គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

និក្ខមនំ 32:8-21 Khmer Standard Version (KHSV)

8. ពួក​គេ​ឆាប់​ងាក​ចេញ​ពី​មាគ៌ា ដែល​យើង​បាន​បង្ហាញ​ដល់​ពួក​គេ គឺ​ពួក​គេ​បាន​សិត​ធ្វើ​រូប​កូន​គោ​មួយ ហើយ​ក្រាប​ថ្វាយ‌បង្គំ និង​ថ្វាយ​យញ្ញ‌បូជា​ដល់​រូប​កូន​គោ​នោះ ទាំង​ពោល​ថា “អ៊ីស្រា‌អែល​អើយ នេះ​ជា​ព្រះ​ដែល​នាំ​អ្នក​ចេញ​ពី​ស្រុក​អេស៊ីប!”»។

9. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «យើង​ឃើញ​ហើយ​ថា ប្រជា‌ជន​នេះ​សុទ្ធ​តែ​ជា​មនុស្ស​រឹង‌រូស។

10. ឥឡូវ​នេះ ចូរ​ទុក​ឲ្យ​យើង​លុប​បំបាត់​ប្រជា‌ជន​នេះ ឲ្យ​វិនាស​សាប‌សូន្យ តាម​កំហឹង​របស់​យើង រួច​យើង​ឲ្យ​ប្រជា‌ជាតិ​ដ៏​ធំ​កើត​ចេញ​ពី​អ្នក»។

11. ប៉ុន្តែ លោក​ម៉ូសេ​ទូល‌អង្វរ សូម​ការ​ប្រោស‌ប្រណី​ពី​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​លោក ដោយ​មាន​ប្រសាសន៍​ថា៖ «បពិត្រ​ព្រះ‌អម្ចាស់ ហេតុ​អ្វី​បាន​ជា​ព្រះ‌អង្គ​ទ្រង់​ព្រះ‌ពិរោធ​នឹង​ប្រជា‌រាស្ត្រ ដែល​ព្រះ‌អង្គ​បាន​នាំ​ចេញ​ពី​ស្រុក​អេស៊ីប ដោយ​ឫទ្ធា‌នុភាព និង​ព្រះ‌បារមី​ដ៏​ខ្លាំង​ពូកែ​ដូច្នេះ? ដ្បិត​ពួក​គេ​ជា​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ។

12. សូម​កុំ​ឲ្យ​ជន‌ជាតិ​អេស៊ីប​ពោល​ថា “ព្រះ‌អង្គ​បាន​នាំ​ជន‌ជាតិ​អ៊ីស្រា‌អែល​ចេញ​ទៅ ដោយ​បំណង​អាក្រក់ ដើម្បី​សម្លាប់​ពួក​គេ​នៅ​តាម​ភ្នំ ព្រម​ទាំង​លុប​បំបាត់​ពួក​គេ​ឲ្យ​អស់​ពី​ផែនដី”។ សូម​ព្រះ‌អង្គ​ឈប់​ខ្ញាល់ ហើយ​ដូរ​ព្រះ‌ហឫទ័យ ឈប់​ធ្វើ​ទោស​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ​ទៅ។

13. សូម​នឹក​ដល់​លោក​អប្រាហាំ លោក​អ៊ីសាក និង​លោក​យ៉ាកុប ជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គ​ផង ដ្បិត​ព្រះ‌អង្គ​បាន​សន្យា​ជា​មួយ​អស់​លោក​ទាំង​នោះ​យ៉ាង​ម៉ឺង‌ម៉ាត់​ថា “យើង​នឹង​ធ្វើ​ឲ្យ​ពូជ‌ពង្ស​របស់​អ្នក​រាល់​គ្នា បាន​កើន​ចំនួន​ឡើង​ដូច​ជា​ផ្កាយ​នៅ​លើ​មេឃ យើង​នឹង​ប្រគល់​ស្រុក​ដែល​យើង​បាន​សន្យា​នេះ ដល់​ពូជ‌ពង្ស​របស់​អ្នក ហើយ​ពួក​គេ​នឹង​ទទួល​ស្រុក​នោះ​ជា​មត៌ក​រហូត​ត​ទៅ”»។

14. ព្រះ‌អម្ចាស់​ក៏​ដូរ​ព្រះ‌ហឫទ័យ​លែង​ធ្វើ​ទោស​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ ដូច​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល។

15. លោក​ម៉ូសេ​ក៏​ចុះ​ពី​លើ​ភ្នំ​មក​វិញ ដោយ​កាន់​បន្ទះ​ថ្ម​ទាំង​ពីរ ជា​សន្ធិ‌សញ្ញា ដែល​មាន​ចារ​អក្សរ​ទាំង​សង​ខាង។

16. បន្ទះ​ថ្ម​នេះ​ជា​ស្នា​ព្រះ‌ហស្ដ​របស់​ព្រះ‌ជាម្ចាស់ គឺ​ព្រះ‌ជាម្ចាស់​បាន​ចារ​អក្សរ ដោយ​ព្រះ‌ហស្ដ​របស់​ព្រះ‌អង្គ​ផ្ទាល់។

17. ពេល​លោក​យ៉ូស្វេ​ឮ​សំឡេង​ប្រជា‌ជន​ហ៊ោ​កញ្ជ្រៀវ លោក​មាន​ប្រសាសន៍​ទៅ​កាន់​លោក​ម៉ូសេ​ថា៖ «មាន​ឮ​សំឡេង​ប្រយុទ្ធ​គ្នា​នៅ​ក្នុង​ជំរំ»។

18. លោក​ម៉ូសេ​ឆ្លើយ​ថា៖ «ទេ នេះ​មិន​មែន​ជា​សម្រែក​ជ័យ‌ជំនះ ឬ​សម្រែក​បរា‌ជ័យ​ឡើយ តែ​ខ្ញុំ​ឮ​សូរ​សំឡេង​ចម្រៀង»។

19. លុះ​មក​ដល់​ជិត​ជំរំ លោក​ម៉ូសេ​បាន​ឃើញ​រូប​កូន​គោ និង​ឃើញ​ប្រជា‌ជន​កំពុង​តែ​លោត​រាំ​លេង លោក​ក្រេវ‌ក្រោធ​យ៉ាង​ខ្លាំង លោក​ក៏​បោក​បន្ទះ​ថ្ម​ដែល​លោក​កាន់ ឲ្យ​បែក​នៅ​ជើង​ភ្នំ​ទៅ។

20. លោក​យក​រូប​កូន​គោ ដែល​ពួក​គេ​បាន​ធ្វើ​ទៅ​ដុត រួច​លោក​កម្ទេច​ឲ្យ​ម៉ដ្ដ​ដូច​ម្សៅ ហើយ​យក​ម្សៅ​នោះ​ទៅ​ដាក់​ក្នុង​ទឹក ឲ្យ​ជន‌ជាតិ​អ៊ីស្រា‌អែល​ផឹក។

21. បន្ទាប់​មក លោក​ម៉ូសេ​មាន​ប្រសាសន៍​ទៅ​កាន់​លោក​អើរ៉ុន​ថា៖ «តើ​ប្រជា‌ជន​នេះ​ធ្វើ​អ្វី​ដល់​បង បាន​ជា​បង​បណ្ដោយ​ឲ្យ​ពួក​គេ​ប្រព្រឹត្ត​អំពើ​បាប​យ៉ាង​ធ្ងន់​បែប​នេះ?»។

សូមអានជំពូកពេញលេញ និក្ខមនំ 32