គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

និក្ខមនំ 33:13-23 Khmer Standard Version (KHSV)

13. ឥឡូវ​នេះ ប្រសិន​បើ​ព្រះ‌អង្គ​គាប់​ព្រះ‌ហឫទ័យ​នឹង​ទូលបង្គំ​មែន​នោះ សូម​បង្ហាញ​មាគ៌ា​របស់​ព្រះ‌អង្គ​មក​ទូលបង្គំ ដើម្បី​ឲ្យ​ទូលបង្គំ​ស្គាល់​ព្រះ‌អង្គ ហើយ​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌អង្គ​ទៀត​ផង។ សូម​នឹក​ចាំ​ថា​ប្រជា‌ជាតិ​នេះ​ជា​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ»។

14. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «យើង​នឹង​ទៅ​ជា​មួយ​អ្នក ហើយ​ផ្ដល់​សេចក្ដី​សុខ‌សាន្ត​ដល់​អ្នក»។

15. លោក​ម៉ូសេ​ទូល​ថា៖ «ប្រសិន​បើ​ព្រះ‌អង្គ​មិន​យាង​ទៅ​ជា​មួយ​យើង​ខ្ញុំ​ទេ សូម​កុំ​ឲ្យ​យើង​ខ្ញុំ​ចាក​ចេញ​ពី​នេះ​ឡើយ។

16. តើ​ធ្វើ​យ៉ាង​ណា​ដើម្បី​ឲ្យ​គេ​ដឹង​ថា ព្រះ‌អង្គ​គាប់​ព្រះ‌ហឫទ័យ​នឹង​ទូលបង្គំ ព្រម​ទាំង​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ? គឺ​មាន​តែ​ព្រះ‌អង្គ​យាង​ទៅ​ជា​មួយ​យើង​ខ្ញុំ​ប៉ុណ្ណោះ ទើប​គេ​ឃើញ​ថា ទូលបង្គំ និង​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ ខុស​ប្លែក​ពី​ជាតិ​សាសន៍​ទាំង‌ឡាយ​នៅ​លើ​ផែនដី»។

17. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «យើង​នឹង​ធ្វើ​តាម​សំណូម​ពរ​របស់​អ្នក ដ្បិត​យើង​ពេញ​ចិត្ត​នឹង​អ្នក ហើយ​ស្គាល់​អ្នក​យ៉ាង​ច្បាស់»។

18. លោក​ម៉ូសេ​ទូល​ថា៖ «សូម​ព្រះ‌អង្គ​បង្ហាញ​សិរី‌រុងរឿង​របស់​ព្រះ‌អង្គ​ឲ្យ​ទូលបង្គំ​ឃើញ​ផង»។

19. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «យើង​នឹង​សម្តែង​សេចក្ដី​សប្បុរស​របស់​យើង ហើយ​យើង​ប្រកាស​ឈ្មោះ​យើង ជា​ព្រះ‌អម្ចាស់ នៅ​ចំពោះ​មុខ​អ្នក។ យើង​នឹង​មាន​ចិត្ត​មេត្តា​ករុណា​ដល់​នរណា​ដែល​យើង​មេត្តា​ករុណា យើង​ក៏​នឹង​មាន​ចិត្ត​អាណិត​អាសូរ​ដល់​នរណា​ដែល​យើង​អាណិត​អាសូរ​ដែរ»។

20. ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៀត​ថា៖ «អ្នក​មិន​អាច​ឃើញ​មុខ​យើង​បាន​ទេ ដ្បិត​គ្មាន​មនុស្ស​ណា​អាច​ឃើញ​មុខ​យើង ហើយ​មាន​ជីវិត​ត​ទៅ​មុខ​ទៀត​ឡើយ»។

21. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «ចូរ​ឈរ​ជិត​យើង​លើ​ដុំ​ថ្ម នៅ​កន្លែង​នេះ!

22. ពេល​សិរី‌រុងរឿង​របស់​យើង​ឆ្លង​កាត់​តាម​នេះ យើង​នឹង​លាក់​អ្នក​ក្នុង​ក្រហែង​ថ្ម ហើយ​យក​ដៃ​របស់​យើង​មក​បាំង​អ្នក រហូត​ទាល់​តែ​យើង​ឆ្លង​ផុត​ទៅ។

23. បន្ទាប់​មក យើង​នឹង​ដក​ដៃ​ចេញ ហើយ​អ្នក​នឹង​ឃើញ​យើង​ពី​ក្រោយ តែ​គ្មាន​នរណា​អាច​ឃើញ​មុខ​យើង​ទេ»។

សូមអានជំពូកពេញលេញ និក្ខមនំ 33