គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

នេហេ‌មា 2:7-16 Khmer Standard Version (KHSV)

7. បន្ទាប់​មក ខ្ញុំ​ទូល​ព្រះចៅ​អធិរាជ​ទៀត​ថា៖ «ប្រសិន​បើ​ព្រះ‌ករុណា​សព្វ​ព្រះ‌ហឫទ័យ សូម​ប្រទាន​រាជ‌សារ​ឲ្យ​ទូលបង្គំ​យក​ទៅ​ជូន​អស់​លោក​ទេសា‌ភិបាល​អាណា‌ខេត្ត​នានា ដែល​នៅ​ខាង​លិច​ទន្លេ​អឺប្រាត ដើម្បី​អនុញ្ញាត​ឲ្យ​ទូលបង្គំ​ធ្វើ​ដំណើរ រហូត​ដល់​ស្រុក​យូដា

8. ហើយ​រាជ‌សារ​មួយ​ទៀត​ជូន​លោក​អេសាភ ដែល​ជា​មេ​ព្រៃ​របស់​ព្រះ‌ករុណា ដើម្បី​ឲ្យ​គាត់​ផ្ដល់​ឈើ​មក​ទូលបង្គំ សង់​ខ្លោង​ទ្វារ​បន្ទាយ​ដែល​នៅ​ក្បែរ​ព្រះ‌ដំណាក់ និង​សង់​កំពែង​ក្រុង ព្រម​ទាំង​សង់​ផ្ទះ​ដែល​ទូលបង្គំ​ត្រូវ​ស្នាក់​នៅ»។ព្រះចៅ​អធិរាជ​ប្រទាន​រាជ‌សារ​តាម​សំណូម‌ពរ​របស់​ខ្ញុំ ដ្បិត​ព្រះ​ដ៏​សប្បុរស​របស់​ខ្ញុំ​បាន​ដាក់​ព្រះ‌ហស្ដ​លើ​ខ្ញុំ។

9. ខ្ញុំ​បាន​ទៅ​ជួប​អស់​លោក​ទេសា‌ភិបាល​អាណា‌ខេត្ត​នានា ដែល​នៅ​ខាង​លិច​ទន្លេ​អឺប្រាត ហើយ​ប្រគល់​សារ​របស់​ព្រះចៅ​អធិរាជ​ជូន​ពួក​លោក។ ព្រះចៅ​អធិរាជ​បាន​ចាត់​នាយ​ទាហាន និង​កង‌ពល​សេះ ឲ្យ​ជូន​ដំណើរ​ខ្ញុំ​ដែរ។

10. ពេល​លោក​សាន់បា‌ឡាត់ ជា​អ្នក​ស្រុក​ហូរ៉ូ‌ណែម និង​លោក​ថូប៊ី‌យ៉ា ជា​មន្ត្រី​សាសន៍​អាំម៉ូន ដឹង​ដំណឹង​នេះ ពួក​គេ​មិន​សប្បាយ​ចិត្ត​ទេ ព្រោះ​ឃើញ​មនុស្ស​ម្នាក់​មក​រក​ផល​ប្រយោជន៍​ឲ្យ​ជន‌ជាតិ​អ៊ីស្រា‌អែល។

11. ខ្ញុំ​បាន​ទៅ​ដល់​ក្រុង​យេរូ‌សាឡឹម ហើយ​ស្នាក់​នៅ​ទី​នោះ​ចំនួន​បី​ថ្ងៃ។

12. បន្ទាប់​មក ខ្ញុំ​ក្រោក​នៅ​ពេល​យប់ ហើយ​នាំ​អ្នក​ខ្លះ​ទៅ​ជា​មួយ តែ​ខ្ញុំ​ពុំ​បាន​ប្រាប់​ឲ្យ​នរណា​ដឹង​អំពី​គម្រោង‌ការ ដែល​ព្រះ​របស់​ខ្ញុំ​បណ្ដាល​ចិត្ត​ខ្ញុំ ឲ្យ​គិត‌គូរ​ធ្វើ​ចំពោះ​ក្រុង​យេរូ‌សាឡឹម​ឡើយ។ ក្រៅ​ពី​សត្វ​លា​ដែល​ខ្ញុំ​ជិះ គ្មាន​សត្វ​ណា​ផ្សេង​ទៀត​នៅ​ជា​មួយ​ខ្ញុំ​ទេ។

13. នៅ​ពេល​យប់ ខ្ញុំ​ចាក​ចេញ​ពី​ក្រុង តាម​ទ្វារ​ជ្រលង​ភ្នំ តម្រង់​ទៅ​ប្រភព​ទឹក​នាគ​រាជ និង​ទ្វារ​សំរាម។ ខ្ញុំ​ពិនិត្យ​មើល​កំពែង​ក្រុង​យេរូ‌សាឡឹម ត្រង់​កន្លែង​បាក់​បែក ព្រម​ទាំង​ទ្វារ​ក្រុង​ដែល​ត្រូវ​ភ្លើង​ឆេះ។

14. ខ្ញុំ​បាន​ទៅ​ជិត​ទ្វារ​ប្រភព​ទឹក និង​ស្រះ​ហ្លួង ប៉ុន្តែ គ្មាន​ច្រក​អាច​ឲ្យ​សត្វ​ដែល​ខ្ញុំ​ជិះ​នោះ ដើរ​ទៅ​មុខ​ទៀត​បាន​ឡើយ។

15. ដូច្នេះ ខ្ញុំ​ក៏​ឡើង​តាម​ជ្រោះ​ទៅ ទាំង​យប់ ដើម្បី​ពិនិត្យ​មើល​កំពែង​ក្រុង រួច​ខ្ញុំ​វិល​ត្រឡប់​មក​វិញ ដោយ​ចូល​តាម​ទ្វារ​ជ្រលង​ភ្នំ។

16. ពួក​អ្នក​គ្រប់‌គ្រង​ក្រុង​ពុំ​បាន​ដឹង​ថា ខ្ញុំ​ទៅ​ទី​ណា ហើយ​ខ្ញុំ​ធ្វើ​អ្វី​ទេ។ មក​ទល់​ពេល​នេះ ខ្ញុំ​ពុំ​បាន​ប្រាប់​ប្រជា‌ជន​យូដា​ពួក​បូជា‌ចារ្យ ពួក​អភិជន ពួក​អ្នក​គ្រប់‌គ្រង ឬ​មេ​ជាង​សំណង់​ឯ​ទៀតៗ ឲ្យ​ដឹង​ពី​គម្រោង‌ការ​របស់​ខ្ញុំ​ឡើយ។

សូមអានជំពូកពេញលេញ នេហេ‌មា 2