គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

និក្ខមនំ 30:10-17 Khmer Standard Version (KHSV)

10. មួយ​ឆ្នាំ​ម្ដង អើរ៉ុន​ត្រូវ​ធ្វើ​ពិធី​ជម្រះ​អាសនៈ​ឲ្យ​បាន​បរិសុទ្ធ ដោយ​យក​ឈាម​សត្វ​ដែល​ថ្វាយ​ជា​យញ្ញ‌បូជា​លោះ​បាប ទៅ​លាប​តាម​ស្នែង​របស់​អាសនៈ។ ពិធី​នេះ​ត្រូវ​តែ​ធ្វើ​ជា​រៀង​រាល់​ឆ្នាំ គ្រប់​ជំនាន់​ត​រៀង​ទៅ។ ត្រូវ​ញែក​អាសនៈ​នេះ​ជា​របស់​ដ៏‌វិសុទ្ធ​បំផុត នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់។

11. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖

12. «នៅ​ពេល​អ្នក​ជំរឿន​ប្រជា‌ជន​អ៊ីស្រា‌អែល ពួក​គេ​ម្នាក់ៗ​ត្រូវ​តែ​បង់​ប្រាក់​ថ្វាយ​ព្រះ‌អម្ចាស់ ទុក​ជា​ថ្លៃ​លោះ​ជីវិត​របស់​ខ្លួន។ ដូច្នេះ នឹង​គ្មាន​គ្រោះ​កាច​ណា​កើត​ឡើង​ដល់​ពួក​គេ ក្នុង​ពេល​ជំរឿន​ប្រជា‌ជន​ឡើយ។

13. អស់​អ្នក​ដែល​មាន​ឈ្មោះ​ក្នុង​បញ្ជី​ជំរឿន ម្នាក់ៗ​ត្រូវ​បង់​ប្រាក់​ពីរ​តម្លឹង តាម​ទម្ងន់​ដែល​ប្រើ​ក្នុង​ទី‌សក្ការៈ គឺ​ស្មើ​នឹង​ដប់​កេរ៉ា* ទុក​ជា​តង្វាយ​ថ្វាយ​ព្រះ‌អម្ចាស់។

14. អស់​អ្នក​ដែល​មាន​ឈ្មោះ​ក្នុង​បញ្ជី​ជំរឿន និង​មាន​អាយុ​ពី​ម្ភៃ​ឆ្នាំ​ឡើង​ទៅ ត្រូវ​បង់​ប្រាក់​នេះ​ទុក​ជា​តង្វាយ​ថ្វាយ​ព្រះ‌អម្ចាស់។

15. តង្វាយ​ដែល​ត្រូវ​ថ្វាយ​ព្រះ‌អម្ចាស់​នេះ កំណត់​ត្រឹម​ប្រាក់​ពីរ​តម្លឹង។ អ្នក​មាន​មិន​ត្រូវ​បង់​លើស​ចំនួន រីឯ​អ្នក​ក្រ​ក៏​មិន​ត្រូវ​បង់​តិច​ជាង​ដែរ។

16. ពេល​អ្នក​ទទួល​ប្រាក់​ពី​កូន​ចៅ​អ៊ីស្រា‌អែល​ហើយ ត្រូវ​យក​ប្រាក់​នេះ​ទៅ​ប្រើ‌ប្រាស់​សម្រាប់​ការ‌ងារ​ក្នុង​ពន្លា​ជួប​ព្រះ‌អម្ចាស់។ ធ្វើ​ដូច្នេះ ព្រះ‌អម្ចាស់​នឹង​នឹក​ដល់​កូន​ចៅ​អ៊ីស្រា‌អែល ដែល​បាន​លោះ​ជីវិត​របស់​ខ្លួន»។

17. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖

សូមអានជំពូកពេញលេញ និក្ខមនំ 30