គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

និក្ខមនំ 40:1-19 Khmer Standard Version (KHSV)

1. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖

2. «នៅ​ថ្ងៃ​ទី​មួយ ក្នុង​ខែ​ទី​មួយ អ្នក​ត្រូវ​ដំឡើង​ព្រះ‌ពន្លា និង​ពន្លា​ជួប​ព្រះ‌អម្ចាស់។

3. ចូរ​តម្កល់​ហិប​ដាក់​បន្ទះ​ថ្ម​នៃ​សន្ធិ‌សញ្ញា រួច​យក​វាំងនន​មក​បាំង។

4. ចូរ​យក​តុ​សក្ការៈ​មក ហើយ​អ្វីៗ​ដែល​ត្រូវ​ដាក់​នៅ​លើ​តុ ត្រូវ​រៀបចំ​ឲ្យ​បាន​រៀប​រយ។ ចូរ​យក​ជើង​ចង្កៀង​មក រួច​រៀបចំ​ដុត​ចង្កៀង​ទាំង​អស់​នៅ​លើ​នោះ​ផង។

5. ចូរ​ដាក់​អាសនៈ​មាស សម្រាប់​ដុត​គ្រឿង​ក្រអូប នៅ​ខាង​មុខ​ហិប​នៃ​សម្ពន្ធ‌មេត្រី ហើយ​បាំង​វាំងនន​នៅ​ទ្វារ​ចូល​ព្រះ‌ពន្លា។

6. ចូរ​ដាក់​អាសនៈ​សម្រាប់​ថ្វាយ​តង្វាយ​ដុត នៅ​ខាង​មុខ​ទ្វារ​ព្រះ‌ពន្លា​របស់​ពន្លា​ជួប​ព្រះ‌អម្ចាស់។

7. ចូរ​ដាក់​អាង​សម្រាប់​ពិធី​ជម្រះ​កាយ នៅ​ចន្លោះ​ពន្លា​ជួប​ព្រះ‌អម្ចាស់ និង​អាសនៈ ហើយ​ចាក់​ទឹក​បំពេញ​អាង​នោះ​ផង។

8. ចូរ​ដំឡើង​រនាំង​ទី‌លាន​នៅ​ជុំ‌វិញ ហើយ​បាំង​វាំងនន​នៅ​ទ្វារ​ចូល​ទី‌លាន​ផង។

9. ចូរ​យក​ប្រេង​សម្រាប់​ពិធី​លាប​ប្រេង​មក រួច​ធ្វើ​ពិធី​លាប​ប្រេង​លើ​ព្រះ‌ពន្លា និង​អ្វីៗ​ទាំង​អស់​នៅ​ក្នុង​នោះ។ ចូរ​ញែក​ព្រះ‌ពន្លា និង​គ្រឿង​បរិក្ខារ​ទាំង​អស់​ជា​សក្ការៈ នោះ​ព្រះ‌ពន្លា​នឹង​ទៅ​ជា​សក្ការៈ។

10. ចូរ​ធ្វើ​ពិធី​លាប​ប្រេង​លើ​អាសនៈ​ថ្វាយ​តង្វាយ​ដុត និង​គ្រឿង​បរិក្ខារ​ទាំង​អស់​របស់​អាសនៈ។ ចូរ​ញែក​អាសនៈ​ជា​សក្ការៈ នោះ​អាសនៈ​នឹង​ទៅ​ជា​សក្ការៈ​បំផុត។

11. ចូរ​ធ្វើ​ពិធី​លាប​ប្រេង​លើ​អាង និង​កំណល់ ដើម្បី​ញែក​អាង​នោះ​ជា​សក្ការៈ។

12. ចូរ​នាំ​អើរ៉ុន និង​កូន​ប្រុស​របស់​គាត់ ចូល​មក​មាត់​ទ្វារ​ពន្លា​ជួប​ព្រះ‌អម្ចាស់ ហើយ​ធ្វើ​ពិធី​ងូត​ទឹក​ឲ្យ​ពួក​គេ។

13. ចូរ​យក​សម្លៀក‌បំពាក់​សក្ការៈ​មក​ពាក់​ឲ្យ​អើរ៉ុន ហើយ​ចាក់​ប្រេង​ញែក​គាត់​ឲ្យ​បាន​វិសុទ្ធ ដើម្បី​ឲ្យ​គាត់​បំពេញ​មុខ‌ងារ​ជា​បូជា‌ចារ្យ*​បម្រើ​យើង។

14. ចូរ​នាំ​កូន​ប្រុស​របស់​អើរ៉ុន​ចូល​មក ចូរ​យក​អាវ​វែង​ពាក់​ឲ្យ​ពួក​គេ

15. ហើយ​ចាក់​ប្រេង​តែង‌តាំង​ពួក​គេ ដូច​អ្នក​បាន​ចាក់​ប្រេង​លើ​ឪពុក​របស់​ពួក​គេ​ដែរ ដើម្បី​ឲ្យ​ពួក​គេ​បំពេញ​មុខ‌ងារ​ជា​បូជា‌ចារ្យ​បម្រើ​យើង។ ពិធី​ចាក់​ប្រេង​នេះ​បញ្ជាក់​ថា ពួក​គេ និង​ពូជ‌ពង្ស​របស់​ពួក​គេ មាន​មុខ‌ងារ​ជា​បូជា‌ចារ្យ​រហូត​ត​ទៅ»។

16. លោក​ម៉ូសេ​ធ្វើ​តាម​ព្រះ‌បន្ទូល​ទាំង​អស់ ដែល​ព្រះ‌អម្ចាស់​បាន​បង្គាប់​លោក។

17. ជន‌ជាតិ​អ៊ីស្រា‌អែល​ដំឡើង​ព្រះ‌ពន្លា នៅ​ថ្ងៃ​ទី​មួយ​នៃ​ខែ​ទី​មួយ ក្នុង​ឆ្នាំ​ទី​ពីរ ក្រោយ​ពេល​ចាក​ចេញ​ពី​ស្រុក​អេស៊ីប។

18. លោក​ម៉ូសេ​ឲ្យ​គេ​ដំឡើង​ព្រះ‌ពន្លា ដោយ​ដាក់​ជើង​ទ្រ ដាក់​ស៊ុម ដាក់​ឈើ​ទទឹង ព្រម​ទាំង​បង្គោល។

19. គេ​លាត​ក្រណាត់​បាំង​ព្រះ‌ពន្លា ដាក់​ក្រណាត់​គ្រប​ពី​លើ ដូច​ព្រះ‌អម្ចាស់​បង្គាប់​លោក​ម៉ូសេ។

សូមអានជំពូកពេញលេញ និក្ខមនំ 40