៉ាស៊ីប ជាមហាបូជាចារ្យ បានក្រោកឡើងជាមួយបូជាចារ្យឯទៀតៗ ដែលជាបងប្អូនរបស់លោក ហើយនាំគ្នាសង់ទ្វារចៀមឡើង។ ពួកគេបានធ្វើពិធីញែកទ្វារនោះ ជាសក្ការៈនៅពេលដាក់សន្លឹកទ្វារ ពួកគេក៏ធ្វើពិធីញែកកំពែងក្រុងត្រង់នោះជាសក្ការៈ ចាប់ពីប៉មហាមេអារហូតដល់ប៉មហាណានាលដែរ។
2. នៅក្បែរពួកលោក មានអ្នកក្រុងយេរីខូនាំគ្នាសង់មួយផ្នែកទៀត ហើយបន្ទាប់មក មានលោកសាគើរ ជាកូនរបស់លោកអ៊ីមរី។
3. កូនចៅរបស់លោកសេណាអានាំគ្នាសង់ទ្វារមច្ឆា។ ពួកគេបានដាក់ធ្នឹមខ្លោងទ្វារ និងសន្លឹកទ្វារ ព្រមទាំងគន្លឹះ និងរនុកទៀតផង។
4. នៅក្បែរពួកគេមានលោកម្រេម៉ូត ជាកូនរបស់លោកអ៊ូរីយ៉ា និងជាចៅរបស់លោកហាកូស ជាអ្នកជួសជុល។ នៅក្បែរនោះ មានលោកមស៊ូឡាម ជាកូនរបស់លោកបេរេគា និងជាចៅរបស់លោកមសេសាបេល។ បន្ទាប់មក មានលោកសាដុក ជាកូនរបស់លោកបាណា។
5. នៅក្បែរនោះ មានអ្នកស្រុកតូអា ប៉ុន្តែ ពួកអភិជនរបស់គេមិនព្រមចូលរួមធ្វើការ តាមបញ្ជាមេដឹកនាំរបស់ខ្លួនឡើយ។