គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

និក្ខមនំ 34:10-18 Khmer Standard Version (KHSV)

10. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «ឥឡូវ​នេះ យើង​ចង​សម្ពន្ធ‌មេត្រី​ជា​មួយ​អ្នក​រាល់​គ្នា។ យើង​នឹង​សម្តែង​ការ​អស្ចារ្យ ឲ្យ​ប្រជា‌ជន​អ៊ីស្រា‌អែល​ឃើញ ជា​ការ​អស្ចារ្យ​ដែល​មិន​ធ្លាប់​មាន​កាល​ពី​មុន​មក នៅ​លើ​ផែនដី និង​នៅ​ក្នុង​ចំណោម​ប្រជា‌ជាតិ​នានា។ ប្រជា‌ជន​នៅ​ជា​មួយ​អ្នក​នឹង​ឃើញ​ស្នា​ព្រះ‌ហស្ដ​ដ៏​គួរ​ឲ្យ​កោត​ស្ញប់‌ស្ញែង ដែល​ព្រះ‌អម្ចាស់​បាន​ធ្វើ តាម​រយៈ​អ្នក។

11. ចូរ​យក​ចិត្ត​ទុក​ដាក់​ប្រតិបត្តិ​តាម​សេចក្ដី​ដែល​យើង​បង្គាប់​អ្នក​នៅ​ថ្ងៃ​នេះ។ យើង​នឹង​បណ្ដេញ​ជន‌ជាតិ​អាម៉ូរី ជន‌ជាតិ​កាណាន ជន‌ជាតិ​ហេត ជន‌ជាតិ​ពេរិ‌ស៊ីត ជន‌ជាតិ​ហេវី និង​ជន‌ជាតិ​យេប៊ូស ចេញ​ពី​មុខ​អ្នក​រាល់​គ្នា។

12. ចូរ​ប្រយ័ត្ន មិន​ត្រូវ​ចង​សម្ពន្ធ‌មិត្ត​ជា​មួយ​ប្រជា‌ជន​នៅ​ក្នុង​ស្រុក ដែល​អ្នក​នឹង​ចូល​ទៅ​រស់​នៅ​នោះ​ឡើយ ក្រែង​លោ​ពួក​គេ​ក្លាយ​ទៅ​ជា​អន្ទាក់ ក្នុង​ចំណោម​អ្នក។

13. ផ្ទុយ​ទៅ​វិញ អ្នក​រាល់​គ្នា​ត្រូវ​បំផ្លាញ​អាសនៈ​របស់​ពួក​គេ បំបាក់​ស្តូប​របស់​ពួក​គេ ព្រម​ទាំង​ផ្ដួល​រំលំ​បង្គោល​សក្ការៈ​របស់​ពួក​គេ​ទៀត​ផង។

14. មិន​ត្រូវ​ក្រាប​ថ្វាយ‌បង្គំ​ព្រះ​ណា​ទៀត​ឡើយ ដ្បិត​យើង​ជា​ព្រះ‌អម្ចាស់ យើង​មិន​ចង់​ឲ្យ​អ្នក​ជំពាក់​ចិត្ត​នឹង​ព្រះ​ផ្សេង​ជា​ដាច់​ខាត។

15. កុំ​ចង​សម្ពន្ធ‌មិត្ត​ជា​មួយ​ប្រជា‌ជន​នៅ​ស្រុក​នោះ ក្រែង​លោ​ពេល​ណា​គេ​ធ្វើ​យញ្ញ‌បូជា​ដល់​ព្រះ​របស់​គេ គេ​នឹង​អញ្ជើញ​អ្នក​ឲ្យ​ចូល​រួម​បរិភោគ ជា​ហេតុ​នាំ​ឲ្យ​អ្នក​ក្បត់​ចិត្ត​យើង។

16. ម្យ៉ាង​ទៀត បើ​កូន​ប្រុស​របស់​អ្នក​រៀប‌ការ​ជា​មួយ​កូន​ស្រី​របស់​គេ ពេល​កូន​ស្រី​របស់​គេ​ថ្វាយ‌បង្គំ​ព្រះ​របស់​ខ្លួន នោះ​នាង​ក៏​នាំ​កូន​ប្រុស​របស់​អ្នក ឲ្យ​ក្បត់​ចិត្ត​យើង​ដែរ។

17. មិន​ត្រូវ​យក​លោហ‌ធាតុ​មក​សិត​ធ្វើ​ជា​រូប​ព្រះ​ឡើយ។

18. ត្រូវ​ធ្វើ​ពិធី​បុណ្យ​នំប៉័ង​ឥត​មេ គឺ​អ្នក​រាល់​គ្នា​ត្រូវ​បរិភោគ​នំប៉័ង​ឥត​មេ ចំនួន​ប្រាំ‌ពីរ​ថ្ងៃ នៅ​ខែ​ចេត្រ ដូច​យើង​បាន​បង្គាប់ និង​កំណត់​ទុក ព្រោះ​នៅ​ខែ​ចេត្រ​នោះ យើង​បាន​នាំ​អ្នក​ចេញ​ពី​ស្រុក​អេស៊ីប។

សូមអានជំពូកពេញលេញ និក្ខមនំ 34