គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

និក្ខមនំ 35:23-34 Khmer Standard Version (KHSV)

23. អស់​អ្នក​ដែល​មាន​ក្រណាត់​ពណ៌​ស្វាយ ពណ៌​ក្រហម និង​ពណ៌​ក្រហម​ទុំ ព្រម​ទាំង​ក្រណាត់​ទេស‌ឯក​សុទ្ធ និង​ក្រណាត់​ធ្វើ​ពី​រោម​ពពែ ស្បែក​ចៀម​ជ្រលក់​ពណ៌​ក្រហម ស្បែក​ផ្សោត ក៏​នាំ​យក​របស់​ទាំង​នោះ​មក​ថ្វាយ​ដែរ។

24. អស់​អ្នក​ដែល​មាន​ប្រាក់ និង​លង្ហិន បាន​នាំ​យក​តង្វាយ​ដែល​គេ​ញែក​ទុក​នោះ មក​ថ្វាយ​ព្រះ‌អម្ចាស់ អស់​អ្នក​ដែល​មាន​ឈើ​នាង‌នួន បាន​នាំ​យក​ឈើ​នោះ​មក ដើម្បី​ធ្វើ​វត្ថុ​ផ្សេងៗ​ថ្វាយ​ព្រះ‌អម្ចាស់។

25. ស្ត្រី​ទាំង​ប៉ុន្មាន​ដែល​ប៉ិន‌ប្រសប់​ខាង​ត្បាញ ក៏​នាំ​យក​ក្រណាត់​ដែល​ខ្លួន​ត្បាញ​មក​ថ្វាយ​ដែរ គឺ​មាន​ក្រណាត់​ពណ៌​ស្វាយ ពណ៌​ក្រហម និង​ពណ៌​ក្រហម​ទុំ ព្រម​ទាំង​ក្រណាត់​ទេស‌ឯក​សុទ្ធ។

26. ស្ត្រី​ទាំង​ប៉ុន្មាន​ដែល​មាន​ចិត្ត​សទ្ធា​ជ្រះ‌ថ្លា និង​ប៉ិន‌ប្រសប់ បាន​នាំ​គ្នា​ត្បាញ​ក្រណាត់​រោម​ពពែ​មក​ថ្វាយ​ផង​ដែរ។

27. ពួក​មេ​ដឹក​នាំ​ប្រជា‌ជន​បាន​យក​ត្បូង​មណី‌ជោតិរស និង​ត្បូង​ឯ​ទៀតៗ​សម្រាប់​លំអ​អាវ​អេផូដ និង​ប្រដាប់​ពាក់​លើ​ទ្រូង

28. ព្រម​ទាំង​គ្រឿង​ក្រអូប និង​ប្រេង ដើម្បី​ផលិត​ប្រេង​សម្រាប់​ដុត ប្រេង​សម្រាប់​ពិធី​លាប​ប្រេង និង​ប្រេង​ក្រអូប។

29. ជន‌ជាតិ​អ៊ីស្រា‌អែល​ទាំង​អស់ ទាំង​ប្រុស ទាំង​ស្រី ដែល​មាន​ចិត្ត​ទូលាយ បាន​នាំ​គ្នា​យក​តង្វាយ​មក​ថ្វាយ​ព្រះ‌អម្ចាស់ ដោយ​ស្ម័គ្រ‌ចិត្ត ដើម្បី​សង់​អ្វីៗ​ទាំង​អស់ ដែល​ព្រះ‌អម្ចាស់​បង្គាប់​មក​តាម​រយៈ​លោក​ម៉ូសេ។

30. លោក​ម៉ូសេ​មាន​ប្រសាសន៍​ទៅ​កាន់​ជន‌ជាតិ​អ៊ីស្រា‌អែល​ថា៖ «ព្រះ‌អម្ចាស់​បាន​ជ្រើស‌រើស​លោក​បេតសា‌លាល ជា​កូន​លោក​យូរី និង​ជា​ចៅ​របស់​លោក​ហ៊ើរ ក្នុង​កុល‌សម្ព័ន្ធ​យូដា

31. ហើយ​ព្រះ‌អង្គ​ប្រទាន​ឲ្យ​គាត់​ពោរ‌ពេញ​ដោយ​ព្រះ‌វិញ្ញាណ ដើម្បី​ឲ្យ​លោក​មាន​ប្រាជ្ញា​ឆ្លាត​វាង‌វៃ ចេះ​ធ្វើ​គ្រប់​កិច្ចការ

32. គឺ​ចេះ​លើក​គម្រោង ហើយ​ជា​ជាង​មាស ជាង​ប្រាក់ និង​ជាង​លង្ហិន

33. ចេះ​ឆ្នៃ និង​ដាំ​ត្បូង ចេះ​ឆ្លាក់​ឈើ។ សរុប​មក គាត់​ចេះ​ធ្វើ​ការ‌ងារ​សិប្ប‌កម្ម​គ្រប់​មុខ។

34. ព្រះ‌អង្គ​ប្រទាន​ឲ្យ​គាត់ ព្រម​ទាំង​លោក​អូហូ‌លីអាប់ ជា​កូន​របស់​លោក​អហ៊ី‌សាម៉ាក​ពី​កុល‌សម្ព័ន្ធ​ដាន់ មាន​ជំនាញ​ខាង​បង្ហាត់​បង្រៀន​ការ‌ងារ​សិប្ប‌កម្ម​នេះ​ដល់​អ្នក​ដទៃ​ទៀត។

សូមអានជំពូកពេញលេញ និក្ខមនំ 35