គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

និក្ខមនំ 32:16-25 Khmer Standard Version (KHSV)

16. បន្ទះ​ថ្ម​នេះ​ជា​ស្នា​ព្រះ‌ហស្ដ​របស់​ព្រះ‌ជាម្ចាស់ គឺ​ព្រះ‌ជាម្ចាស់​បាន​ចារ​អក្សរ ដោយ​ព្រះ‌ហស្ដ​របស់​ព្រះ‌អង្គ​ផ្ទាល់។

17. ពេល​លោក​យ៉ូស្វេ​ឮ​សំឡេង​ប្រជា‌ជន​ហ៊ោ​កញ្ជ្រៀវ លោក​មាន​ប្រសាសន៍​ទៅ​កាន់​លោក​ម៉ូសេ​ថា៖ «មាន​ឮ​សំឡេង​ប្រយុទ្ធ​គ្នា​នៅ​ក្នុង​ជំរំ»។

18. លោក​ម៉ូសេ​ឆ្លើយ​ថា៖ «ទេ នេះ​មិន​មែន​ជា​សម្រែក​ជ័យ‌ជំនះ ឬ​សម្រែក​បរា‌ជ័យ​ឡើយ តែ​ខ្ញុំ​ឮ​សូរ​សំឡេង​ចម្រៀង»។

19. លុះ​មក​ដល់​ជិត​ជំរំ លោក​ម៉ូសេ​បាន​ឃើញ​រូប​កូន​គោ និង​ឃើញ​ប្រជា‌ជន​កំពុង​តែ​លោត​រាំ​លេង លោក​ក្រេវ‌ក្រោធ​យ៉ាង​ខ្លាំង លោក​ក៏​បោក​បន្ទះ​ថ្ម​ដែល​លោក​កាន់ ឲ្យ​បែក​នៅ​ជើង​ភ្នំ​ទៅ។

20. លោក​យក​រូប​កូន​គោ ដែល​ពួក​គេ​បាន​ធ្វើ​ទៅ​ដុត រួច​លោក​កម្ទេច​ឲ្យ​ម៉ដ្ដ​ដូច​ម្សៅ ហើយ​យក​ម្សៅ​នោះ​ទៅ​ដាក់​ក្នុង​ទឹក ឲ្យ​ជន‌ជាតិ​អ៊ីស្រា‌អែល​ផឹក។

21. បន្ទាប់​មក លោក​ម៉ូសេ​មាន​ប្រសាសន៍​ទៅ​កាន់​លោក​អើរ៉ុន​ថា៖ «តើ​ប្រជា‌ជន​នេះ​ធ្វើ​អ្វី​ដល់​បង បាន​ជា​បង​បណ្ដោយ​ឲ្យ​ពួក​គេ​ប្រព្រឹត្ត​អំពើ​បាប​យ៉ាង​ធ្ងន់​បែប​នេះ?»។

22. លោក​អើរ៉ុន​តប​ថា៖ «សូម​លោក​ម្ចាស់​កុំ​ខឹង​អី លោក​ក៏​ជ្រាប​ហើយ​ថា ប្រជា‌ជន​នេះ​ចូល​ចិត្ត​តែ​ប្រព្រឹត្ត​អំពើ​អាក្រក់។

23. ពួក​គេ​នាំ​គ្នា​មក​ប្រាប់​ខ្ញុំ​ថា “សូម​លោក​ធ្វើ​រូប​ព្រះ​សម្រាប់​ដឹក​នាំ​ពួក​យើង​ផង ដ្បិត​ពួក​យើង​ពុំ​ដឹង​ថា មាន​រឿង​អ្វី​កើត​ឡើង​ចំពោះ​លោក​ម៉ូសេ ដែល​បាន​នាំ​ពួក​យើង​ចេញ​ពី​ស្រុក​អេស៊ីប​មក​នោះ​ឡើយ”។

24. ខ្ញុំ​បាន​ប្រាប់​ពួក​គេ​ថា អ្នក​ណា​មាន​មាស សុំ​យក​មក​ឲ្យ​ខ្ញុំ។ ពួក​គេ​យក​មាស​មក​ឲ្យ​ខ្ញុំ ខ្ញុំ​ក៏​បោះ​មាស​ទៅ​ក្នុង​ភ្លើង ស្រាប់​តែ​ចេញ​ជា​រូប​កូន​គោ​នេះ»។

25. លោក​ម៉ូសេ​ឃើញ​ថា លោក​អើរ៉ុន​បណ្ដោយ​ឲ្យ​ប្រជា‌ជន​ធ្វើ​អ្វី​តាម​អំពើ​ចិត្ត ជា​ហេតុ​នាំ​ឲ្យ​សត្រូវ​មើល‌ងាយ។

សូមអានជំពូកពេញលេញ និក្ខមនំ 32