គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

និក្ខមនំ 6:9-23 Khmer Standard Version (KHSV)

9. លោក​ម៉ូសេ​ក៏​នាំ​ព្រះ‌បន្ទូល​ទាំង​នោះ​ទៅ​ប្រាប់​កូន​ចៅ​អ៊ីស្រា‌អែល ប៉ុន្តែ ពួក​គេ​មិន​ស្ដាប់​លោក​ឡើយ ព្រោះ​ពួក​គេ​បាក់​ទឹក​ចិត្ត ដោយ‌សារ​ទុក្ខ​វេទនា ក្នុង​ភាព​ជា​ទាសករ។

10. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ទៀត​ថា៖

11. «ចូរ​ទៅ​ប្រាប់​ផារ៉ោន ជា​ស្ដេច​ស្រុក​អេស៊ីប​ថា ត្រូវ​បើក​ឲ្យ​ជន‌ជាតិ​អ៊ីស្រា‌អែល​ចាក​ចេញ​ពី​ស្រុក​អេស៊ីប​ទៅ»។

12. លោក​ម៉ូសេ​ទូល​ព្រះ‌អង្គ​ថា៖ «សូម្បី​តែ​ជន‌ជាតិ​អ៊ីស្រា‌អែល​ក៏​មិន​ព្រម​ស្ដាប់​ទូលបង្គំ​ផង ធ្វើ​ដូច​ម្ដេច​ឲ្យ​ស្ដេច​ផារ៉ោន​ស្ដាប់​ទូលបង្គំ ជា​មនុស្ស​ដែល​គ្មាន​វោហារ​នេះ!»។

13. ដូច្នេះ ព្រះ‌អម្ចាស់​បង្គាប់​លោក​ម៉ូសេ និង​លោក​អើរ៉ុន ឲ្យ​នាំ​ព្រះ‌បន្ទូល​ទៅ​ប្រាប់​ជន‌ជាតិ​អ៊ីស្រា‌អែល និង​ស្ដេច​ផារ៉ោន ដើម្បី​ឲ្យ​ជន‌ជាតិ​អ៊ីស្រា‌អែល​ចាក​ចេញ​ពី​ស្រុក​អេស៊ីប។

14. នេះ​ជា​បញ្ជី​រាយ​នាម​មេ​គ្រួសារ​នៃ​បុព្វបុរស​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល:កូន​របស់​លោក​រូបេន ដែល​ជា​កូន​ច្បង​របស់​លោក​អ៊ីស្រា‌អែល មាន​ហេណុក ប៉ាលូវ ហេត‌ស្រុន និង​កើមី។ អ្នក​ទាំង​នោះ​ជា​បុព្វបុរស​នៃ​អំបូរ​រូបេន។

15. កូន​របស់​លោក​ស៊ីម្មាន​មាន​យេមូ‌អែល យ៉ាមីន អូហាត់ យ៉ាគិន សូហារ និង​សូល ជា​កូន​របស់​ស្ត្រី​ជន‌ជាតិ​កាណាន។ អ្នក​ទាំង​នោះ​ជា​បុព្វបុរស​នៃ​អំបូរ​ស៊ីម្មាន។

16. រីឯ​កូន​ចៅ​របស់​លោក​លេវី​មាន​រាយ​នាម​តាម​តំណ​វង្ស​ត្រកូល​ដូច​ត​ទៅ:កូន​របស់​លោក​លេវី​មាន​គើសុន កេហាត់ និង​ម៉្រារី។ លោក​លេវី​រស់​បាន​មួយ​រយ​សាម‌សិប​ប្រាំ‌ពីរ​ឆ្នាំ។

17. កូន​របស់​គើសុន​មាន​លីបនី និង​ស៊ី‌ម៉ៃ ព្រម​ទាំង​ក្រុម​គ្រួសារ​របស់​ពួក​គេ។

18. កូន​របស់​កេហាត់​មាន​អាំរ៉ាម យីតសារ ហេ‌ប្រុន និង​អ៊ូសាល។ លោក​កេហាត់​រស់​បាន​មួយ​រយ​សាម‌សិប​បី​ឆ្នាំ។

19. កូន​របស់​ម៉្រារី​មាន​ម៉ាស់‌លី និង​មូស៊ី។ អ្នក​ទាំង​នោះ​ជា​បុព្វបុរស​នៃ​អំបូរ​លេវី តាម​តំណ​វង្ស​ត្រកូល​របស់​ពួក​គេ។

20. លោក​អាំរ៉ាម​រៀប‌ការ​ជា​មួយ​នាង​យ៉ុកិ‌បិត ដែល​ត្រូវ​ជា​ម្ដាយ​មីង​របស់​លោក នាង​បង្កើត​បាន​កូន​ប្រុស​ពីរ​នាក់​ជូន​លោក គឺ​លោក​អើរ៉ុន និង​លោក​ម៉ូសេ។ លោក​អាំរ៉ាម​រស់​បាន​មួយ​រយ​សាម‌សិប​ប្រាំ‌ពីរ​ឆ្នាំ។

21. កូន​របស់​លោក​យីតសារ​មាន​កូរេ ណេ‌ផេក និង​ស៊ីកគ្រី។

22. កូន​របស់​លោក​អ៊ូសាល​គឺ មីសា‌អែល អែលសា‌ផាន និង​ស៊ីត‌ទ្រី។

23. លោក​អើរ៉ុន​រៀប‌ការ​ជា​មួយ​នាង​អេលីសេបា ជា​កូន​របស់​លោក​អមីណា‌ដាប់ និង​ជា​ប្អូន​របស់​លោក​ណាសូន។ នាង​បង្កើត​បាន​កូន​ប្រុស​បួន​នាក់​ជូន​លោក​គឺ ណាដាប អប៊ី‌ហ៊ូវ អេឡាសារ និង​អ៊ីថា‌ម៉ារ។

សូមអានជំពូកពេញលេញ និក្ខមនំ 6