គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

និក្ខមនំ 7:9-17 Khmer Standard Version (KHSV)

9. «ប្រសិន​បើ​ស្ដេច​ផារ៉ោន​ទាម‌ទារ​ឲ្យ​អ្នក​សម្តែង​បាដិ‌ហារិយ៍​នោះ ត្រូវ​ប្រាប់​អើរ៉ុន​ថា “ចូរ​យក​ដំបង​របស់​បង បោះ​ទៅ​ខាង​មុខ​ស្ដេច​ផារ៉ោន” ដំបង​នោះ​នឹង​ក្លាយ​ទៅ​ជា​ពស់»។

10. លោក​ម៉ូសេ និង​លោក​អើរ៉ុន​ក៏​ទៅ​គាល់​ព្រះចៅ​ផារ៉ោន ហើយ​ធ្វើ​តាម​សេចក្ដី​ដែល​ព្រះ‌អម្ចាស់​បាន​បង្គាប់​មក​ពួក​លោក។ លោក​អើរ៉ុន​បោះ​ដំបង​នៅ​មុខ​ព្រះចៅ​ផារ៉ោន និង​ពួក​មន្ត្រី ហើយ​ដំបង​ក៏​ក្លាយ​ទៅ​ជា​ពស់។

11. ប៉ុន្តែ ព្រះចៅ​ផារ៉ោន​ហៅ​ពួក​អ្នក​ប្រាជ្ញ និង​ពួក​គ្រូ​ធ្មប់​របស់​ស្រុក​អេស៊ីប​មក ហើយ​ពួក​គេ​ក៏​ប្រើ​មន្ត‌អាគម ធ្វើ​បាន​ដូច​គ្នា។

12. ពួក​គេ​ម្នាក់ៗ​បោះ​ដំបង​របស់​ខ្លួន ហើយ​ដំបង​ទាំង​នោះ​ក្លាយ​ជា​ពស់ ប៉ុន្តែ ដំបង​របស់​លោក​អើរ៉ុន​បាន​លេប​ដំបង​របស់​ពួក​គេ​អស់។

13. ព្រះចៅ​ផារ៉ោន​នៅ​តែ​មាន​ព្រះ‌ហឫទ័យ​រឹង​ចចេស ដូច​ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ទុក​ស្រាប់ គឺ​ស្ដេច​មិន​ព្រម​ស្ដាប់​លោក​ម៉ូសេ និង​លោក​អើរ៉ុន​ទេ។

14. បន្ទាប់​មក ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «ស្ដេច​ផារ៉ោន​មានះ​ណាស់ ហើយ​មិន​អនុញ្ញាត​ឲ្យ​ប្រជា‌ជន​ចេញ​ទៅ​ទេ។

15. ដូច្នេះ ព្រឹក​ឡើង ចូរ​អ្នក​ទៅ​ជួប​ស្ដេច​ផារ៉ោន នៅ​ពេល​ស្ដេច​ចុះ​ទៅ​មាត់​ទន្លេ​នីល។ ចូរ​កាន់​ដំបង​ដែល​បាន​ក្លាយ​ជា​ពស់​នោះ​ទៅ​ជា​មួយ​ផង។

16. ចូរ​ប្រាប់​ស្ដេច​ផារ៉ោន​ថា: ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​ជន‌ជាតិ​ហេប្រឺ ចាត់​ទូលបង្គំ​ឲ្យ​មក​ទូល​ព្រះ‌ករុណា​ថា “ចូរ​បើក​ឲ្យ​ប្រជា‌រាស្ដ្រ​របស់​យើង​ចេញ​ទៅ​គោរព​បម្រើ​យើង នៅ​វាល​រហោ‌ស្ថាន!” ប៉ុន្តែ រហូត​មក​ដល់​ពេល​នេះ ព្រះ‌ករុណា​មិន​ព្រម​ស្ដាប់​ទេ។

17. ហេតុ​នេះ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា “ម្ដង​នេះ អ្នក​នឹង​ទទួល​ស្គាល់​ថា យើង​ពិត​ជា​ព្រះ‌អម្ចាស់​មែន”។ “ទូលបង្គំ​នឹង​យក​ដំបង​ដែល​ទូលបង្គំ​កាន់​វាយ​ទឹក​ទន្លេ​នីល ហើយ​ទឹក​នេះ​នឹង​ក្លាយ​ទៅ​ជា​ឈាម។

សូមអានជំពូកពេញលេញ និក្ខមនំ 7