គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

និក្ខមនំ 34:17-28 Khmer Standard Version (KHSV)

17. មិន​ត្រូវ​យក​លោហ‌ធាតុ​មក​សិត​ធ្វើ​ជា​រូប​ព្រះ​ឡើយ។

18. ត្រូវ​ធ្វើ​ពិធី​បុណ្យ​នំប៉័ង​ឥត​មេ គឺ​អ្នក​រាល់​គ្នា​ត្រូវ​បរិភោគ​នំប៉័ង​ឥត​មេ ចំនួន​ប្រាំ‌ពីរ​ថ្ងៃ នៅ​ខែ​ចេត្រ ដូច​យើង​បាន​បង្គាប់ និង​កំណត់​ទុក ព្រោះ​នៅ​ខែ​ចេត្រ​នោះ យើង​បាន​នាំ​អ្នក​ចេញ​ពី​ស្រុក​អេស៊ីប។

19. កូន​ប្រុស​ច្បង​ទាំង​អស់​ជា​កម្មសិទ្ធិ​របស់​យើង ហើយ​កូន​ឈ្មោល​ដំបូង​របស់​គោ និង​ចៀម​ពី​ក្នុង​ហ្វូង​សត្វ​របស់​អ្នក ក៏​ជា​កម្មសិទ្ធិ​របស់​យើង​ដែរ។

20. រីឯ​កូន​ដំបូង​របស់​សត្វ​លា អ្នក​ត្រូវ​យក​កូន​ចៀម​មក​លោះ បើ​អ្នក​មិន​លោះ​វា​ទេ ត្រូវ​វាយ​បំបាក់​ក​កូន​លា​នោះ។ អ្នក​ក៏​ត្រូវ​លោះ​កូន​ប្រុស​ច្បង​ទាំង​អស់​របស់​អ្នក​ដែរ។ មិន​ត្រូវ​ចូល​មក​រក​យើង ដោយ​ដៃ​ទទេ​ឡើយ។

21. អ្នក​ត្រូវ​ធ្វើ​ការ​ប្រាំ​មួយ​ថ្ងៃ ប៉ុន្តែ នៅ​ថ្ងៃ​ទី​ប្រាំ‌ពីរ អ្នក​រាល់​គ្នា​ត្រូវ​គោរព​ថ្ងៃ​សប្ប័ទ* ទោះ​បី​នៅ​រដូវ​ភ្ជួរ​រាស់ ឬ​រដូវ​ច្រូត​កាត់​ក៏​ដោយ។

22. អ្នក​ត្រូវ​ធ្វើ​ពិធី​បុណ្យ​ថ្ងៃ​ទី​ហា‌សិប* នៅ​ពេល​ចាប់​ផ្ដើម​ច្រូត​ស្រូវ ហើយ​ធ្វើ​ពិធី​បុណ្យ​ប្រមូល​ភោគ‌ផល​នៅ​ចុង​ឆ្នាំ។

23. ក្នុង​មួយ​ឆ្នាំ ក្នុង​ចំណោម​ប្រជា‌ជន ប្រុសៗ​ទាំង​អស់​ត្រូវ​មក​បង្ហាញ​ខ្លួន នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌ជា‌អម្ចាស់​ជា​ព្រះ​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល​ចំនួន​បី​ដង។

24. កាល​យើង​បណ្ដេញ​ជាតិ​សាសន៍​នានា​ចេញ​ពី​មុខ​អ្នក យើង​នឹង​ពង្រីក​ទឹក​ដី​របស់​អ្នក។ ក្នុង​អំឡុង​ពេល​ទាំង​បី​ដង​ក្នុង​មួយ​ឆ្នាំ ដែល​អ្នក​មក​បង្ហាញ​ខ្លួន នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក គ្មាន​នរណា​លោភ‌លន់​ចង់​បាន​ដី​របស់​អ្នក​ឡើយ។

25. មិន​ត្រូវ​យក​នំប៉័ង​មាន​មេ មក​ថ្វាយ​ជា​មួយ​ឈាម​នៃ​យញ្ញ‌បូជា​ឡើយ ហើយ​ក៏​មិន​ត្រូវ​រក្សា​សាច់​របស់​យញ្ញ‌បូជា​នៃ​ពិធី​បុណ្យ​ចម្លង រហូត​ដល់​ព្រឹក​ស្អែក​ដែរ។

26. ចូរ​នាំ​យក​ភោគ‌ផល​ដំបូង​បង្អស់​នៃ​ដំណាំ​របស់​អ្នក​រាល់​គ្នា មក​ថ្វាយ​ក្នុង​ដំណាក់​នៃ​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក។ មិន​ត្រូវ​ស្ងោរ​កូន​ពពែ​ក្នុង​ទឹក​ដោះ​របស់​មេ​វា​ឡើយ»។

27. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «ចូរ​កត់‌ត្រា​ពាក្យ​ទាំង​នេះ​ទុក ដ្បិត​ពាក្យ​ទាំង​នេះ​ជា​មូល‌ដ្ឋាន​នៃ​សម្ពន្ធ‌មេត្រី ដែល​យើង​ចង​ជា​មួយ​អ្នក និង​ប្រជា‌ជន​អ៊ីស្រា‌អែល»។

28. លោក​ម៉ូសេ​ស្ថិត​នៅ​លើ​ភ្នំ​ជា​មួយ​ព្រះ‌អម្ចាស់ អស់​រយៈ​ពេល​សែ‌សិប​ថ្ងៃ សែ‌សិប​យប់ ដោយ​មិន​បរិភោគ​អ្វី​ឡើយ សូម្បី​តែ​ទឹក​ក៏​លោក​មិន​បរិភោគ​ដែរ។ លោក​ចារ​ព្រះ‌បន្ទូល​នៃ​សម្ពន្ធ‌មេត្រី ដែល​ជា​បទ‌បញ្ជា​ទាំង​ដប់​នៅ​លើ​បន្ទះ​ថ្ម។

សូមអានជំពូកពេញលេញ និក្ខមនំ 34