គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

និក្ខមនំ 7:1-11 Khmer Standard Version (KHSV)

1. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «យើង​នឹង​ធ្វើ​ឲ្យ​អ្នក​បាន​ដូច​ជា​ព្រះ នៅ​ចំពោះ​មុខ​ស្ដេច​ផារ៉ោន រីឯ​អើរ៉ុន ជា​បង​របស់​អ្នក នឹង​ប្រៀប​ដូច​ជា​ព្យាការី​របស់​អ្នក។

2. អ្នក​នឹង​ប្រាប់​អើរ៉ុន​នូវ​សេចក្ដី​ទាំង​ប៉ុន្មាន​ដែល​យើង​បង្គាប់​ដល់​អ្នក ហើយ​គាត់​នាំ​យក​សេចក្ដី​ទាំង​នោះ​ទៅ​ប្រាប់​ស្ដេច​ផារ៉ោន ដើម្បី​ស្ដេច​អនុញ្ញាត​ឲ្យ​កូន​ចៅ​អ៊ីស្រា‌អែល​ចាក​ចេញ​ពី​ស្រុក​អេស៊ីប។

3. រីឯ​យើង​វិញ យើង​នឹង​ធ្វើ​ឲ្យ​ស្ដេច​ផារ៉ោន​មាន​ចិត្ត​រឹង‌រូស យើង​នឹង​បង្ហាញ​ឫទ្ធិ‌បាដិ‌ហារិយ៍ និង​ទី​សម្គាល់​ដ៏​អស្ចារ្យ​ជា​ច្រើន​នៅ​ស្រុក​អេស៊ីប។

4. ស្ដេច​ផារ៉ោន​នឹង​មិន​ស្ដាប់​អ្នក​ទាំង​ពីរ​ទេ។ យើង​នឹង​វាយ​ប្រហារ​ស្រុក​អេស៊ីប យើង​នឹង​ដាក់​ទោស​គេ​យ៉ាង​ធ្ងន់ៗ ហើយ​នាំ​អ៊ីស្រា‌អែល ជា​ប្រជា‌រាស្ត្រ​របស់​យើង ចាក​ចេញ​ពី​ស្រុក​អេស៊ីប ដោយ​មាន​របៀប​រៀប​រយ​ដូច​កង‌ទ័ព​មួយ។

5. ពេល​ណា​យើង​វាយ​ប្រហារ​ស្រុក​អេស៊ីប ហើយ​នាំ​កូន​ចៅ​អ៊ីស្រា‌អែល​ចេញ​ពី​ស្រុក​នោះ ជន‌ជាតិ​អេស៊ីប​នឹង​ទទួល​ស្គាល់​ថា យើង​ជា​ព្រះ‌អម្ចាស់»។

6. លោក​ម៉ូសេ និង​លោក​អើរ៉ុន​ធ្វើ​តាម​ព្រះ‌បញ្ជា​របស់​ព្រះ‌អម្ចាស់​សព្វ​គ្រប់​ទាំង​អស់។

7. នៅ​ពេល​លោក​ទាំង​ពីរ​ទៅ​គាល់​ព្រះចៅ​ផារ៉ោន​នោះ លោក​ម៉ូសេ​មាន​អាយុ​ប៉ែត‌សិប​ឆ្នាំ លោក​អើរ៉ុន​មាន​អាយុ​ប៉ែត‌សិប​បី​ឆ្នាំ។

8. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ទៅ​លោក​ម៉ូសេ និង​លោក​អើរ៉ុន​ថា៖

9. «ប្រសិន​បើ​ស្ដេច​ផារ៉ោន​ទាម‌ទារ​ឲ្យ​អ្នក​សម្តែង​បាដិ‌ហារិយ៍​នោះ ត្រូវ​ប្រាប់​អើរ៉ុន​ថា “ចូរ​យក​ដំបង​របស់​បង បោះ​ទៅ​ខាង​មុខ​ស្ដេច​ផារ៉ោន” ដំបង​នោះ​នឹង​ក្លាយ​ទៅ​ជា​ពស់»។

10. លោក​ម៉ូសេ និង​លោក​អើរ៉ុន​ក៏​ទៅ​គាល់​ព្រះចៅ​ផារ៉ោន ហើយ​ធ្វើ​តាម​សេចក្ដី​ដែល​ព្រះ‌អម្ចាស់​បាន​បង្គាប់​មក​ពួក​លោក។ លោក​អើរ៉ុន​បោះ​ដំបង​នៅ​មុខ​ព្រះចៅ​ផារ៉ោន និង​ពួក​មន្ត្រី ហើយ​ដំបង​ក៏​ក្លាយ​ទៅ​ជា​ពស់។

11. ប៉ុន្តែ ព្រះចៅ​ផារ៉ោន​ហៅ​ពួក​អ្នក​ប្រាជ្ញ និង​ពួក​គ្រូ​ធ្មប់​របស់​ស្រុក​អេស៊ីប​មក ហើយ​ពួក​គេ​ក៏​ប្រើ​មន្ត‌អាគម ធ្វើ​បាន​ដូច​គ្នា។

សូមអានជំពូកពេញលេញ និក្ខមនំ 7