គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

និក្ខមនំ 40:11-23 Khmer Standard Version (KHSV)

11. ចូរ​ធ្វើ​ពិធី​លាប​ប្រេង​លើ​អាង និង​កំណល់ ដើម្បី​ញែក​អាង​នោះ​ជា​សក្ការៈ។

12. ចូរ​នាំ​អើរ៉ុន និង​កូន​ប្រុស​របស់​គាត់ ចូល​មក​មាត់​ទ្វារ​ពន្លា​ជួប​ព្រះ‌អម្ចាស់ ហើយ​ធ្វើ​ពិធី​ងូត​ទឹក​ឲ្យ​ពួក​គេ។

13. ចូរ​យក​សម្លៀក‌បំពាក់​សក្ការៈ​មក​ពាក់​ឲ្យ​អើរ៉ុន ហើយ​ចាក់​ប្រេង​ញែក​គាត់​ឲ្យ​បាន​វិសុទ្ធ ដើម្បី​ឲ្យ​គាត់​បំពេញ​មុខ‌ងារ​ជា​បូជា‌ចារ្យ*​បម្រើ​យើង។

14. ចូរ​នាំ​កូន​ប្រុស​របស់​អើរ៉ុន​ចូល​មក ចូរ​យក​អាវ​វែង​ពាក់​ឲ្យ​ពួក​គេ

15. ហើយ​ចាក់​ប្រេង​តែង‌តាំង​ពួក​គេ ដូច​អ្នក​បាន​ចាក់​ប្រេង​លើ​ឪពុក​របស់​ពួក​គេ​ដែរ ដើម្បី​ឲ្យ​ពួក​គេ​បំពេញ​មុខ‌ងារ​ជា​បូជា‌ចារ្យ​បម្រើ​យើង។ ពិធី​ចាក់​ប្រេង​នេះ​បញ្ជាក់​ថា ពួក​គេ និង​ពូជ‌ពង្ស​របស់​ពួក​គេ មាន​មុខ‌ងារ​ជា​បូជា‌ចារ្យ​រហូត​ត​ទៅ»។

16. លោក​ម៉ូសេ​ធ្វើ​តាម​ព្រះ‌បន្ទូល​ទាំង​អស់ ដែល​ព្រះ‌អម្ចាស់​បាន​បង្គាប់​លោក។

17. ជន‌ជាតិ​អ៊ីស្រា‌អែល​ដំឡើង​ព្រះ‌ពន្លា នៅ​ថ្ងៃ​ទី​មួយ​នៃ​ខែ​ទី​មួយ ក្នុង​ឆ្នាំ​ទី​ពីរ ក្រោយ​ពេល​ចាក​ចេញ​ពី​ស្រុក​អេស៊ីប។

18. លោក​ម៉ូសេ​ឲ្យ​គេ​ដំឡើង​ព្រះ‌ពន្លា ដោយ​ដាក់​ជើង​ទ្រ ដាក់​ស៊ុម ដាក់​ឈើ​ទទឹង ព្រម​ទាំង​បង្គោល។

19. គេ​លាត​ក្រណាត់​បាំង​ព្រះ‌ពន្លា ដាក់​ក្រណាត់​គ្រប​ពី​លើ ដូច​ព្រះ‌អម្ចាស់​បង្គាប់​លោក​ម៉ូសេ។

20. លោក​ម៉ូសេ​យក​បន្ទះ​ថ្ម​នៃ​សន្ធិ‌សញ្ញា​ដាក់​ក្នុង​ហិប​នៃ​សម្ពន្ធ‌មេត្រី ហើយ​ស៊ក​ឈើ​ស្នែង និង​យក​គម្រប​មក​គ្រប​លើ​ហិប​នោះ។

21. គេ​យក​ហិប​ទៅ​ដាក់​ក្នុង​ព្រះ‌ពន្លា ហើយ​ចង​វាំងនន និង​បាំង​ហិប​នោះ ដូច​ព្រះ‌អម្ចាស់​បាន​បង្គាប់​មក​លោក​ម៉ូសេ។

22. គេ​ដាក់​តុ​សក្ការៈ​ក្នុង​ពន្លា​ជួប​ព្រះ‌អម្ចាស់ នៅ​ប៉ែក​ខាង​ជើង​ព្រះ‌ពន្លា និង​នៅ​ពី​មុខ​វាំងនន

23. គេ​រៀបចំ​នំប៉័ង​សម្រាប់​ថ្វាយ​ព្រះ‌អម្ចាស់ ដាក់​នៅ​លើ​តុ ដូច​ព្រះ‌អម្ចាស់​បាន​បង្គាប់​មក​លោក​ម៉ូសេ។

សូមអានជំពូកពេញលេញ និក្ខមនំ 40