គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

និក្ខមនំ 8:3-11 Khmer Standard Version (KHSV)

3. កង្កែប​នឹង​កើត​ពេញ​ទន្លេ​នីល វា​នឹង​លោត​ចូល​ទៅ​ក្នុង​វាំង ក្នុង​បន្ទប់ ហើយ​ក្នុង​ក្រឡា‌បន្ទំ​របស់​អ្នក​ទៀត​ផង។ កង្កែប​ទាំង​នោះ​នឹង​លោត​ចូល​ទៅ​ក្នុង​ផ្ទះ​នាម៉ឺន​សព្វ​មុខ​មន្ត្រី និង​ផ្ទះ​ប្រជា‌រាស្ត្រ​របស់​អ្នក ព្រម​ទាំង​ចូល​ទៅ​ក្នុង​ចង្ក្រាន និង​ផើង​ម្សៅ។

4. វា​នឹង​លោត​ឡើង​លើ​រូប​កាយ​អ្នក រូប​កាយ​នាម៉ឺន​មន្ត្រី និង​លើ​រូប​កាយ​ប្រជា‌រាស្ដ្រ​របស់​អ្នក​ទៀត​ផង”»។

5. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ទៀត​ថា៖ «ចូរ​ប្រាប់​អើរ៉ុន​ថា: “សូម​បង​លើក​ដំបង​វាយ​ទឹក​ទន្លេ ព្រែក និង​ត្រពាំង ដើម្បី​ឲ្យ​កង្កែប​ឡើង​មក​រាត​ត្បាត​ស្រុក​អេស៊ីប”»។

6. លោក​អើរ៉ុន​លាត​ដៃ​សន្ធឹង​ទៅ​លើ​ទឹក​នៅ​ស្រុក​អេស៊ីប នោះ​កង្កែប​ក៏​លោត​ចេញ​មក​រាត​ត្បាត​ស្រុក​អេស៊ីប។

7. ប៉ុន្តែ គ្រូ​ធ្មប់​ជាតិ​អេស៊ីប​ក៏​ប្រើ​មន្ត‌អាគម​ធ្វើ​បាន​ដូច​គ្នា គឺ​ឲ្យ​កង្កែប​ចេញ​មក​រាត​ត្បាត​ស្រុក​អេស៊ីប។

8. ព្រះចៅ​ផារ៉ោន​ហៅ​លោក​ម៉ូសេ និង​លោក​អើរ៉ុន​មក ហើយ​មាន​រាជ‌ឱង្ការ​ថា៖ «ចូរ​អង្វរ​ព្រះ‌អម្ចាស់​ឲ្យ​យក​កង្កែប​ចេញ​ពី​យើង និង​ប្រជា‌រាស្ដ្រ​របស់​យើង​ទៅ យើង​នឹង​បើក​ឲ្យ​ប្រជា‌ជន​របស់​អ្នក ចេញ​ទៅ​ថ្វាយ​យញ្ញ‌បូជា​ដល់​ព្រះ‌អម្ចាស់!»។

9. លោក​ម៉ូសេ​ទូល​ព្រះចៅ​ផារ៉ោន​ថា៖ «សូម​ព្រះ‌ករុណា​មេត្តា​កំណត់​ពេល​វេលា ដែល​ទូលបង្គំ​ត្រូវ​អង្វរ​ព្រះ‌អម្ចាស់​សម្រាប់​ព្រះ‌ករុណា សម្រាប់​នាម៉ឺន​មន្ត្រី និង​ប្រជា‌រាស្ដ្រ​របស់​ព្រះ‌ករុណា ដើម្បី​បំបាត់​កង្កែប​ចេញ​ពី​ព្រះ‌ករុណា និង​ចេញ​ពី​ដំណាក់​របស់​ព្រះ‌ករុណា គឺ​ទុក​ឲ្យ​នៅ​សល់​តែ​ក្នុង​ទន្លេ​នីល​ប៉ុណ្ណោះ»។

10. ព្រះចៅ​ផារ៉ោន​ពោល​ថា៖ «ថ្ងៃ​ស្អែក»។ លោក​ម៉ូសេ​ឆ្លើយ​ថា៖ «ទូលបង្គំ​នឹង​ធ្វើ​តាម​ព្រះ​រាជ‌ឱង្ការ ដើម្បី​ឲ្យ​ព្រះ‌ករុណា​ទទួល​ស្គាល់​ថា គ្មាន​ព្រះ​ឯ​ណា​ដូច​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​យើង​ខ្ញុំ​ឡើយ។

11. កង្កែប​ចេញ​ពី​ព្រះ‌ករុណា និង​ចេញ​ពី​ដំណាក់​របស់​ព្រះ‌ករុណា ពី​នាម៉ឺន​មន្ត្រី និង​ពី​ប្រជា‌រាស្ត្រ​របស់​ព្រះ‌ករុណា គឺ​ទុក​ឲ្យ​នៅ​សល់​តែ​ក្នុង​ទន្លេ​នីល​ប៉ុណ្ណោះ»។

សូមអានជំពូកពេញលេញ និក្ខមនំ 8