គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

និក្ខមនំ 30:4-16 Khmer Standard Version (KHSV)

4. ត្រូវ​ធ្វើ​កង​មាស​ម្ខាង​ពីរៗ ភ្ជាប់​ពី​ក្រោម​គែម​អាសនៈ ដើម្បី​ស៊ក​ឈើ​ស្នែង​សែង​អាសនៈ។

5. ត្រូវ​ធ្វើ​ឈើ​ស្នែង​ពីរ​ពី​ឈើ​នាង‌នួន ហើយ​ស្រោប​មាស​ផង។

6. ត្រូវ​ដាក់​អាសនៈ​នេះ​នៅ​ខាង​មុខ​វាំងនន​បាំង​ហិប​ដាក់​បន្ទះ​ថ្ម​នៃ​សន្ធិ‌សញ្ញា គឺ​ចំ​ពី​មុខ​កន្លែង​ដែល​យើង​នឹង​មក​ជួប​អ្នក នៅ​លើ​គម្រប​ហិប ដែល​គ្រប​បន្ទះ​ថ្ម​នៃ​សន្ធិ‌សញ្ញា។

7. រៀង​រាល់​ព្រឹក ពេល​អើរ៉ុន​ចូល​មក​ថែ​ចង្កៀង គាត់​ត្រូវ​ដុត​គ្រឿង​ក្រអូប​នៅ​លើ​អាសនៈ​នេះ។

8. រៀង​រាល់​ល្ងាច ក្នុង​ពេល​ដែល​គាត់​អុជ​ចង្កៀង គាត់​ក៏​ត្រូវ​ដុត​គ្រឿង​ក្រអូប​ដែរ។ គ្រឿង​ក្រអូប​នេះ​ត្រូវ​តែ​ដុត​ថ្វាយ​ព្រះ‌អម្ចាស់​ជា‌និច្ច​និរន្តរ៍ គ្រប់​ជំនាន់​ត​រៀង​ទៅ។

9. កុំ​ថ្វាយ​គ្រឿង​ក្រអូប​ដែល​មិន​សក្ការៈ ឬ​ថ្វាយ​តង្វាយ​ដុត​ទាំង​មូល តង្វាយ​ម្សៅ និង​ច្រួច‌ស្រា​ទំពាំង‌បាយជូរ​លើ​អាសនៈ​នេះ​ឡើយ។

10. មួយ​ឆ្នាំ​ម្ដង អើរ៉ុន​ត្រូវ​ធ្វើ​ពិធី​ជម្រះ​អាសនៈ​ឲ្យ​បាន​បរិសុទ្ធ ដោយ​យក​ឈាម​សត្វ​ដែល​ថ្វាយ​ជា​យញ្ញ‌បូជា​លោះ​បាប ទៅ​លាប​តាម​ស្នែង​របស់​អាសនៈ។ ពិធី​នេះ​ត្រូវ​តែ​ធ្វើ​ជា​រៀង​រាល់​ឆ្នាំ គ្រប់​ជំនាន់​ត​រៀង​ទៅ។ ត្រូវ​ញែក​អាសនៈ​នេះ​ជា​របស់​ដ៏‌វិសុទ្ធ​បំផុត នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់។

11. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖

12. «នៅ​ពេល​អ្នក​ជំរឿន​ប្រជា‌ជន​អ៊ីស្រា‌អែល ពួក​គេ​ម្នាក់ៗ​ត្រូវ​តែ​បង់​ប្រាក់​ថ្វាយ​ព្រះ‌អម្ចាស់ ទុក​ជា​ថ្លៃ​លោះ​ជីវិត​របស់​ខ្លួន។ ដូច្នេះ នឹង​គ្មាន​គ្រោះ​កាច​ណា​កើត​ឡើង​ដល់​ពួក​គេ ក្នុង​ពេល​ជំរឿន​ប្រជា‌ជន​ឡើយ។

13. អស់​អ្នក​ដែល​មាន​ឈ្មោះ​ក្នុង​បញ្ជី​ជំរឿន ម្នាក់ៗ​ត្រូវ​បង់​ប្រាក់​ពីរ​តម្លឹង តាម​ទម្ងន់​ដែល​ប្រើ​ក្នុង​ទី‌សក្ការៈ គឺ​ស្មើ​នឹង​ដប់​កេរ៉ា* ទុក​ជា​តង្វាយ​ថ្វាយ​ព្រះ‌អម្ចាស់។

14. អស់​អ្នក​ដែល​មាន​ឈ្មោះ​ក្នុង​បញ្ជី​ជំរឿន និង​មាន​អាយុ​ពី​ម្ភៃ​ឆ្នាំ​ឡើង​ទៅ ត្រូវ​បង់​ប្រាក់​នេះ​ទុក​ជា​តង្វាយ​ថ្វាយ​ព្រះ‌អម្ចាស់។

15. តង្វាយ​ដែល​ត្រូវ​ថ្វាយ​ព្រះ‌អម្ចាស់​នេះ កំណត់​ត្រឹម​ប្រាក់​ពីរ​តម្លឹង។ អ្នក​មាន​មិន​ត្រូវ​បង់​លើស​ចំនួន រីឯ​អ្នក​ក្រ​ក៏​មិន​ត្រូវ​បង់​តិច​ជាង​ដែរ។

16. ពេល​អ្នក​ទទួល​ប្រាក់​ពី​កូន​ចៅ​អ៊ីស្រា‌អែល​ហើយ ត្រូវ​យក​ប្រាក់​នេះ​ទៅ​ប្រើ‌ប្រាស់​សម្រាប់​ការ‌ងារ​ក្នុង​ពន្លា​ជួប​ព្រះ‌អម្ចាស់។ ធ្វើ​ដូច្នេះ ព្រះ‌អម្ចាស់​នឹង​នឹក​ដល់​កូន​ចៅ​អ៊ីស្រា‌អែល ដែល​បាន​លោះ​ជីវិត​របស់​ខ្លួន»។

សូមអានជំពូកពេញលេញ និក្ខមនំ 30