គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

និក្ខមនំ 32:1-13 Khmer Standard Version (KHSV)

1. កាល​ប្រជា‌ជន​ឃើញ​លោក​ម៉ូសេ​ក្រ​ចុះ​ពី​ភ្នំ​មក​វិញ ពួក​គេ​លើក​គ្នា​មក​ជួប​លោក​អើរ៉ុន ហើយ​ពោល​ថា៖ «សូម​លោក​ធ្វើ​រូប​ព្រះ សម្រាប់​ដឹក​នាំ​យើង​ខ្ញុំ​ផង ដ្បិត​យើង​ខ្ញុំ​ពុំ​ដឹង​ថា មាន​រឿង​អ្វី​កើត​ឡើង​ចំពោះ​លោក​ម៉ូសេ ដែល​បាន​នាំ​ពួក​យើង​ចេញ​មក​ពី​ស្រុក​អេស៊ីប​នោះ​ឡើយ»។

2. លោក​អើរ៉ុន​មាន​ប្រសាសន៍​ទៅ​ពួក​គេ​ថា៖ «ចូរ​ដោះ​ក្រវិល​មាស​ពី​ត្រចៀក​ប្រពន្ធ និង​កូន​ប្រុស កូន​ស្រី​របស់​អ្នក​រាល់​គ្នា យក​មក​ឲ្យ​ខ្ញុំ»។

3. ប្រជា‌ជន​អ៊ីស្រា‌អែល​ទាំង​អស់​ក៏​ដោះ​ក្រវិល​មាស​ពី​ត្រចៀក​របស់​ពួក​គេ យក​មក​ជូន​លោក​អើរ៉ុន។

4. លោក​អើរ៉ុន​យក​ក្រវិល​ទាំង​នោះ​ទៅ​សិត​ធ្វើ​ជា​រូប​កូន​គោ​មួយ។ បន្ទាប់​មក ពួក​គេ​ស្រែក​ឡើង​ថា៖ «អ៊ីស្រា‌អែល​អើយ នេះ​ជា​ព្រះ​ដែល​បាន​នាំ​អ្នក​ចេញ​ពី​ស្រុក​អេស៊ីប!»។

5. ឃើញ​ដូច្នេះ លោក​អើរ៉ុន​ក៏​សង់​អាសនៈ​មួយ​នៅ​មុខ​រូប​គោ រួច​ប្រកាស​ថា៖ «នៅ​ថ្ងៃ​ស្អែក​នឹង​មាន​ពិធី​បុណ្យ​មួយ​ថ្វាយ​ព្រះ‌អម្ចាស់»។

6. លុះ​ស្អែក​ឡើង ប្រជា‌ជន​ក្រោក​ពី​ព្រលឹម នាំ​គ្នា​ថ្វាយ​តង្វាយ​ដុត​ទាំង​មូល និង​យញ្ញ‌បូជា​មេត្រី‌ភាព។ ប្រជា‌ជន​អង្គុយ​ស៊ី​ផឹក រួច​នាំ​គ្នា​ក្រោក​ឡើង​រាំ​យ៉ាង​សប្បាយ។

7. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «ចូរ​ត្រឡប់​ទៅ​វិញ​ចុះ ដ្បិត​ប្រជា‌ជន​របស់​អ្នក គឺ​ប្រជា‌ជន​ដែល​អ្នក​នាំ​ចេញ​ពី​ស្រុក​អេស៊ីប បាន​ប្រព្រឹត្ត​អំពើ​បាប​មួយ​យ៉ាង​ធ្ងន់។

8. ពួក​គេ​ឆាប់​ងាក​ចេញ​ពី​មាគ៌ា ដែល​យើង​បាន​បង្ហាញ​ដល់​ពួក​គេ គឺ​ពួក​គេ​បាន​សិត​ធ្វើ​រូប​កូន​គោ​មួយ ហើយ​ក្រាប​ថ្វាយ‌បង្គំ និង​ថ្វាយ​យញ្ញ‌បូជា​ដល់​រូប​កូន​គោ​នោះ ទាំង​ពោល​ថា “អ៊ីស្រា‌អែល​អើយ នេះ​ជា​ព្រះ​ដែល​នាំ​អ្នក​ចេញ​ពី​ស្រុក​អេស៊ីប!”»។

9. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «យើង​ឃើញ​ហើយ​ថា ប្រជា‌ជន​នេះ​សុទ្ធ​តែ​ជា​មនុស្ស​រឹង‌រូស។

10. ឥឡូវ​នេះ ចូរ​ទុក​ឲ្យ​យើង​លុប​បំបាត់​ប្រជា‌ជន​នេះ ឲ្យ​វិនាស​សាប‌សូន្យ តាម​កំហឹង​របស់​យើង រួច​យើង​ឲ្យ​ប្រជា‌ជាតិ​ដ៏​ធំ​កើត​ចេញ​ពី​អ្នក»។

11. ប៉ុន្តែ លោក​ម៉ូសេ​ទូល‌អង្វរ សូម​ការ​ប្រោស‌ប្រណី​ពី​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​លោក ដោយ​មាន​ប្រសាសន៍​ថា៖ «បពិត្រ​ព្រះ‌អម្ចាស់ ហេតុ​អ្វី​បាន​ជា​ព្រះ‌អង្គ​ទ្រង់​ព្រះ‌ពិរោធ​នឹង​ប្រជា‌រាស្ត្រ ដែល​ព្រះ‌អង្គ​បាន​នាំ​ចេញ​ពី​ស្រុក​អេស៊ីប ដោយ​ឫទ្ធា‌នុភាព និង​ព្រះ‌បារមី​ដ៏​ខ្លាំង​ពូកែ​ដូច្នេះ? ដ្បិត​ពួក​គេ​ជា​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ។

12. សូម​កុំ​ឲ្យ​ជន‌ជាតិ​អេស៊ីប​ពោល​ថា “ព្រះ‌អង្គ​បាន​នាំ​ជន‌ជាតិ​អ៊ីស្រា‌អែល​ចេញ​ទៅ ដោយ​បំណង​អាក្រក់ ដើម្បី​សម្លាប់​ពួក​គេ​នៅ​តាម​ភ្នំ ព្រម​ទាំង​លុប​បំបាត់​ពួក​គេ​ឲ្យ​អស់​ពី​ផែនដី”។ សូម​ព្រះ‌អង្គ​ឈប់​ខ្ញាល់ ហើយ​ដូរ​ព្រះ‌ហឫទ័យ ឈប់​ធ្វើ​ទោស​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ​ទៅ។

13. សូម​នឹក​ដល់​លោក​អប្រាហាំ លោក​អ៊ីសាក និង​លោក​យ៉ាកុប ជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គ​ផង ដ្បិត​ព្រះ‌អង្គ​បាន​សន្យា​ជា​មួយ​អស់​លោក​ទាំង​នោះ​យ៉ាង​ម៉ឺង‌ម៉ាត់​ថា “យើង​នឹង​ធ្វើ​ឲ្យ​ពូជ‌ពង្ស​របស់​អ្នក​រាល់​គ្នា បាន​កើន​ចំនួន​ឡើង​ដូច​ជា​ផ្កាយ​នៅ​លើ​មេឃ យើង​នឹង​ប្រគល់​ស្រុក​ដែល​យើង​បាន​សន្យា​នេះ ដល់​ពូជ‌ពង្ស​របស់​អ្នក ហើយ​ពួក​គេ​នឹង​ទទួល​ស្រុក​នោះ​ជា​មត៌ក​រហូត​ត​ទៅ”»។

សូមអានជំពូកពេញលេញ និក្ខមនំ 32