គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

នេហេ‌មា 13:19-31 Khmer Standard Version (KHSV)

19. បន្ទាប់​មក ខ្ញុំ​បញ្ជា​ឲ្យ​គេ​ខ្ទាស់​ទ្វារ​ក្រុង នៅ​ល្ងាច​ផ្ដើម​ថ្ងៃ​សប្ប័ទ ហើយ​ខ្ញុំ​ប្រាប់​ឲ្យ​គេ​បើក​ទ្វារ​វិញ ក្រោយ​ថ្ងៃ​សប្ប័ទ។ ខ្ញុំ​ដាក់​សហការី​របស់​ខ្ញុំ​មួយ​ចំនួន​ឲ្យ​យាម​មាត់​ទ្វារ​ក្រុង ដើម្បី​កុំ​ឲ្យ​នរណា​ដឹក​អ្វី​ចូល​ទីក្រុង​នៅ​ថ្ងៃ​សប្ប័ទ​ឡើយ។

20. ដូច្នេះ អ្នក​ជំនួញ និង​អ្នក​លក់​ដូរ​ទំនិញ​គ្រប់​យ៉ាង ត្រូវ​តែ​នៅ​ខាង​ក្រៅ​ក្រុង​យេរូ‌សាឡឹម មួយ​យប់ ឬ​ពីរ​យប់។

21. ខ្ញុំ​ព្រមាន​ពួក​គេ​ថា៖ «ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​នៅ​ខាង​មុខ​កំពែង​ក្រុង​ដូច្នេះ? ប្រសិន​បើ​អ្នក​រាល់​គ្នា​ធ្វើ​បែប​នេះ​ទៀត ខ្ញុំ​នឹង​ចាប់​ខ្លួន​អ្នក​រាល់​គ្នា​ជា​មិន​ខាន»។ ចាប់​ពី​ពេល​នោះ ពួក​គេ​លែង​ធ្វើ​ដំណើរ​មក​ក្រុង​យេរូ‌សាឡឹម នៅ​ថ្ងៃ​សប្ប័ទ​ទៀត​ហើយ។

22. ខ្ញុំ​បាន​ប្រាប់​ក្រុម​លេវី​ឲ្យ​ធ្វើ​ពិធី​ជម្រះ​កាយ រួច​មក​យាម​ទ្វារ​នៅ​ថ្ងៃ​សប្ប័ទ ដើម្បី​ញែក​ថ្ងៃ​នោះ​ជា​ថ្ងៃ​វិសុទ្ធ។ ឱ​ព្រះ​នៃ​ទូលបង្គំ​អើយ ហេតុ​នេះ សូម​នឹក​ចាំ​ពី​ទូលបង្គំ សូម​អាណិត​មេត្តា​ទូលបង្គំ ដោយ​ព្រះ‌ហឫទ័យ​សប្បុរស​ដ៏​ធំ‌ធេង​របស់​ព្រះ‌អង្គ។

23. នៅ​គ្រា​ដដែល​នោះ ខ្ញុំ​សង្កេត​ឃើញ​ជន‌ជាតិ​យូដា​មួយ​ចំនួន រៀប‌ការ​ជា​មួយ​ស្ត្រី​មក​ពី​ក្រុង​អាស‌ដូឌ ស្ត្រី​សាសន៍​អាំម៉ូន និង​ស្ត្រី​សាសន៍​ម៉ូអាប់។

24. កូន​របស់​ពួក​គេ​ចំនួន​ពាក់​កណ្ដាល​និយាយ​ភាសា​អាស‌ដូឌ គឺ​មិន​ចេះ​និយាយ​ភាសា​យូដា​ទេ ពួក​គេ​ចេះ​និយាយ​តែ​ភាសា​របស់​ជន‌ជាតិ​ដទៃ​ប៉ុណ្ណោះ។

25. ខ្ញុំ​បាន​ស្ដី​បន្ទោស​អ្នក​ទាំង​នោះ និង​ខ្ញុំ​ដាក់​បណ្ដាសា​ពួក​គេ ខ្ញុំ​បាន​វាយ​អ្នក​ខ្លះ ព្រម​ទាំង​ទាញ​សក់​ពួក​គេ ហើយ​ឲ្យ​ពួក​គេ​ស្បថ​ក្នុង​ព្រះ‌នាម​ព្រះ‌ជាម្ចាស់ ដោយ​ពោល​ថា៖ «អ្នក​រាល់​គ្នា​មិន​ត្រូវ​លើក​កូន​ស្រី​ឲ្យ​សាសន៍​ដទៃ និង​ដណ្ដឹង​កូន​ស្រី​របស់​សាសន៍​ដទៃ ឲ្យ​កូន​ប្រុស​របស់​ខ្លួន​ឡើយ។

26. ព្រោះ​តែ​បញ្ហា​នេះ​ហើយ​ដែល​ព្រះ‌បាទ​សាឡូម៉ូន ជា​ស្ដេច​ស្រុក​អ៊ីស្រា‌អែល បាន​ប្រព្រឹត្ត​អំពើ​បាប។ ក្នុង​ចំណោម​ស្ដេច​របស់​ជាតិ​សាសន៍​ទាំង​អស់ គ្មាន​ស្ដេច​ណា​មួយ​ដូច​ព្រះ‌បាទ​សាឡូម៉ូន​ទេ។ ព្រះ‌ជាម្ចាស់​ស្រឡាញ់​ព្រះ‌បាទ​សាឡូម៉ូន ព្រះ‌អង្គ​បាន​តែង‌តាំង​ស្ដេច​ឲ្យ​គ្រង​រាជ្យ​លើ​ជន‌ជាតិ​អ៊ីស្រា‌អែល​ទាំង​មូល ប៉ុន្តែ ស្ត្រី​សាសន៍​ដទៃ​អូស​ទាញ​ស្ដេច​ឲ្យ​ប្រព្រឹត្ត​អំពើ​បាប។

27. ដូច្នេះ យើង​មិន​ចង់​ឮ​ដំណឹង​ថា អ្នក​រាល់​គ្នា​ផ្ទាល់​ប្រព្រឹត្ត​អំពើ​បាប​យ៉ាង​ធ្ងន់ ហើយ​ក្បត់​នឹង​ព្រះ​នៃ​យើង ដោយ​រៀប‌ការ​ជា​មួយ​ស្ត្រី​សាសន៍​ដទៃ​ឡើយ»។

28. លោក​យ៉ូយ៉ា‌ដា​ជា​កូន​របស់​លោក​មហា​បូជា‌ចារ្យ​អេលីយ៉ាស៊ីប មាន​កូន​ប្រុស​ម្នាក់​ត្រូវ​ជា​កូន​ប្រសា​របស់​លោក​សាន់បា‌ឡាត់ ជា​អ្នក​ស្រុក​ហូរ៉ូ‌ណែម។ ខ្ញុំ​បាន​ដេញ​អ្នក​នោះ​ចេញ​ឆ្ងាយ​ពី​ខ្ញុំ។

29. ឱ​ព្រះ​នៃ​ទូលបង្គំ​អើយ សូម​នឹក​ចាំ​ពី​អ្នក​ទាំង​នោះ ដែល​បាន​ធ្វើ​ឲ្យ​មុខ‌ងារ​របស់​ខ្លួន​ជា​បូជា‌ចារ្យ​ទៅ​ជា​សៅ‌ហ្មង ហើយ​ធ្វើ​ឲ្យ​សម្ពន្ធ‌មេត្រី​ដែល​ព្រះ‌អង្គ​បាន​ចង​ជា​មួយ​ក្រុម​បូជា‌ចារ្យ និង​ក្រុម​លេវី ទៅ​ជា​ស្មៅ‌ហ្មង​ដែរ។

30. ខ្ញុំ​បាន​ជម្រះ​ពួក​គេ​ឲ្យ​ដាច់​ស្រឡះ​ពី​ជន​បរទេស ហើយ​ខ្ញុំ​បាន​ចេញ​ច្បាប់​ឲ្យ​ក្រុម​បូជា‌ចារ្យ និង​ក្រុម​លេវី អនុវត្ត ស្រប​តាម​មុខ‌ងារ​របស់​ខ្លួន។

31. ខ្ញុំ​បាន​ចាត់​ចែង​ឲ្យ​ប្រជា‌ជន​យក​អុស​មក​ថ្វាយ​តាម​ពេល​កំណត់ ព្រម​ទាំង​តង្វាយ​ដែល​ជា​ផល​ដំបូង​នៃ​ដំណាំ​របស់​គេ​ដែរ។ឱ​ព្រះ​នៃ​ទូលបង្គំ​អើយ សូម​នឹក​ចាំ​ពី​ទូលបង្គំ ហើយ​ប្រព្រឹត្ត​ចំពោះ​ទូលបង្គំ ដោយ​ព្រះ‌ហឫទ័យ​សន្ដោស​ផង៕

សូមអានជំពូកពេញលេញ នេហេ‌មា 13