គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

និក្ខមនំ 32:19-30 Khmer Standard Version (KHSV)

19. លុះ​មក​ដល់​ជិត​ជំរំ លោក​ម៉ូសេ​បាន​ឃើញ​រូប​កូន​គោ និង​ឃើញ​ប្រជា‌ជន​កំពុង​តែ​លោត​រាំ​លេង លោក​ក្រេវ‌ក្រោធ​យ៉ាង​ខ្លាំង លោក​ក៏​បោក​បន្ទះ​ថ្ម​ដែល​លោក​កាន់ ឲ្យ​បែក​នៅ​ជើង​ភ្នំ​ទៅ។

20. លោក​យក​រូប​កូន​គោ ដែល​ពួក​គេ​បាន​ធ្វើ​ទៅ​ដុត រួច​លោក​កម្ទេច​ឲ្យ​ម៉ដ្ដ​ដូច​ម្សៅ ហើយ​យក​ម្សៅ​នោះ​ទៅ​ដាក់​ក្នុង​ទឹក ឲ្យ​ជន‌ជាតិ​អ៊ីស្រា‌អែល​ផឹក។

21. បន្ទាប់​មក លោក​ម៉ូសេ​មាន​ប្រសាសន៍​ទៅ​កាន់​លោក​អើរ៉ុន​ថា៖ «តើ​ប្រជា‌ជន​នេះ​ធ្វើ​អ្វី​ដល់​បង បាន​ជា​បង​បណ្ដោយ​ឲ្យ​ពួក​គេ​ប្រព្រឹត្ត​អំពើ​បាប​យ៉ាង​ធ្ងន់​បែប​នេះ?»។

22. លោក​អើរ៉ុន​តប​ថា៖ «សូម​លោក​ម្ចាស់​កុំ​ខឹង​អី លោក​ក៏​ជ្រាប​ហើយ​ថា ប្រជា‌ជន​នេះ​ចូល​ចិត្ត​តែ​ប្រព្រឹត្ត​អំពើ​អាក្រក់។

23. ពួក​គេ​នាំ​គ្នា​មក​ប្រាប់​ខ្ញុំ​ថា “សូម​លោក​ធ្វើ​រូប​ព្រះ​សម្រាប់​ដឹក​នាំ​ពួក​យើង​ផង ដ្បិត​ពួក​យើង​ពុំ​ដឹង​ថា មាន​រឿង​អ្វី​កើត​ឡើង​ចំពោះ​លោក​ម៉ូសេ ដែល​បាន​នាំ​ពួក​យើង​ចេញ​ពី​ស្រុក​អេស៊ីប​មក​នោះ​ឡើយ”។

24. ខ្ញុំ​បាន​ប្រាប់​ពួក​គេ​ថា អ្នក​ណា​មាន​មាស សុំ​យក​មក​ឲ្យ​ខ្ញុំ។ ពួក​គេ​យក​មាស​មក​ឲ្យ​ខ្ញុំ ខ្ញុំ​ក៏​បោះ​មាស​ទៅ​ក្នុង​ភ្លើង ស្រាប់​តែ​ចេញ​ជា​រូប​កូន​គោ​នេះ»។

25. លោក​ម៉ូសេ​ឃើញ​ថា លោក​អើរ៉ុន​បណ្ដោយ​ឲ្យ​ប្រជា‌ជន​ធ្វើ​អ្វី​តាម​អំពើ​ចិត្ត ជា​ហេតុ​នាំ​ឲ្យ​សត្រូវ​មើល‌ងាយ។

26. លោក​ទៅ​ឈរ​នៅ​ត្រង់​ទ្វារ​ចូល​ជំរំ ហើយ​ស្រែក​ថា៖ «អ្នក​ណា​ស្រឡាញ់​ព្រះ‌អម្ចាស់ អ្នក​នោះ​ត្រូវ​មក​ខាង​ខ្ញុំ»។ កូន​ចៅ​លេវី​ទាំង​អស់​នាំ​គ្នា​មក​មូល​ផ្ដុំ​ជុំ‌វិញ​លោក​ម៉ូសេ។

27. លោក​មាន​ប្រសាសន៍​ទៅ​ពួក​គេ​ថា៖ «ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល មាន​ព្រះ‌បន្ទូល​ដូច​ត​ទៅ “អ្នក​រាល់​គ្នា​ត្រូវ​កាន់​ដាវ​រៀងៗ​ខ្លួន ហើយ​ដើរ​ចុះ​ឡើង​ពី​ចុង​ម្ខាង​ទៅ​ចុង​ម្ខាង​ទៀត​នៃ​ជំរំ ទាំង​សម្លាប់​បង‌ប្អូន មិត្ត‌ភក្ដិ និង​សាច់‌ញាតិ​របស់​អ្នក​រាល់​គ្នា​ទៅ”»។

28. កូន​ចៅ​លេវី​នាំ​គ្នា​ធ្វើ​តាម​បង្គាប់​របស់​លោក​ម៉ូសេ ហើយ​នៅ​ថ្ងៃ​នោះ មាន​ជន‌ជាតិ​អ៊ីស្រា‌អែល​ប្រមាណ​បី​ពាន់​នាក់​ត្រូវ​បាត់​បង់​ជីវិត។

29. លោក​ម៉ូសេ​មាន​ប្រសាសន៍​ថា៖ «ថ្ងៃ​នេះ អ្នក​រាល់​គ្នា​ញែក​ខ្លួន​បម្រើ​ព្រះ‌អម្ចាស់ គឺ​អ្នក​រាល់​គ្នា​មិន​បាន​រារែក​ចិត្ត​ក្នុង​ការ​ប្រហារ​ជីវិត​កូន ឬ​បង‌ប្អូន​របស់​ខ្លួន​ឡើយ។ ដូច្នេះ សូម​ព្រះ‌អង្គ​ប្រទាន​ព្រះ‌ពរ​ដល់​អ្នក​រាល់​គ្នា​នៅ​ថ្ងៃ​នេះ»។

30. លុះ​ស្អែក​ឡើង លោក​ម៉ូសេ​មាន​ប្រសាសន៍​ទៅ​កាន់​ប្រជា‌ជន​ថា៖ «អ្នក​រាល់​គ្នា​បាន​ប្រព្រឹត្ត​អំពើ​បាប​យ៉ាង​ធ្ងន់។ ឥឡូវ​នេះ ខ្ញុំ​ត្រូវ​ឡើង​ទៅ​គាល់​ព្រះ‌អម្ចាស់​ម្ដង​ទៀត។ ប្រហែល​ជា​ខ្ញុំ​អាច​សូម​ព្រះ‌អង្គ​លើក‌លែង​ទោស​ឲ្យ​អ្នក​រាល់​គ្នា​បាន​រួច​ពី​បាប»។

សូមអានជំពូកពេញលេញ និក្ខមនំ 32