គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

នេហេ‌មា 2:1-9 Khmer Standard Version (KHSV)

1. នៅ​ខែ​ចេត្រ ក្នុង​ឆ្នាំ​ទី​ម្ភៃ​នៃ​រជ្ជ‌កាល​ព្រះចៅ​អើថា‌ស៊ើកសេស ក្នុង​ពេល​ដែល​ស្ដេច​កំពុង​សោយ​ព្រះ‌ស្ងោយ ខ្ញុំ​បាន​យក​ស្រា​ចាក់​ថ្វាយ​ស្ដេច។ ខ្ញុំ​ពុំ​ធ្លាប់​មាន​ទឹក​មុខ​ក្រៀម‌ក្រំ​បែប​នេះ នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ស្ដេច​ឡើយ។

2. ព្រះចៅ​អធិរាជ​សួរ​ខ្ញុំ​ថា៖ «លោក​គ្មាន​ជំងឺ​ទាល់​តែ​សោះ ហេតុ​អ្វី​បាន​ជា​លោក​មាន​ទឹក​មុខ​ក្រៀម‌ក្រំ​បែប​នេះ តើ​លោក​ពិបាក​ចិត្ត​រឿង​អ្វី?»។ ពេល​នោះ ខ្ញុំ​ភ័យ​ខ្លាច​ជា​ខ្លាំង។

3. ខ្ញុំ​ទូល​ព្រះចៅ​អធិរាជ​វិញ​ថា៖ «សូម​ឲ្យ​ព្រះ‌ករុណា​មាន​ព្រះ‌ជន្ម​គង់​នៅ​ជា​ដរាប​ត​រៀង​ទៅ! តើ​មិន​ឲ្យ​ទូលបង្គំ​មាន​ទឹក​មុខ​ក្រៀម‌ក្រំ​ដូច​ម្ដេច​បាន បើ​ក្រុង​ដែល​មាន​ផ្នូរ​បុព្វបុរស​របស់​ទូលបង្គំ នៅ​បាក់​បែក រីឯ​ទ្វារ​ក្រុង ក៏​ត្រូវ​ភ្លើង​ឆេះ​អស់​ទៅ​ហើយ»។

4. ព្រះចៅ​អធិរាជ​មាន​រាជ‌ឱង្ការ​មក​ខ្ញុំ​ថា៖ «តើ​លោក​ចង់​សុំ​អ្វី​ពី​យើង?»។ពេល​នោះ ខ្ញុំ​ក៏​អធិស្ឋាន​ដល់​ព្រះ​នៃ​ស្ថាន​បរម‌សុខ

5. រួច​ខ្ញុំ​ទូល​ស្ដេច​វិញ​ថា៖ «ប្រសិន​បើ​ព្រះ‌ករុណា​សព្វ​ព្រះ‌ហឫទ័យ ហើយ​បើ​ព្រះ‌អង្គ​ប្រណី‌សន្ដោស​ដល់​ទូលបង្គំ​មែន​នោះ សូម​ចាត់​ទូលបង្គំ​ឲ្យ​ទៅ​ស្រុក​យូដា គឺ​ទៅ​ក្រុង​ដែល​មាន​ផ្នូរ​បុព្វបុរស​របស់​ទូលបង្គំ ដើម្បី​សង់​ក្រុង​នោះ​ឡើង​វិញ​ផង»។

6. ព្រះ‌រាជា​ដោយ​មាន​ព្រះ‌មហេសី​គង់​នៅ​ក្បែរ​ផង សួរ​ខ្ញុំ​ទៀត​ថា៖ «តើ​លោក​ត្រូវ​ការ​រយៈ​ពេល​ប៉ុន្មាន ដើម្បី​ធ្វើ​ដំណើរ​ទៅ ហើយ​អង្កាល់​ទើប​លោក​ត្រឡប់​មក​វិញ?»។ ខ្ញុំ​ទូល​ព្រះចៅ​អធិរាជ​ពី​ពេល​វេលា​ដែល​ខ្ញុំ​ត្រូវ​ត្រឡប់​មក​វិញ ហើយ​ស្ដេច​ក៏​យល់​ព្រម​ឲ្យ​ខ្ញុំ​ចេញ​ដំណើរ។

7. បន្ទាប់​មក ខ្ញុំ​ទូល​ព្រះចៅ​អធិរាជ​ទៀត​ថា៖ «ប្រសិន​បើ​ព្រះ‌ករុណា​សព្វ​ព្រះ‌ហឫទ័យ សូម​ប្រទាន​រាជ‌សារ​ឲ្យ​ទូលបង្គំ​យក​ទៅ​ជូន​អស់​លោក​ទេសា‌ភិបាល​អាណា‌ខេត្ត​នានា ដែល​នៅ​ខាង​លិច​ទន្លេ​អឺប្រាត ដើម្បី​អនុញ្ញាត​ឲ្យ​ទូលបង្គំ​ធ្វើ​ដំណើរ រហូត​ដល់​ស្រុក​យូដា

8. ហើយ​រាជ‌សារ​មួយ​ទៀត​ជូន​លោក​អេសាភ ដែល​ជា​មេ​ព្រៃ​របស់​ព្រះ‌ករុណា ដើម្បី​ឲ្យ​គាត់​ផ្ដល់​ឈើ​មក​ទូលបង្គំ សង់​ខ្លោង​ទ្វារ​បន្ទាយ​ដែល​នៅ​ក្បែរ​ព្រះ‌ដំណាក់ និង​សង់​កំពែង​ក្រុង ព្រម​ទាំង​សង់​ផ្ទះ​ដែល​ទូលបង្គំ​ត្រូវ​ស្នាក់​នៅ»។ព្រះចៅ​អធិរាជ​ប្រទាន​រាជ‌សារ​តាម​សំណូម‌ពរ​របស់​ខ្ញុំ ដ្បិត​ព្រះ​ដ៏​សប្បុរស​របស់​ខ្ញុំ​បាន​ដាក់​ព្រះ‌ហស្ដ​លើ​ខ្ញុំ។

9. ខ្ញុំ​បាន​ទៅ​ជួប​អស់​លោក​ទេសា‌ភិបាល​អាណា‌ខេត្ត​នានា ដែល​នៅ​ខាង​លិច​ទន្លេ​អឺប្រាត ហើយ​ប្រគល់​សារ​របស់​ព្រះចៅ​អធិរាជ​ជូន​ពួក​លោក។ ព្រះចៅ​អធិរាជ​បាន​ចាត់​នាយ​ទាហាន និង​កង‌ពល​សេះ ឲ្យ​ជូន​ដំណើរ​ខ្ញុំ​ដែរ។

សូមអានជំពូកពេញលេញ នេហេ‌មា 2