គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

និក្ខមនំ 30:8-23 Khmer Standard Version (KHSV)

8. រៀង​រាល់​ល្ងាច ក្នុង​ពេល​ដែល​គាត់​អុជ​ចង្កៀង គាត់​ក៏​ត្រូវ​ដុត​គ្រឿង​ក្រអូប​ដែរ។ គ្រឿង​ក្រអូប​នេះ​ត្រូវ​តែ​ដុត​ថ្វាយ​ព្រះ‌អម្ចាស់​ជា‌និច្ច​និរន្តរ៍ គ្រប់​ជំនាន់​ត​រៀង​ទៅ។

9. កុំ​ថ្វាយ​គ្រឿង​ក្រអូប​ដែល​មិន​សក្ការៈ ឬ​ថ្វាយ​តង្វាយ​ដុត​ទាំង​មូល តង្វាយ​ម្សៅ និង​ច្រួច‌ស្រា​ទំពាំង‌បាយជូរ​លើ​អាសនៈ​នេះ​ឡើយ។

10. មួយ​ឆ្នាំ​ម្ដង អើរ៉ុន​ត្រូវ​ធ្វើ​ពិធី​ជម្រះ​អាសនៈ​ឲ្យ​បាន​បរិសុទ្ធ ដោយ​យក​ឈាម​សត្វ​ដែល​ថ្វាយ​ជា​យញ្ញ‌បូជា​លោះ​បាប ទៅ​លាប​តាម​ស្នែង​របស់​អាសនៈ។ ពិធី​នេះ​ត្រូវ​តែ​ធ្វើ​ជា​រៀង​រាល់​ឆ្នាំ គ្រប់​ជំនាន់​ត​រៀង​ទៅ។ ត្រូវ​ញែក​អាសនៈ​នេះ​ជា​របស់​ដ៏‌វិសុទ្ធ​បំផុត នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់។

11. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖

12. «នៅ​ពេល​អ្នក​ជំរឿន​ប្រជា‌ជន​អ៊ីស្រា‌អែល ពួក​គេ​ម្នាក់ៗ​ត្រូវ​តែ​បង់​ប្រាក់​ថ្វាយ​ព្រះ‌អម្ចាស់ ទុក​ជា​ថ្លៃ​លោះ​ជីវិត​របស់​ខ្លួន។ ដូច្នេះ នឹង​គ្មាន​គ្រោះ​កាច​ណា​កើត​ឡើង​ដល់​ពួក​គេ ក្នុង​ពេល​ជំរឿន​ប្រជា‌ជន​ឡើយ។

13. អស់​អ្នក​ដែល​មាន​ឈ្មោះ​ក្នុង​បញ្ជី​ជំរឿន ម្នាក់ៗ​ត្រូវ​បង់​ប្រាក់​ពីរ​តម្លឹង តាម​ទម្ងន់​ដែល​ប្រើ​ក្នុង​ទី‌សក្ការៈ គឺ​ស្មើ​នឹង​ដប់​កេរ៉ា* ទុក​ជា​តង្វាយ​ថ្វាយ​ព្រះ‌អម្ចាស់។

14. អស់​អ្នក​ដែល​មាន​ឈ្មោះ​ក្នុង​បញ្ជី​ជំរឿន និង​មាន​អាយុ​ពី​ម្ភៃ​ឆ្នាំ​ឡើង​ទៅ ត្រូវ​បង់​ប្រាក់​នេះ​ទុក​ជា​តង្វាយ​ថ្វាយ​ព្រះ‌អម្ចាស់។

15. តង្វាយ​ដែល​ត្រូវ​ថ្វាយ​ព្រះ‌អម្ចាស់​នេះ កំណត់​ត្រឹម​ប្រាក់​ពីរ​តម្លឹង។ អ្នក​មាន​មិន​ត្រូវ​បង់​លើស​ចំនួន រីឯ​អ្នក​ក្រ​ក៏​មិន​ត្រូវ​បង់​តិច​ជាង​ដែរ។

16. ពេល​អ្នក​ទទួល​ប្រាក់​ពី​កូន​ចៅ​អ៊ីស្រា‌អែល​ហើយ ត្រូវ​យក​ប្រាក់​នេះ​ទៅ​ប្រើ‌ប្រាស់​សម្រាប់​ការ‌ងារ​ក្នុង​ពន្លា​ជួប​ព្រះ‌អម្ចាស់។ ធ្វើ​ដូច្នេះ ព្រះ‌អម្ចាស់​នឹង​នឹក​ដល់​កូន​ចៅ​អ៊ីស្រា‌អែល ដែល​បាន​លោះ​ជីវិត​របស់​ខ្លួន»។

17. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖

18. «ចូរ​ធ្វើ​អាង​មួយ​អំពី​លង្ហិន ដាក់​នៅ​លើ​កំណល់​ធ្វើ​អំពី​លង្ហិន សម្រាប់​ធ្វើ​ពិធី​ជម្រះ​កាយ។ ត្រូវ​ដាក់​អាង​នោះ​នៅ​ចន្លោះ​ពន្លា​ជួប​ព្រះ‌អម្ចាស់ និង​អាសនៈ រួច​ចាក់​ទឹក​ឲ្យ​ពេញ​អាង។

19. អើរ៉ុន និង​កូន​ប្រុស​របស់​គាត់ ត្រូវ​យក​ទឹក​ពី​ក្នុង​អាង​នោះ សម្រាប់​ធ្វើ​ពិធី​លាង​ដៃ និង​លាង​ជើង។

20. មុន​នឹង​ចូល​ទៅ​ក្នុង​ពន្លា​ជួប​ព្រះ‌អម្ចាស់ ពួក​គេ​ត្រូវ​យក​ទឹក​នោះ​មក​ធ្វើ​ពិធី​ជម្រះ​កាយ​ជា​មុន​សិន ដើម្បី​កុំ​ឲ្យ​ពួក​គេ​ត្រូវ​ស្លាប់។ ពេល​ចូល​ទៅ​កាន់​អាសនៈ ដើម្បី​ថ្វាយ​យញ្ញ‌បូជា​ដល់​ព្រះ‌អម្ចាស់ ក៏​ពួក​គេ​ត្រូវ​ធ្វើ​ពិធី​ជម្រះ​កាយ​ដែរ។

21. ពួក​គេ​ត្រូវ​តែ​ធ្វើ​ពិធី​លាង​ដៃ និង​លាង​ជើង ដើម្បី​កុំ​ឲ្យ​ស្លាប់។ នេះ​ជា​ច្បាប់​ដែល​អើរ៉ុន និង​ពូជ‌ពង្ស​របស់​គាត់​ត្រូវ​អនុវត្ត​តាម​រហូត​ត​ទៅ»។

22. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖

23. «ចូរ​យក​គ្រឿង​ក្រអូប​ដែល​មាន​គុណ‌ភាព​ល្អ​បំផុត គឺ​ជ័រ​ល្វីង‌ទេស​ទម្ងន់​ដប់‌ពីរ​នាល ប្រេង​ទេព្វិរូ​ប្រាំ​មួយ​នាល ប្រេង​សម្បុរ​ល្វែង​ប្រាំ​មួយ​នាល

សូមអានជំពូកពេញលេញ និក្ខមនំ 30