គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

និក្ខមនំ 6:7-17 Khmer Standard Version (KHSV)

7. យើង​នឹង​យក​អ្នក​រាល់​គ្នា​ធ្វើ​ជា​ប្រជា‌រាស្ត្រ​របស់​យើង ហើយ​យើង​ធ្វើ​ជា​ព្រះ​របស់​អ្នក​រាល់​គ្នា។ អ្នក​រាល់​គ្នា​នឹង​ទទួល​ស្គាល់​ថា យើង​ជា​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា យើង​ដោះ​លែង​អ្នក​រាល់​គ្នា​ចេញ​ពី​ការ‌ងារ​ដ៏​លំបាក ដែល​ពួក​អេស៊ីប​បង្ខំ​អ្នក​រាល់​គ្នា​ឲ្យ​ធ្វើ។

8. បន្ទាប់​មក យើង​នឹង​នាំ​អ្នក​រាល់​គ្នា​ចូល​ទៅ​ក្នុង​ស្រុក ដែល​យើង​បាន​សន្យា​យ៉ាង​ឱឡា‌រិក​ជា​មួយ​អប្រាហាំ​អ៊ីសាក និង​យ៉ាកុប ហើយ​យើង​ឲ្យ​ស្រុក​នោះ​ដល់​អ្នក​រាល់​គ្នា​ជា​មត៌ក យើង​ជា​ព្រះ‌អម្ចាស់!»។

9. លោក​ម៉ូសេ​ក៏​នាំ​ព្រះ‌បន្ទូល​ទាំង​នោះ​ទៅ​ប្រាប់​កូន​ចៅ​អ៊ីស្រា‌អែល ប៉ុន្តែ ពួក​គេ​មិន​ស្ដាប់​លោក​ឡើយ ព្រោះ​ពួក​គេ​បាក់​ទឹក​ចិត្ត ដោយ‌សារ​ទុក្ខ​វេទនា ក្នុង​ភាព​ជា​ទាសករ។

10. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ទៀត​ថា៖

11. «ចូរ​ទៅ​ប្រាប់​ផារ៉ោន ជា​ស្ដេច​ស្រុក​អេស៊ីប​ថា ត្រូវ​បើក​ឲ្យ​ជន‌ជាតិ​អ៊ីស្រា‌អែល​ចាក​ចេញ​ពី​ស្រុក​អេស៊ីប​ទៅ»។

12. លោក​ម៉ូសេ​ទូល​ព្រះ‌អង្គ​ថា៖ «សូម្បី​តែ​ជន‌ជាតិ​អ៊ីស្រា‌អែល​ក៏​មិន​ព្រម​ស្ដាប់​ទូលបង្គំ​ផង ធ្វើ​ដូច​ម្ដេច​ឲ្យ​ស្ដេច​ផារ៉ោន​ស្ដាប់​ទូលបង្គំ ជា​មនុស្ស​ដែល​គ្មាន​វោហារ​នេះ!»។

13. ដូច្នេះ ព្រះ‌អម្ចាស់​បង្គាប់​លោក​ម៉ូសេ និង​លោក​អើរ៉ុន ឲ្យ​នាំ​ព្រះ‌បន្ទូល​ទៅ​ប្រាប់​ជន‌ជាតិ​អ៊ីស្រា‌អែល និង​ស្ដេច​ផារ៉ោន ដើម្បី​ឲ្យ​ជន‌ជាតិ​អ៊ីស្រា‌អែល​ចាក​ចេញ​ពី​ស្រុក​អេស៊ីប។

14. នេះ​ជា​បញ្ជី​រាយ​នាម​មេ​គ្រួសារ​នៃ​បុព្វបុរស​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល:កូន​របស់​លោក​រូបេន ដែល​ជា​កូន​ច្បង​របស់​លោក​អ៊ីស្រា‌អែល មាន​ហេណុក ប៉ាលូវ ហេត‌ស្រុន និង​កើមី។ អ្នក​ទាំង​នោះ​ជា​បុព្វបុរស​នៃ​អំបូរ​រូបេន។

15. កូន​របស់​លោក​ស៊ីម្មាន​មាន​យេមូ‌អែល យ៉ាមីន អូហាត់ យ៉ាគិន សូហារ និង​សូល ជា​កូន​របស់​ស្ត្រី​ជន‌ជាតិ​កាណាន។ អ្នក​ទាំង​នោះ​ជា​បុព្វបុរស​នៃ​អំបូរ​ស៊ីម្មាន។

16. រីឯ​កូន​ចៅ​របស់​លោក​លេវី​មាន​រាយ​នាម​តាម​តំណ​វង្ស​ត្រកូល​ដូច​ត​ទៅ:កូន​របស់​លោក​លេវី​មាន​គើសុន កេហាត់ និង​ម៉្រារី។ លោក​លេវី​រស់​បាន​មួយ​រយ​សាម‌សិប​ប្រាំ‌ពីរ​ឆ្នាំ។

17. កូន​របស់​គើសុន​មាន​លីបនី និង​ស៊ី‌ម៉ៃ ព្រម​ទាំង​ក្រុម​គ្រួសារ​របស់​ពួក​គេ។

សូមអានជំពូកពេញលេញ និក្ខមនំ 6