គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

និក្ខមនំ 33:1-6 Khmer Standard Version (KHSV)

1. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «ចូរ​ចាក​ចេញ​ពី​ទី​នេះ ជា​មួយ​ប្រជា‌ជន​ដែល​អ្នក​បាន​នាំ​ចេញ​មក​ពី​ស្រុក​អេស៊ីប ហើយ​ចូល​ទៅ​ក្នុង​ស្រុក​ដែល​យើង​បាន​សន្យា​យ៉ាង​ម៉ឺង‌ម៉ាត់​ជា​មួយ​អប្រាហាំ អ៊ីសាក និង​យ៉ាកុប ថា​នឹង​ប្រគល់​ឲ្យ​ពូជ‌ពង្ស​របស់​គេ។

2. យើង​នឹង​ចាត់​ទេវតា​របស់​យើង​ឲ្យ​នាំ​មុខ​អ្នក យើង​នឹង​បណ្ដេញ​ជន‌ជាតិ​កាណាន ជន‌ជាតិ​អាម៉ូរី ជន‌ជាតិ​ហេត ជន‌ជាតិ​ពេរិ‌ស៊ីត ជន‌ជាតិ​ហេវី និង​ជន‌ជាតិ​យេប៊ូស។

3. អ្នក​រាល់​គ្នា​នឹង​ចូល​ទៅ​ក្នុង​ស្រុក ដែល​មាន​ភោគ​ទ្រព្យ​សម្បូណ៌​ហូរ‌ហៀរ ប៉ុន្តែ យើង​នឹង​មិន​នៅ​ជា​មួយ​អ្នក​រាល់​គ្នា​ទេ ក្រែង​យើង​ធ្វើ​ឲ្យ​អ្នក​រាល់​គ្នា​វិនាស​នៅ​តាម​ផ្លូវ ដ្បិត​អ្នក​រាល់​គ្នា​ជា​ប្រជា‌ជន​រឹង‌រូស»។

4. ពេល​ប្រជា‌ជន​ឮ​ព្រះ‌បន្ទូល​នេះ ពួក​គេ​កើត​ទុក្ខ​ព្រួយ ហើយ​គ្មាន​នរណា​ពាក់​គ្រឿង​អលង្ការ​ទៀត​ឡើយ។

5. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «ចូរ​ប្រាប់​ជន‌ជាតិ​អ៊ីស្រា‌អែល​ដូច​ត​ទៅ: អ្នក​រាល់​គ្នា​ជា​ប្រជា‌ជន​រឹង‌រូស! ប្រសិន​បើ​យើង​នៅ​ជា​មួយ​អ្នក​រាល់​គ្នា​តែ​មួយ‌ភ្លែត នោះ​យើង​នឹង​ធ្វើ​ឲ្យ​អ្នក​រាល់​គ្នា​វិនាស​ជា​មិន​ខាន។ ចូរ​ដោះ​គ្រឿង​អលង្ការ​ចេញ នោះ​យើង​នឹង​សម្រេច​ថា ត្រូវ​ធ្វើ​យ៉ាង​ណា​ជា​មួយ​អ្នក​រាល់​គ្នា»។

6. ដូច្នេះ ក្រោយ​ពេល​ចាក​ចេញ​ពី​ភ្នំ​ហោរែប ប្រជា‌ជន​អ៊ីស្រា‌អែល​លែង​ពាក់​គ្រឿង​អលង្ការ​ទៀត​ហើយ។

សូមអានជំពូកពេញលេញ និក្ខមនំ 33