គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

និក្ខមនំ 34:1-15 Khmer Standard Version (KHSV)

1. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «ចូរ​ដាប់​ថ្ម​ពីរ​បន្ទះ​ដូច​បន្ទះ​ថ្ម​មុន​ដែរ។ យើង​នឹង​សរសេរ​សេចក្ដី​ទាំង​ប៉ុន្មាន​ដែល​មាន​ចារឹក​លើ​បន្ទះ​ថ្ម ដែល​អ្នក​បាន​ធ្វើ​ឲ្យ​បែក លើ​បន្ទះ​ថ្ម​ថ្មី​នេះ។

2. ចូរ​ត្រៀម​ខ្លួន​តាំង​ពី​ព្រលឹម ហើយ​ឡើង​ទៅ​លើ​ភ្នំ​ស៊ីណៃ រួច​រង់‌ចាំ​យើង​នៅ​លើ​កំពូល​ភ្នំ។

3. មិន​ត្រូវ​ឲ្យ​នរណា​ឡើង​មក​ជា​មួយ​អ្នក មិន​ត្រូវ​ឲ្យ​មាន​នរណា​នៅ​លើ​ភ្នំ​នេះ ហើយ​សូម្បី​តែ​ចៀម ឬ​គោ ក៏​មិន​ត្រូវ​ឲ្យ​មក​ស៊ី​ស្មៅ​នៅ​តាម​ជើង​ភ្នំ​ដែរ»។

4. លោក​ម៉ូសេ​ក៏​ដាប់​ថ្ម​ពីរ​បន្ទះ ដូច​បន្ទះ​ថ្ម​មុន។ លោក​ក្រោក​ពី​ព្រលឹម ឡើង​ទៅ​លើ​ភ្នំ​ស៊ីណៃ តាម​បញ្ជា​របស់​ព្រះ‌អម្ចាស់ ទាំង​កាន់​បន្ទះ​ថ្ម​ពីរ​នោះ​ទៅ​ជា​មួយ​ផង។

5. ព្រះ‌អម្ចាស់​បាន​ចុះ​មក​ក្នុង​ពពក* ហើយ​គង់​នៅ​ទី​នោះ ក្បែរ​លោក​ម៉ូសេ ទាំង​ប្រកាស​ព្រះ‌នាម​ព្រះ‌អម្ចាស់។

6. បន្ទាប់​មក ព្រះ‌អម្ចាស់​បាន​ឆ្លង​កាត់​ពី​មុខ​លោក​ម៉ូសេ ទាំង​ប្រកាស​ថា៖ «ព្រះ‌អម្ចាស់ ព្រះ‌អម្ចាស់ ជា​ព្រះ​ប្រកប​ដោយ​ព្រះ‌ហឫទ័យ​អាណិត​អាសូរ និង​ប្រណី​សន្ដោស ព្រះ‌អង្គ​មាន​ព្រះ‌ហឫទ័យ​អត់‌ធ្មត់ ហើយ​ពោរ‌ពេញ​ទៅ​ដោយ​ព្រះ‌ហឫទ័យ​មេត្តា​ករុណា និង​ស្មោះ‌ស្ម័គ្រ​ជា‌និច្ច។

7. ព្រះ‌អង្គ​សម្តែង​ព្រះ‌ហឫទ័យ​មេត្តា​ករុណា រហូត​ដល់​មួយ​ពាន់​ដំណ ព្រះ‌អង្គ​តែងតែ​អត់‌ទោស​ចំពោះ​កំហុស អំពើ​ទុច្ចរិត និង​អំពើ​បាប​ដែល​មនុស្ស​បាន​ប្រព្រឹត្ត តែ​ព្រះ‌អង្គ​មិន​ចាត់​ទុក​អ្នក​មាន​កំហុស​ថា​ជា​ជន​ស្លូត​ត្រង់​ឡើយ។ អ្នក​ធ្វើ​ខុស ព្រះ‌អង្គ​ដាក់​ទោស​គេ​ចាប់​ពី​ឪពុក​រហូត​ដល់​កូន​ចៅ​បី​បួន​តំណ!»។

8. លោក​ម៉ូសេ​ប្រញាប់‌ប្រញាល់​ក្រាប​ដល់​ដី ថ្វាយ‌បង្គំ​ព្រះ‌អម្ចាស់។

9. លោក​ទូល​ថា៖ «បពិត្រ​ព្រះ‌អម្ចាស់! ប្រសិន​បើ​ព្រះ‌អង្គ​គាប់​ព្រះ‌ហឫទ័យ​នឹង​ទូលបង្គំ​មែន សូម​ព្រះ‌អង្គ​យាង​ទៅ​ជា​មួយ​យើង​ខ្ញុំ​ផង។ ប្រជា‌ជន​ទាំង​នេះ​ជា​មនុស្ស​រឹង‌រូស ប៉ុន្តែ ព្រះ‌អង្គ​អត់‌ទោស​ចំពោះ​កំហុស និង​អំពើ​បាប ដែល​យើង​ខ្ញុំ​បាន​ប្រព្រឹត្ត ហើយ​ព្រះ‌អង្គ​ទទួល​យើង​ខ្ញុំ​ជា​ប្រជា‌រាស្ត្រ​ផ្ទាល់​របស់​ព្រះ‌អង្គ»។

10. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «ឥឡូវ​នេះ យើង​ចង​សម្ពន្ធ‌មេត្រី​ជា​មួយ​អ្នក​រាល់​គ្នា។ យើង​នឹង​សម្តែង​ការ​អស្ចារ្យ ឲ្យ​ប្រជា‌ជន​អ៊ីស្រា‌អែល​ឃើញ ជា​ការ​អស្ចារ្យ​ដែល​មិន​ធ្លាប់​មាន​កាល​ពី​មុន​មក នៅ​លើ​ផែនដី និង​នៅ​ក្នុង​ចំណោម​ប្រជា‌ជាតិ​នានា។ ប្រជា‌ជន​នៅ​ជា​មួយ​អ្នក​នឹង​ឃើញ​ស្នា​ព្រះ‌ហស្ដ​ដ៏​គួរ​ឲ្យ​កោត​ស្ញប់‌ស្ញែង ដែល​ព្រះ‌អម្ចាស់​បាន​ធ្វើ តាម​រយៈ​អ្នក។

11. ចូរ​យក​ចិត្ត​ទុក​ដាក់​ប្រតិបត្តិ​តាម​សេចក្ដី​ដែល​យើង​បង្គាប់​អ្នក​នៅ​ថ្ងៃ​នេះ។ យើង​នឹង​បណ្ដេញ​ជន‌ជាតិ​អាម៉ូរី ជន‌ជាតិ​កាណាន ជន‌ជាតិ​ហេត ជន‌ជាតិ​ពេរិ‌ស៊ីត ជន‌ជាតិ​ហេវី និង​ជន‌ជាតិ​យេប៊ូស ចេញ​ពី​មុខ​អ្នក​រាល់​គ្នា។

12. ចូរ​ប្រយ័ត្ន មិន​ត្រូវ​ចង​សម្ពន្ធ‌មិត្ត​ជា​មួយ​ប្រជា‌ជន​នៅ​ក្នុង​ស្រុក ដែល​អ្នក​នឹង​ចូល​ទៅ​រស់​នៅ​នោះ​ឡើយ ក្រែង​លោ​ពួក​គេ​ក្លាយ​ទៅ​ជា​អន្ទាក់ ក្នុង​ចំណោម​អ្នក។

13. ផ្ទុយ​ទៅ​វិញ អ្នក​រាល់​គ្នា​ត្រូវ​បំផ្លាញ​អាសនៈ​របស់​ពួក​គេ បំបាក់​ស្តូប​របស់​ពួក​គេ ព្រម​ទាំង​ផ្ដួល​រំលំ​បង្គោល​សក្ការៈ​របស់​ពួក​គេ​ទៀត​ផង។

14. មិន​ត្រូវ​ក្រាប​ថ្វាយ‌បង្គំ​ព្រះ​ណា​ទៀត​ឡើយ ដ្បិត​យើង​ជា​ព្រះ‌អម្ចាស់ យើង​មិន​ចង់​ឲ្យ​អ្នក​ជំពាក់​ចិត្ត​នឹង​ព្រះ​ផ្សេង​ជា​ដាច់​ខាត។

15. កុំ​ចង​សម្ពន្ធ‌មិត្ត​ជា​មួយ​ប្រជា‌ជន​នៅ​ស្រុក​នោះ ក្រែង​លោ​ពេល​ណា​គេ​ធ្វើ​យញ្ញ‌បូជា​ដល់​ព្រះ​របស់​គេ គេ​នឹង​អញ្ជើញ​អ្នក​ឲ្យ​ចូល​រួម​បរិភោគ ជា​ហេតុ​នាំ​ឲ្យ​អ្នក​ក្បត់​ចិត្ត​យើង។

សូមអានជំពូកពេញលេញ និក្ខមនំ 34