គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

និក្ខមនំ 29:5-22 Khmer Standard Version (KHSV)

5. បន្ទាប់​មក ត្រូវ​យក​សម្លៀក‌បំពាក់​មក​ពាក់​ឲ្យ​អើរ៉ុន គឺ​អាវ​ក្នុង អាវ​វែង អាវ​អេផូដ និង​ប្រដាប់​ពាក់​លើ​ទ្រូង ហើយ​យក​ខ្សែ​ក្រវាត់​មក​ក្រវាត់​អាវ​អេផូដ​ផង។

6. ចូរ​ពាក់​ឆ្នួត​លើ​ក្បាល​គាត់ ហើយ​បំពាក់​គ្រឿង​អលង្ការ​ដ៏‌វិសុទ្ធ ទៅ​នឹង​ឆ្នួត​ក្បាល​ផង។

7. បន្ទាប់​មក ត្រូវ​យក​ប្រេង​មក​ចាក់​លើ​ក្បាល​គាត់ ដើម្បី​តែង‌តាំង​គាត់​ឲ្យ​បំពេញ​មុខ‌ងារ​បម្រើ​យើង។

8. ត្រូវ​ហៅ​កូន​ប្រុស​របស់​អើរ៉ុន​មក ហើយ​ពាក់​អាវ​ឲ្យ​ពួក​គេ។

9. ចូរ​ក្រវាត់​ខ្សែ​ក្រវាត់​ឲ្យ​អើរ៉ុន និង​កូន​របស់​គាត់ ព្រម​ទាំង​ពាក់​ឆ្នួត​ក្បាល​ឲ្យ​ពួក​គេ​ផង។ អ្នក​ត្រូវ​តែង‌តាំង​អើរ៉ុន និង​កូន​ប្រុស​របស់​គាត់​ជា​បូជា‌ចារ្យ​រហូត តាម​ច្បាប់​ដែល​នៅ​ស្ថិត‌ស្ថេរ​ជា‌និច្ច។

10. ត្រូវ​នាំ​គោ​ឈ្មោល​មក​ខាង​មុខ​ពន្លា​ជួប​ព្រះ‌អម្ចាស់ ហើយ​ឲ្យ​អើរ៉ុន និង​កូន​ប្រុស​របស់​គាត់ ដាក់​ដៃ​លើ​ក្បាល​វា។

11. ត្រូវ​អារ-ក​គោ​នោះ​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់ ត្រង់​ទ្វារ​ពន្លា​ជួប​ព្រះ‌អម្ចាស់។

12. ត្រូវ​យក​ម្រាម​ដៃ​ជ្រលក់​ក្នុង​ឈាម​គោ ហើយ​យក​ទៅ​លាប​លើ​ស្នែង​របស់​អាសនៈ រួច​ចាក់​ឈាម​ដែល​នៅ​សល់ ទៅ​លើ​ជើង​អាសនៈ។

13. ត្រូវ​យក​ខ្លាញ់​ទាំង​អស់ ដែល​ជាប់​នឹង​ពោះ‌វៀន ព្រម​ទាំង​ថ្លើម ក្រលៀន​ទាំង​ពីរ និង​ខ្លាញ់​ដែល​ជាប់​ជា​មួយ ទៅ​ដុត​នៅ​លើ​អាសនៈ​ទាំង​អស់។

14. រីឯ​សាច់ ស្បែក និង​លាមក​របស់​វា ត្រូវ​យក​ទៅ​ដុត​នៅ​ខាង​ក្រៅ​ជំរំ ព្រោះ​ជា​យញ្ញ‌បូជា​រំដោះ​បាប។

15. ត្រូវ​នាំ​ចៀម​ឈ្មោល​មួយ​មក ហើយ​ឲ្យ​អើរ៉ុន និង​កូន​របស់​គាត់ ដាក់​ដៃ​លើ​ក្បាល​វា។

16. ត្រូវ​អារ-ក​ចៀម​ឈ្មោល រួច​យក​ឈាម​របស់​វា​ទៅ​ប្រោះ​ជុំ‌វិញ​អាសនៈ។

17. ត្រូវ​កាប់​សាច់​ជា​ដុំៗ លាង​ពោះ‌វៀន និង​ជើង​របស់​វា​ឲ្យ​ស្អាត ហើយ​យក​ទៅ​ដាក់​លើ​ដុំ​សាច់ និង​ក្បាល។

18. ត្រូវ​ដុត​ចៀម​នោះ​នៅ​លើ​អាសនៈ ជា​តង្វាយ​ដុត​ទាំង​មូល ថ្វាយ​ព្រះ‌អម្ចាស់ គឺ​ជា​យញ្ញ‌បូជា​ដែល​មាន​ក្លិន​ឈ្ងុយ​ជា​ទី​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌អម្ចាស់។

19. ត្រូវ​នាំ​ចៀម​ឈ្មោល​មួយ​ទៀត​មក ហើយ​ឲ្យ​អើរ៉ុន និង​កូន​ប្រុស​របស់​គាត់ ដាក់​ដៃ​លើ​ក្បាល​វា។

20. ត្រូវ​អារ-ក​ចៀម​នោះ យក​ឈាម​របស់​វា​ទៅ​លាប​លើ​ស្លឹក​ត្រចៀក​ស្ដាំ មេ​ដៃ​ស្ដាំ និង​មេ​ជើង​ស្ដាំ​របស់​អើរ៉ុន និង​កូនៗ​គាត់ រួច​ទើប​យក​ឈាម​ដែល​នៅ​សល់​ទៅ​ប្រោះ​ជុំ‌វិញ​អាសនៈ។

21. ត្រូវ​យក​ឈាម​ពី​លើ​អាសនៈ និង​ប្រេង​សម្រាប់​តែង‌តាំង ទៅ​ប្រោះ​លើ​អើរ៉ុន និង​សម្លៀក‌បំពាក់​របស់​គាត់ ព្រម​ទាំង​ប្រោះ​លើ​កូន​ប្រុស​គាត់ និង​សម្លៀក‌បំពាក់​របស់​ពួក​គេ​ដែរ។ ធ្វើ​ដូច្នេះ ទាំង​អើរ៉ុន ទាំង​កូន​ប្រុស​របស់​គាត់ និង​សម្លៀក‌បំពាក់​របស់​ពួក​គេ​នឹង​បាន​ទៅ​ជា​វិសុទ្ធ។

22. ចៀម​ទី​ពីរ​នេះ​ជា​ចៀម​សម្រាប់​ធ្វើ​ពិធី​តែង‌តាំង​បូជា‌ចារ្យ។ ត្រូវ​យក​ខ្លាញ់​របស់​វា កន្ទុយ ខ្លាញ់​ជាប់​នឹង​ពោះ‌វៀន ថ្លើម ក្រលៀន​ទាំង​ពីរ និង​ខ្លាញ់ ដែល​ជាប់​ជា​មួយ​ភ្លៅ​ស្ដាំ​ខាង​ក្រោយ

សូមអានជំពូកពេញលេញ និក្ខមនំ 29