គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

និក្ខមនំ 8:13-32 Khmer Standard Version (KHSV)

13. ព្រះ‌អម្ចាស់​ក៏​ធ្វើ​តាម​ពាក្យ​អង្វរ​របស់​លោក​ម៉ូសេ គឺ​កង្កែប​បាន​ងាប់​នៅ​ក្នុង​ផ្ទះ នៅ​តាម​ភូមិ និង​នៅ​តាម​ស្រែ​ចម្ការ។

14. គេ​ប្រមូល​ខ្មោច​កង្កែប​គរ​ជា​គំនរ ហើយ​មាន​ក្លិន​ស្អុយ​ពាស‌ពេញ​ស្រុក។

15. ពេល​ឃើញ​កង្កែប​ងាប់​អស់​ហើយ​នោះ ព្រះចៅ​ផារ៉ោន​មាន​ព្រះ‌ហឫទ័យ​មានះ មិន​ព្រម​ស្ដាប់​លោក​ម៉ូសេ និង​លោក​អើរ៉ុន ដូច​ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ទុក​ស្រាប់។

16. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «ចូរ​ប្រាប់​អើរ៉ុន​ថា: សូម​បង​លើក​ដំបង​វាយ​ធូលី​ដី នោះ​ធូលី​ដី​នឹង​ក្លាយ​ទៅ​ជា​មូស នៅ​ពាស‌ពេញ​ស្រុក​អេស៊ីប»។

17. លោក​ទាំង​ពីរ​ក៏​ធ្វើ​តាម​ព្រះ‌បន្ទូល គឺ​លោក​អើរ៉ុន​លើក​ដំបង​វាយ​ធូលី​ដី នោះ​ដី​ក៏​ក្លាយ​ទៅ​ជា​មូស មក​រោម​មនុស្ស និង​សត្វ នៅ​ស្រុក​អេស៊ីប​ទាំង​មូល។

18. ពួក​គ្រូ​ធ្មប់​ក៏​ប្រើ​មន្ត‌អាគម ដើម្បី​បង្កើត​មូស​ដែរ តែ​ពួក​គេ​ធ្វើ​ពុំ​បាន​ទេ។ មូស​នៅ​តែ​រោម​មនុស្ស និង​សត្វ​ដដែល។

19. ពេល​នោះ ពួក​គ្រូ​ធ្មប់​ទូល​ព្រះចៅ​ផារ៉ោន​ថា៖ «ការ​នេះ​កើត​មក​ពី​ព្រះ‌ជាម្ចាស់»។ ប៉ុន្តែ ព្រះចៅ​ផារ៉ោន​នៅ​តែ​មាន​ព្រះ‌ហឫទ័យ​មានះ មិន​ព្រម​ស្ដាប់​លោក​ម៉ូសេ និង​លោក​អើរ៉ុន ដូច​ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ទុក​ស្រាប់។

20. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «ព្រឹក​ស្អែក ចូរ​ក្រោក​ពី​ព្រលឹម​ទៅ​ជួប​ស្ដេច​ផារ៉ោន នៅ​ពេល​ស្ដេច​ចុះ​ទៅ​ទន្លេ ហើយ​ទូល​ស្ដេច​ដូច​ត​ទៅ “ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា: ចូរ​បើក​ឲ្យ​ប្រជា‌រាស្ត្រ​របស់​យើង​ចេញ​ទៅ​គោរព​បម្រើ​យើង។

21. ប្រសិន​បើ​អ្នក​មិន​បើក​ឲ្យ​ពួក​គេ​ចេញ​ទៅ​ទេ យើង​នឹង​ប្រើ​រុយ​ឲ្យ​មក​ខាំ​អ្នក ព្រម​ទាំង​នាម៉ឺន​មន្ត្រី និង​ប្រជា‌រាស្ត្រ​របស់​អ្នក។ ក្នុង​ផ្ទះ​របស់​ជន‌ជាតិ​អេស៊ីប​ទាំង​អស់​មាន​រុយ​ពាស‌ពេញ ហើយ​ទឹក​ដី​របស់​គេ​ក៏​មាន​រុយ​ដែរ។

22. ប៉ុន្តែ នៅ​ថ្ងៃ​នោះ យើង​មិន​ឲ្យ​មាន​រុយ​ក្នុង​តំបន់​កូសែន ដែល​ប្រជា‌រាស្ត្រ​របស់​យើង​រស់​នៅ​ទេ ដើម្បី​ឲ្យ​អ្នក​ទទួល​ស្គាល់​ថា យើង​ជា​ព្រះ‌អម្ចាស់ យើង​ស្ថិត​នៅ​ក្នុង​ស្រុក​នេះ។

23. យើង​មិន​បណ្តោយ​ឲ្យ​ប្រជា‌រាស្ដ្រ​របស់​យើង រង​គ្រោះ​ដោយ‌សារ​រុយ​ជា​មួយ​ប្រជា‌រាស្ដ្រ​របស់​អ្នក​ទេ ទី​សម្គាល់​នេះ​នឹង​កើត​មាន​នៅ​ថ្ងៃ​ស្អែក”»។

24. ព្រះ‌អម្ចាស់​ធ្វើ​តាម​ព្រះ‌បន្ទូល គឺ​មាន​រុយ​យ៉ាង​សន្ធឹក​សន្ធាប់ ហើរ​ចូល​ទៅ​ក្នុង​វាំង​របស់​ស្ដេច​ផារ៉ោន ក្នុង​ផ្ទះ​របស់​នាម៉ឺន​មន្ត្រី និង​ក្នុង​ស្រុក​អេស៊ីប​ទាំង​មូល។ រុយ​ទាំង​នោះ​រាត​ត្បាត​ពាស‌ពេញ​ទឹក​ដី។

25. ព្រះចៅ​ផារ៉ោន​ហៅ​លោក​ម៉ូសេ និង​លោក​អើរ៉ុន ហើយ​មាន​រាជ‌ឱង្ការ​ថា៖ «ចូរ​ធ្វើ​យញ្ញ‌បូជា​ថ្វាយ​ព្រះ​របស់​អ្នក​រាល់​គ្នា នៅ​ក្នុង​ស្រុក​នេះ​ចុះ»។

26. ប៉ុន្តែ លោក​ម៉ូសេ​ទូល​ថា៖ «ធ្វើ​បែប​នេះ​មិន​បាន​ទេ! ដ្បិត​យើង​ខ្ញុំ​យក​សត្វ​ធ្វើ​យញ្ញ‌បូជា​ថ្វាយ​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​យើង​ខ្ញុំ​ដូច្នេះ ជា​អំពើ​ដែល​ជន‌ជាតិ​អេស៊ីប​ស្អប់​ខ្ពើម។ ប្រសិន​បើ​ពួក​គេ​ឃើញ​យើង​ខ្ញុំ​យក​សត្វ​ទៅ​ធ្វើ​យញ្ញ‌បូជា គឺ​ជា​អំពើ​ដែល​គេ​ស្អប់​ខ្ពើម នោះ​ពួក​គេ​មុខ​ជា​យក​ដុំ​ថ្ម​គប់​សម្លាប់​យើង​ខ្ញុំ​មិន​ខាន។

27. យើង​ខ្ញុំ​ត្រូវ​តែ​ធ្វើ​ដំណើរ​ទៅ​វាល​រហោ‌ស្ថាន ចម្ងាយ​ផ្លូវ​ដើរ​បី​ថ្ងៃ ដើម្បី​ធ្វើ​យញ្ញ‌បូជា​ថ្វាយ​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​យើង​ខ្ញុំ តាម​របៀប​ដែល​ព្រះ‌អង្គ​នឹង​បង្ហាញ​ប្រាប់​យើង​ខ្ញុំ»។

28. ព្រះចៅ​ផារ៉ោន​មាន​រាជ‌ឱង្ការ​ថា៖ «យើង​អនុ‌ញ្ញាត​ឲ្យ​អ្នក​រាល់​គ្នា​ចេញ​ទៅ​ធ្វើ​យញ្ញ‌បូជា ថ្វាយ​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​អ្នក​រាល់​គ្នា នៅ​វាល​រហោ‌ស្ថាន​បាន ប៉ុន្តែ កុំ​ទៅ​ឆ្ងាយ​ពេក។ ចូរ​ទូល‌អង្វរ​ព្រះ‌អង្គ​ឲ្យ​យើង​ផង»។

29. លោក​ម៉ូសេ​តប​ថា៖ «ពេល​ចាក​ចេញ​ពី​ព្រះ‌ករុណា​ទៅ ទូលបង្គំ​នឹង​ទូល‌អង្វរ​ព្រះ‌អម្ចាស់។ ស្អែក​រុយ​នឹង​ចាក​ចេញ​ពី​ព្រះ‌ករុណា ពី​នាម៉ឺន​មន្ត្រី និង​ប្រជា‌រាស្ដ្រ​របស់​ព្រះ‌ករុណា​ទៀត​ផង។ ប៉ុន្តែ សូម​ព្រះ‌ករុណា​ឈប់​បញ្ឆោត​យើង​ខ្ញុំ​ទៀត​ទៅ គឺ​កុំ​ហាម​ប្រជា‌ជន​របស់​យើង​ខ្ញុំ​ចេញ​ទៅ​ធ្វើ​យញ្ញ‌បូជា ថ្វាយ​ព្រះ‌អម្ចាស់​ឡើយ»។

30. លោក​ម៉ូសេ​ចាក​ចេញ​ពី​ព្រះចៅ​ផារ៉ោន ហើយ​ទូល‌អង្វរ​ព្រះ‌អម្ចាស់។

31. ព្រះ‌អម្ចាស់​ធ្វើ​តាម​ពាក្យ​អង្វរ​របស់​លោក​ម៉ូសេ គឺ​ព្រះ‌អង្គ​បំបាត់​រុយ​ទាំង​អស់​ចេញ​ពី​នាម៉ឺន​មន្ត្រី និង​ប្រជា‌រាស្ត្រ​របស់​ស្ដេច ឥត​មាន​ទុក​ឲ្យ​នៅ​សល់​មួយ​ឡើយ។

32. ប៉ុន្តែ ម្ដង​នេះ​ទៀត ព្រះចៅ​ផារ៉ោន​មាន​ព្រះ‌ហឫទ័យ​មានះ មិន​ព្រម​បើក​ឲ្យ​ប្រជា‌ជន​អ៊ីស្រា‌អែល​ចេញ​ទៅ​ទេ។

សូមអានជំពូកពេញលេញ និក្ខមនំ 8