គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

និក្ខមនំ 40:22-35 Khmer Standard Version (KHSV)

22. គេ​ដាក់​តុ​សក្ការៈ​ក្នុង​ពន្លា​ជួប​ព្រះ‌អម្ចាស់ នៅ​ប៉ែក​ខាង​ជើង​ព្រះ‌ពន្លា និង​នៅ​ពី​មុខ​វាំងនន

23. គេ​រៀបចំ​នំប៉័ង​សម្រាប់​ថ្វាយ​ព្រះ‌អម្ចាស់ ដាក់​នៅ​លើ​តុ ដូច​ព្រះ‌អម្ចាស់​បាន​បង្គាប់​មក​លោក​ម៉ូសេ។

24. គេ​ដាក់​ជើង​ចង្កៀង​ក្នុង​ពន្លា​ជួប​ព្រះ‌អម្ចាស់ នៅ​ប៉ែក​ខាង​ត្បូង​ព្រះ‌ពន្លា ទល់​មុខ​នឹង​តុ

25. គេ​អុជ​ចង្កៀង​ទាំង​អស់​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់ ដូច​ព្រះ‌អម្ចាស់​បាន​បង្គាប់​មក​លោក​ម៉ូសេ។

26. គេ​ដាក់​អាសនៈ​មាស​ក្នុង​ពន្លា​ជួប​ព្រះ‌អម្ចាស់ ពី​មុខ​វាំងនន។

27. គេ​ដុត​គ្រឿង​ក្រអូប​នៅ​លើ​អាសនៈ​នោះ ដូច​ព្រះ‌អម្ចាស់​បាន​បង្គាប់​មក​លោក​ម៉ូសេ។

28. គេ​ចង​វាំងនន​នៅ​មាត់​ទ្វារ​ចូល​ព្រះ‌ពន្លា។

29. គេ​ដាក់​អាសនៈ​សម្រាប់​ថ្វាយ​តង្វាយ​ដុត នៅ​ជិត​ទ្វារ​ចូល​ព្រះ‌ពន្លា​របស់​ពន្លា​ជួប​ព្រះ‌អម្ចាស់។ គេ​ថ្វាយ​តង្វាយ​ដុត​ទាំង​មូល និង​តង្វាយ​ម្សៅ​នៅ​លើ​អាសនៈ​នេះ ដូច​ព្រះ‌អម្ចាស់ បាន​បង្គាប់​មក​លោក​ម៉ូសេ។

30. គេ​តម្កល់​អាង​នៅ​ចន្លោះ​ពន្លា​ជួប​ព្រះ‌អម្ចាស់ និង​អាសនៈ រួច​គេ​ចាក់​ទឹក​បំពេញ​អាង​សម្រាប់​ធ្វើ​ពិធី​ជម្រះ​កាយ។

31. លោក​ម៉ូសេ លោក​អើរ៉ុន និង​កូន​ប្រុស​របស់​លោក ប្រើ​ទឹក​ក្នុង​អាង​នេះ សម្រាប់​ពិធី​លាង​ដៃ និង​លាង​ជើង។

32. ពេល​ពួក​លោក​ចូល​ទៅ​ក្នុង​ពន្លា ឬ​ចូល​ទៅ​ជិត​អាសនៈ ពួក​លោក​តែងតែ​ធ្វើ​ពិធី​លាង​ជម្រះ ដូច​ព្រះ‌អម្ចាស់​បាន​បង្គាប់​មក​លោក​ម៉ូសេ។

33. នៅ​ទី​បញ្ចប់ លោក​ម៉ូសេ​ឲ្យ​គេ​ដំឡើង​រនាំង​របស់​ទី‌លាន នៅ​ជុំ‌វិញ​ព្រះ‌ពន្លា និង​អាសនៈ ព្រម​ទាំង​ចង​វាំងនន នៅ​មាត់​ទ្វារ​ចូល​ទី‌លាន។

34. ពេល​នោះ មាន​ពពក*​មក​គ្រប​បាំង​លើ​ពន្លា​ជួប​ព្រះ‌អម្ចាស់ ហើយ​សិរី‌រុងរឿង​របស់​ព្រះ‌អម្ចាស់​ស្ថិត​នៅ​ពេញ​ព្រះ‌ពន្លា។

35. លោក​ម៉ូសេ​ពុំ​អាច​ចូល​ទៅ​ក្នុង​ពន្លា​ជួប​ព្រះ‌អម្ចាស់​បាន​ឡើយ ព្រោះ​មាន​ពពក​មក​គ្រប​បាំង​លើ​ពន្លា​នោះ ហើយ​សិរី‌រុងរឿង​របស់​ព្រះ‌អម្ចាស់​ស្ថិត​នៅ​ពេញ​ព្រះ‌ពន្លា។

សូមអានជំពូកពេញលេញ និក្ខមនំ 40