គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

និក្ខមនំ 29:28-38 Khmer Standard Version (KHSV)

28. ហេតុ​នេះ​ហើយ​បាន​ជា​នៅ​ពេល​ដែល​ជន‌ជាតិ​អ៊ីស្រា‌អែល​ថ្វាយ​យញ្ញ‌បូជា​មេត្រី‌ភាព សាច់​ដែល​គេ​ញែក​ថ្វាយ​ព្រះ‌អម្ចាស់ នឹង​បាន​ទៅ​ជា​ចំណែក​របស់​អើរ៉ុន និង​កូន​របស់​គាត់។ នេះ​ជា​ច្បាប់​ដែល​ត្រូវ​អនុវត្ត​តាម​រហូត​ត​ទៅ។

29. ក្រោយ​ពេល​ដែល​អើរ៉ុន​ស្លាប់​ទៅ សម្លៀក‌បំពាក់​របស់​គាត់ ត្រូវ​ផ្ទេរ​ទៅ​ឲ្យ​កូនៗ​របស់​គាត់ ដើម្បី​ឲ្យ​គេ​ពាក់ នៅ​ពេល​ទទួល​ពិធី​លាប​ប្រេង​តែង‌តាំង​ជា​បូជា‌ចារ្យ។

30. ក្នុង​ចំណោម​កូន​របស់​អើរ៉ុន អ្នក​ដែល​ទទួល​តំណែង​ជា​បូជា‌ចារ្យ​បន្ត​ពី​គាត់ ត្រូវ​ស្លៀក​សម្លៀក‌បំពាក់​ទាំង​នេះ​អស់​រយៈ​ពេល​ប្រាំ‌ពីរ​ថ្ងៃ បន្ទាប់​មក ទើប​គេ​ចូល​ទៅ​ក្នុង​ពន្លា​ជួប​ព្រះ‌អម្ចាស់ ដើម្បី​បំពេញ​មុខ‌ងារ​ក្នុង​ទី‌សក្ការៈ។

31. ចូរ​យក​សាច់​របស់​ចៀម​ឈ្មោល ដែល​ប្រើ​សម្រាប់​ធ្វើ​ពិធី​តែង‌តាំង​បូជា‌ចារ្យ មក​ចំអិន​នៅ​ក្នុង​ទី‌សក្ការៈ។

32. អើរ៉ុន និង​កូន​ប្រុស​របស់​គាត់​ត្រូវ​បរិភោគ​សាច់​នោះ ជា​មួយ​នំប៉័ង​ដែល​មាន​នៅ​ក្នុង​ល្អី ត្រង់​មាត់​ទ្វារ​ពន្លា​ជួប​ព្រះ‌អម្ចាស់។

33. មាន​តែ​ពួក​គេ​ប៉ុណ្ណោះ ដែល​អាច​បរិភោគ​តង្វាយ​នេះ ក្នុង​ពិធី​តែង‌តាំង​ពួក​គេ​ឲ្យ​បំពេញ​មុខ‌ងារ​ជា​បូជា‌ចារ្យ ដើម្បី​សុំ​រំដោះ​បាប។ រីឯ​អ្នក​ឯ​ទៀត គ្មាន​សិទ្ធិ​បរិភោគ​តង្វាយ​នេះ​ទេ ដ្បិត​ជា​អាហារ​សក្ការៈ។

34. ប្រសិន​បើ​ព្រឹក​ស្អែក​មាន​នៅ​សល់​សាច់ ឬ​នំប៉័ង នោះ​ត្រូវ​យក​ទៅ​ដុត គឺ​មិន​ត្រូវ​បរិភោគ​ឡើយ ព្រោះ​ជា​អាហារ​សក្ការៈ។

35. ត្រូវ​ប្រព្រឹត្ត​ចំពោះ​អើរ៉ុន និង​កូន​ប្រុស​របស់​គាត់ តាម​សេចក្ដី​ទាំង​ប៉ុន្មាន​ដែល​យើង​បង្គាប់​ដល់​អ្នក។ ពិធី​តែង‌តាំង​ពួក​គេ​ជា​បូជា‌ចារ្យ​នេះ​ត្រូវ​ធ្វើ​ឲ្យ​គ្រប់​ប្រាំ‌ពីរ​ថ្ងៃ។

36. រៀង​រាល់​ថ្ងៃ ត្រូវ​ថ្វាយ​គោ​បា​មួយ​ជា​យញ្ញ‌បូជា​រំដោះ​បាប ដើម្បី​សុំ​លោះ​បាប។ ធ្វើ​ដូច្នេះ អ្នក​ជម្រះ​អាសនៈ​ឲ្យ​បាន​បរិសុទ្ធ រួច​អ្នក​ត្រូវ​ចាក់​ប្រេង​ពី​លើ ដើម្បី​ឲ្យ​អាសនៈ​នោះ​បាន​វិសុទ្ធ។

37. ក្នុង​រយៈ​ពេល​ប្រាំ‌ពីរ​ថ្ងៃ អ្នក​ត្រូវ​ធ្វើ​ពិធី​ជម្រះ​អាសនៈ និង​ញែក​អាសនៈ​ទុក​ជា​សក្ការៈ។ ធ្វើ​ដូច្នេះ អាសនៈ​នេះ​នឹង​ទៅ​ជា​វិសុទ្ធ​បំផុត ហើយ​អ្វីៗ​ដែល​ប៉ះ​នឹង​អាសនៈ​ក៏​ទៅ​ជា​វិសុទ្ធ​ដែរ។

38. រៀង​រាល់​ថ្ងៃ ត្រូវ​យក​កូន​ចៀម​ពីរ ដែល​មាន​អាយុ​មួយ​ខួប ថ្វាយ​នៅ​លើ​អាសនៈ​ជា‌និច្ច​និរន្តរ៍​ត​រៀង​ទៅ។

សូមអានជំពូកពេញលេញ និក្ខមនំ 29