គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

និក្ខមនំ 29:35-46 Khmer Standard Version (KHSV)

35. ត្រូវ​ប្រព្រឹត្ត​ចំពោះ​អើរ៉ុន និង​កូន​ប្រុស​របស់​គាត់ តាម​សេចក្ដី​ទាំង​ប៉ុន្មាន​ដែល​យើង​បង្គាប់​ដល់​អ្នក។ ពិធី​តែង‌តាំង​ពួក​គេ​ជា​បូជា‌ចារ្យ​នេះ​ត្រូវ​ធ្វើ​ឲ្យ​គ្រប់​ប្រាំ‌ពីរ​ថ្ងៃ។

36. រៀង​រាល់​ថ្ងៃ ត្រូវ​ថ្វាយ​គោ​បា​មួយ​ជា​យញ្ញ‌បូជា​រំដោះ​បាប ដើម្បី​សុំ​លោះ​បាប។ ធ្វើ​ដូច្នេះ អ្នក​ជម្រះ​អាសនៈ​ឲ្យ​បាន​បរិសុទ្ធ រួច​អ្នក​ត្រូវ​ចាក់​ប្រេង​ពី​លើ ដើម្បី​ឲ្យ​អាសនៈ​នោះ​បាន​វិសុទ្ធ។

37. ក្នុង​រយៈ​ពេល​ប្រាំ‌ពីរ​ថ្ងៃ អ្នក​ត្រូវ​ធ្វើ​ពិធី​ជម្រះ​អាសនៈ និង​ញែក​អាសនៈ​ទុក​ជា​សក្ការៈ។ ធ្វើ​ដូច្នេះ អាសនៈ​នេះ​នឹង​ទៅ​ជា​វិសុទ្ធ​បំផុត ហើយ​អ្វីៗ​ដែល​ប៉ះ​នឹង​អាសនៈ​ក៏​ទៅ​ជា​វិសុទ្ធ​ដែរ។

38. រៀង​រាល់​ថ្ងៃ ត្រូវ​យក​កូន​ចៀម​ពីរ ដែល​មាន​អាយុ​មួយ​ខួប ថ្វាយ​នៅ​លើ​អាសនៈ​ជា‌និច្ច​និរន្តរ៍​ត​រៀង​ទៅ។

39. ត្រូវ​ថ្វាយ​កូន​ចៀម​មួយ​នៅ​ពេល​ព្រឹក ហើយ​កូន​ចៀម​មួយ​ទៀត​នៅ​ពេល​ល្ងាច។

40. ត្រូវ​យក​ម្សៅ​ដ៏​ម៉ដ្ដ​ចំនួន​មួយ​ភាគ​ដប់​នៃ​អេផា* លាយ​ជា​មួយ​ប្រេង​អូលីវ​ដ៏​ល្អ​មួយ​ភាគ​បួន​នៃ​ហ៊ីន* ព្រម​ទាំង​ស្រា​ទំពាំង‌បាយជូរ សម្រាប់​ធ្វើ​ពិធី​ច្រួច‌ស្រា​ចំនួន​មួយ​ភាគ​បួន​នៃ​ហ៊ីន* មក​ថ្វាយ​ជា​មួយ​កូន​ចៀម​ទី​មួយ។

41. រីឯ​កូន​ចៀម​មួយ​ទៀត​ត្រូវ​ថ្វាយ​នៅ​ពេល​ល្ងាច រួម​ជា​មួយ​តង្វាយ​ម្សៅ ប្រេង និង​ស្រា​ទំពាំង‌បាយជូរ ដូច​នៅ​ពេល​ព្រឹក​ដែរ។ ចូរ​ដុត​តង្វាយ​ទាំង​នេះ​ជា​យញ្ញ‌បូជា ដែល​មាន​ក្លិន​ឈ្ងុយ​ជា​ទី​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌អម្ចាស់។

42. នេះ​ជា​តង្វាយ​ដុត​ជា‌និច្ច​និរន្តរ៍ ដែល​កូន​ចៅ​របស់​អ្នក​រាល់​គ្នា​គ្រប់​ជំនាន់​ត្រូវ​ថ្វាយ​ព្រះ‌អម្ចាស់ នៅ​ត្រង់​មាត់​ទ្វារ​ពន្លា​ជួប​ព្រះ‌អម្ចាស់។ នៅ​ទី​នេះ យើង​នឹង​មក​ជួប​អ្នក​រាល់​គ្នា ហើយ​និយាយ​ជា​មួយ​អ្នក។

43. យើង​នឹង​មក​ជួប​កូន​ចៅ​អ៊ីស្រា‌អែល​នៅ​ទី​នេះ ហើយ​កន្លែង​នេះ​នឹង​បាន​វិសុទ្ធ ដោយ‌សារ​សិរី‌រុងរឿង​របស់​យើង។

44. យើង​នឹង​ញែក​ពន្លា​ជួប​ព្រះ‌អម្ចាស់ ព្រម​ទាំង​អាសនៈ​ឲ្យ​បាន​វិសុទ្ធ។ យើង​ក៏​ញែក​អើរ៉ុន ព្រម​ទាំង​កូន​ប្រុស​របស់​គាត់​ឲ្យ​បាន​វិសុទ្ធ​ដែរ ដើម្បី​ឲ្យ​ពួក​គេ​បំពេញ​មុខ‌ងារ​ជា​បូជា‌ចារ្យ*​បម្រើ​យើង។

45. យើង​នឹង​ស្ថិត​នៅ​ជា​មួយ​កូន​ចៅ​អ៊ីស្រា‌អែល យើង​នឹង​ធ្វើ​ជា​ព្រះ​របស់​ពួក​គេ។

46. ពួក​គេ​នឹង​ទទួល​ស្គាល់​ថា យើង​ជា​ព្រះ‌អម្ចាស់​ជា​ព្រះ​របស់​ពួក​គេ ដែល​បាន​នាំ​ពួក​គេ​ចេញ​ពី​ស្រុក​អេស៊ីប ដើម្បី​ឲ្យ​យើង​បាន​នៅ​ជា​មួយ​ពួក​គេ។ យើង​ជា​ព្រះ‌អម្ចាស់​ជា​ព្រះ​របស់​ពួក​គេ។

សូមអានជំពូកពេញលេញ និក្ខមនំ 29