គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

និក្ខមនំ 9:5-19 Khmer Standard Version (KHSV)

5. ព្រះ‌អម្ចាស់​កំណត់​ពេល​វេលា ដោយ​មាន​ព្រះ‌បន្ទូល​ថា ស្អែក​ព្រះ‌អង្គ​នឹង​ធ្វើ​ការ​នេះ​នៅ​ស្រុក​អេស៊ីប។

6. នៅ​ថ្ងៃ​បន្ទាប់ ព្រះ‌អម្ចាស់​បាន​ប្រហារ​ហ្វូង​សត្វ​ទាំង​ប៉ុន្មាន​នៅ​ស្រុក​អេស៊ីប​ឲ្យ​វិនាស ប៉ុន្តែ គ្មាន​សត្វ​ណា​មួយ​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល​ត្រូវ​វិនាស​ឡើយ។

7. ព្រះចៅ​ផារ៉ោន​បាន​ចាត់​គេ​ឲ្យ​ទៅ​ស៊ើប‌សួរ ហើយ​ស្ដេច​ជ្រាប​ថា​គ្មាន​សត្វ​ណា​មួយ​ក្នុង​ហ្វូង​សត្វ​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល ត្រូវ​វិនាស​ឡើយ។ ទោះ​ជា​យ៉ាង​នេះ​ក្ដី ព្រះចៅ​ផារ៉ោន​នៅ​តែ​មាន​ព្រះ‌ហឫទ័យ​មានះ មិន​ព្រម​អនុ‌ញ្ញាត​ឲ្យ​ជន‌ជាតិ​អ៊ីស្រា‌អែល​ចេញ​ទៅ​ទេ។

8. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ និង​លោក​អើរ៉ុន​ថា៖ «ចូរ​យក​ដៃ​ក្ដាប់​ផេះ​ពី​ចង្ក្រាន ហើយ​ឲ្យ​ម៉ូសេ​បាច​ឡើង​ទៅ​លើ នៅ​ចំពោះ​មុខ​ស្ដេច​ផារ៉ោន

9. ផេះ​នោះ​នឹង​ធ្លាក់​មក​ជា​ធូលី​នៅ​ពាស‌ពេញ​ស្រុក​អេស៊ីប។ ពេល​នោះ ទាំង​មនុស្ស ទាំង​សត្វ នៅ​ស្រុក​អេស៊ីប​នឹង​កើត​បូស ក្លាយ​ជា​ដំបៅ​ងា​ទៀត​ផង»។

10. លោក​ម៉ូសេ និង​លោក​អើរ៉ុន​ក៏​យក​ផេះ​ពី​ចង្ក្រាន ហើយ​នាំ​គ្នា​ទៅ​គាល់​ព្រះចៅ​ផារ៉ោន។ លោក​ម៉ូសេ​បាច​ផេះ​ទៅ​លើ បណ្ដាល​ឲ្យ​មនុស្ស និង​សត្វ​កើត​បូស មាន​ដំបៅ​ងា​ពេញ​ខ្លួន។

11. ពួក​គ្រូ​ធ្មប់​ពុំ​អាច​មក​ជួប​លោក​ម៉ូសេ​បាន​ទេ ព្រោះ​ពួក​គេ​កើត​បូស​ពេញ​ខ្លួន ដូច​ជន‌ជាតិ​អេស៊ីប​ទាំង​អស់​ដែរ។

12. ប៉ុន្តែ ព្រះ‌អម្ចាស់​ធ្វើ​ឲ្យ​ព្រះចៅ​ផារ៉ោន​មាន​ព្រះ‌ហឫទ័យ​មានះ មិន​ព្រម​ស្ដាប់​លោក​ម៉ូសេ និង​លោក​អើរ៉ុន ដូច​ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ទុក​ស្រាប់។

13. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «ព្រឹក​ស្អែក ចូរ​ក្រោក​ពី​ព្រលឹម​ទៅ​ជួប​ស្ដេច​ផារ៉ោន ប្រាប់​ថា: ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​ជន‌ជាតិ​ហេប្រឺ មាន​ព្រះ‌បន្ទូល​ដូច​ត​ទៅ “ចូរ​បើក​ឲ្យ​ប្រជា‌រាស្ត្រ​របស់​យើង ចេញ​ទៅ​គោរព​បម្រើ​យើង។

14. លើក​នេះ យើង​ប្រើ​គ្រោះ​កាច​គ្រប់​បែប​យ៉ាង​ប្រហារ​អ្នក ព្រម​ទាំង​នាម៉ឺន​មន្ត្រី និង​ប្រជា‌រាស្ត្រ​របស់​អ្នក ដើម្បី​ឲ្យ​អ្នក​ទទួល​ស្គាល់​ថា គ្មាន​នរណា​ម្នាក់​នៅ​លើ​ផែនដី​អាច​ប្រៀប​ផ្ទឹម​នឹង​យើង​ឡើយ។

15. ប្រសិន​បើ​យើង​មិន​អាណិត​អ្នក​ទេ ម៉្លេះ​សម​យើង​ប្រើ​ជំងឺ​អាសន្ន‌រោគ​ប្រហារ​អ្នក និង​ប្រជា‌រាស្ត្រ​របស់​អ្នក ឲ្យ​វិនាស​សូន្យ​ពី​ផែនដី​បាត់​ទៅ​ហើយ។

16. យើង​ទុក​ជីវិត​អ្នក ដើម្បី​ឲ្យ​អ្នក​ឃើញ​ឫទ្ធិ​បារមី​របស់​យើង ហើយ​ឲ្យ​កេរ្តិ៍​ឈ្មោះ​របស់​យើង​ល្បី​សុស‌សាយ​ពាស‌ពេញ​ផែនដី។

17. អ្នក​បាន​ជំទាស់​នឹង​ប្រជា‌រាស្ត្រ​របស់​យើង ដោយ​មិន​បើក​ឲ្យ​គេ​ចេញ​ទៅ​ទេ។

18. ដូច្នេះ ថ្ងៃ​ស្អែក ពេល​ថ្មើរ​នេះ យើង​នឹង​ធ្វើ​ឲ្យ​មាន​ព្រឹល​ធ្លាក់​មក​យ៉ាង​ខ្លាំង គឺ​តាំង​ពី​ស្រុក​អេស៊ីប​កកើត​រហូត​មក​ទល់​សព្វ​ថ្ងៃ គេ​មិន​ដែល​ជួប​ប្រទះ​បែប​នេះ​ទេ។

19. ឥឡូវ​នេះ ចូរ​ប្រាប់​គេ​ឲ្យ​ប្រមូល​ហ្វូង​សត្វ និង​អ្វីៗ​ទាំង​ប៉ុន្មាន​ដែល​អ្នក​មាន​នៅ​តាម​វាល យក​ទៅ​ទុក។ ប្រសិន​បើ​មនុស្ស ឬ​សត្វ​ដែល​នៅ​តាម​វាល​គ្មាន​ជម្រក​ទេ ពេល​ព្រឹល​ធ្លាក់ ពួក​គេ​មុខ​ជា​វិនាស​មិន​ខាន”»។

សូមអានជំពូកពេញលេញ និក្ខមនំ 9