គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

និក្ខមនំ 4:6-18 Khmer Standard Version (KHSV)

6. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ទៀត​ថា៖ «ចូរ​ដាក់​ដៃ​លើ​ទ្រូង​អ្នក​ទៅ»។ លោក​ម៉ូសេ​ក៏​ដាក់​ដៃ​លើ​ទ្រូង រួច​ពេល​ដក​ដៃ​មក​វិញ លោក​ឃើញ​ដៃ​លោក​កើត​ឃ្លង់ ឡើង​ស​ដូច​កប្បាស។

7. ព្រះ‌អម្ចាស់​បញ្ជា​ទៀត​ថា៖ «ចូរ​ដាក់​ដៃ​លើ​ទ្រូង​អ្នក​ម្ដង​ទៀត»។ លោក​ម៉ូសេ​ដាក់​ដៃ​លើ​ទ្រូង ហើយ​ពេល​លោក​ដក​ដៃ​មក​វិញ លោក​ឃើញ​ដៃ​លោក​ជា​ដូច​ធម្មតា។

8. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «ប្រសិន​បើ​ពួក​គេ​មិន​ជឿ​អ្នក ហើយ​មិន​យក​ចិត្ត​ទុក​ដាក់​នឹង​ទី​សម្គាល់​ទី​មួយ​ទេ គេ​មុខ​ជា​ជឿ​លើ​ទី​សម្គាល់​ក្រោយ​នេះ។

9. ប្រសិន​បើ​ពួក​គេ​នៅ​តែ​មិន​ជឿ​លើ​ទី​សម្គាល់​ទាំង​ពីរ​នេះ ហើយ​មិន​ស្ដាប់​សម្ដី​របស់​អ្នក​ទេ ចូរ​យក​ទឹក​ទន្លេ​នីល​ទៅ​ចាក់​លើ​ដី​ស្ងួត ទឹក​ដែល​អ្នក​យក​ពី​ទន្លេ​នីល​មក​នោះ នឹង​ក្លាយ​ទៅ​ជា​ឈាម​នៅ​លើ​ដី​ស្ងួត»។

10. លោក​ម៉ូសេ​ទូល​ព្រះ‌អម្ចាស់​ថា៖ «បពិត្រ​ព្រះ‌អម្ចាស់​តាំង​តែ​ពី​ដើម​រៀង​មក រហូត​ដល់​ពេល​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​មក​ទូលបង្គំ ទូលបង្គំ​មិន​មែន​ជា​មនុស្ស​ពូកែ​វោហារ​ទេ ដ្បិត​ទូលបង្គំ​មិន​ប្រសប់​និយាយ»។

11. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ថា៖ «តើ​នរណា​ធ្វើ​ឲ្យ​មនុស្ស​មាន​មាត់? តើ​នរណា​ធ្វើ​ឲ្យ​មនុស្ស​ទៅ​ជា គ ឬ​ថ្លង់ មើល​ឃើញ ឬ​ខ្វាក់? តើ​មិន​មែន​យើង​ទេ​ឬ​អី?

12. ឥឡូវ​នេះ ចូរ​ចេញ​ទៅ​ចុះ ពេល​អ្នក​និយាយ យើង​នឹង​នៅ​ជា​មួយ​អ្នក យើង​នឹង​ប្រាប់​អ្នក​អំពី​សេចក្ដី​ដែល​ត្រូវ​និយាយ»។

13. លោក​ម៉ូសេ​ទូល​ព្រះ‌អង្គ​ថា៖ «ព្រះ‌អម្ចាស់​អើយ សូម​ព្រះ‌អង្គ​ចាត់​នរណា​ម្នាក់​ទៀត​ឲ្យ​ទៅ​ចុះ!»។

14. ពេល​នោះ ព្រះ‌អម្ចាស់​ទ្រង់​ព្រះ‌ពិរោធ​ទាស់​នឹង​លោក​ម៉ូសេ​យ៉ាង​ខ្លាំង ហើយ​មាន​ព្រះ‌បន្ទូល​ថា៖ «អ្នក​មាន​បង​ប្រុស​ម្នាក់​ឈ្មោះ​អើរ៉ុន ជា​កូន​ចៅ​លេវី។ យើង​ដឹង​ថា គាត់​ជា​មនុស្ស​ពូកែ​វោហារ ហើយ​កំពុង​តែ​មក​រក​ជួប​អ្នក​ទៀត​ផង។ កាល​ណា​គាត់​ឃើញ​អ្នក នោះ​គាត់​មុខ​ជា​សប្បាយ​រីក‌រាយ​យ៉ាង​ខ្លាំង។

15. អ្នក​នឹង​ប្រាប់​គាត់​ឲ្យ​និយាយ​ជំនួស​នូវ​សេចក្ដី ដែល​អ្នក​ត្រូវ​និយាយ។ រីឯ​យើង​វិញ យើង​នឹង​ស្ថិត​នៅ​ជា​មួយ​អ្នក​ទាំង​ពីរ ក្នុង​ពេល​ដែល​អ្នក​ទាំង​ពីរ​និយាយ ហើយ​ប្រាប់​អំពី​អ្វីៗ​ដែល​អ្នក​ទាំង​ពីរ​ត្រូវ​ធ្វើ។

16. គាត់​នឹង​និយាយ​ទៅ​កាន់​ប្រជា‌ជន​ជំនួស​អ្នក គាត់​ជា​អ្នក​នាំ​ពាក្យ​របស់​អ្នក ហើយ​អ្នក​ប្រៀប​ដូច​ជា​ព្រះ​សម្រាប់​គាត់។

17. ចូរ​កាន់​ដំបង​នេះ​ទៅ​ជា​មួយ ដោយ‌សារ​ដំបង​នេះ អ្នក​អាច​ធ្វើ​ទី​សម្គាល់​ដ៏​អស្ចារ្យ​ផ្សេងៗ»។

18. លោក​ម៉ូសេ​ក៏​ចេញ​ទៅ ត្រឡប់​ទៅ​ជួប​លោក​យេត្រូ ជា​ឪពុក​ក្មេក ហើយ​ជម្រាប​ថា៖ «ខ្ញុំ​ត្រូវ​តែ​ត្រឡប់​ទៅ​រក​បង‌ប្អូន​រួម​ជាតិ​របស់​ខ្ញុំ នៅ​ស្រុក​អេស៊ីប​វិញ ដើម្បី​ឲ្យ​ដឹង​ថា ពួក​គេ​នៅ​រស់​ឬ​យ៉ាង​ណា?»។ លោក​យេត្រូ​មាន​ប្រសាសន៍​ទៅ​កាន់​លោក​ម៉ូសេ​ថា៖ «ចូរ​កូន​ទៅ​ដោយ​សុខ‌សាន្ត​ចុះ!»។

សូមអានជំពូកពេញលេញ និក្ខមនំ 4