គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

និក្ខមនំ 29:18-27 Khmer Standard Version (KHSV)

18. ត្រូវ​ដុត​ចៀម​នោះ​នៅ​លើ​អាសនៈ ជា​តង្វាយ​ដុត​ទាំង​មូល ថ្វាយ​ព្រះ‌អម្ចាស់ គឺ​ជា​យញ្ញ‌បូជា​ដែល​មាន​ក្លិន​ឈ្ងុយ​ជា​ទី​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌អម្ចាស់។

19. ត្រូវ​នាំ​ចៀម​ឈ្មោល​មួយ​ទៀត​មក ហើយ​ឲ្យ​អើរ៉ុន និង​កូន​ប្រុស​របស់​គាត់ ដាក់​ដៃ​លើ​ក្បាល​វា។

20. ត្រូវ​អារ-ក​ចៀម​នោះ យក​ឈាម​របស់​វា​ទៅ​លាប​លើ​ស្លឹក​ត្រចៀក​ស្ដាំ មេ​ដៃ​ស្ដាំ និង​មេ​ជើង​ស្ដាំ​របស់​អើរ៉ុន និង​កូនៗ​គាត់ រួច​ទើប​យក​ឈាម​ដែល​នៅ​សល់​ទៅ​ប្រោះ​ជុំ‌វិញ​អាសនៈ។

21. ត្រូវ​យក​ឈាម​ពី​លើ​អាសនៈ និង​ប្រេង​សម្រាប់​តែង‌តាំង ទៅ​ប្រោះ​លើ​អើរ៉ុន និង​សម្លៀក‌បំពាក់​របស់​គាត់ ព្រម​ទាំង​ប្រោះ​លើ​កូន​ប្រុស​គាត់ និង​សម្លៀក‌បំពាក់​របស់​ពួក​គេ​ដែរ។ ធ្វើ​ដូច្នេះ ទាំង​អើរ៉ុន ទាំង​កូន​ប្រុស​របស់​គាត់ និង​សម្លៀក‌បំពាក់​របស់​ពួក​គេ​នឹង​បាន​ទៅ​ជា​វិសុទ្ធ។

22. ចៀម​ទី​ពីរ​នេះ​ជា​ចៀម​សម្រាប់​ធ្វើ​ពិធី​តែង‌តាំង​បូជា‌ចារ្យ។ ត្រូវ​យក​ខ្លាញ់​របស់​វា កន្ទុយ ខ្លាញ់​ជាប់​នឹង​ពោះ‌វៀន ថ្លើម ក្រលៀន​ទាំង​ពីរ និង​ខ្លាញ់ ដែល​ជាប់​ជា​មួយ​ភ្លៅ​ស្ដាំ​ខាង​ក្រោយ

23. រួច​យក​នំប៉័ង​មួយ នំ​លាយ​ប្រេង​មួយ និង​នំ​ក្រៀប​មួយ​ពី​ល្អី​ដាក់​នំប៉័ង​ឥត​មេ ដែល​គេ​តាំង​ថ្វាយ​ព្រះ‌អម្ចាស់

24. ដាក់​ទាំង​អស់​លើ​ដៃ​របស់​អើរ៉ុន និង​កូន​របស់​គាត់ ហើយ​ប្រាប់​ពួក​គេ​ឲ្យ​លើក​តង្វាយ​នេះ​ឡើង ជា​សញ្ញា​ថ្វាយ​ព្រះ‌អម្ចាស់។

25. បន្ទាប់​មក ចូរ​យក​តង្វាយ​ពី​ដៃ​ពួក​គេ​ទៅ​ដុត​នៅ​លើ​អាសនៈ រួម​ជា​មួយ​តង្វាយ​ដុត​ទាំង​មូល ជា​យញ្ញ‌បូជា​ដែល​មាន​ក្លិន​ឈ្ងុយ​ជា​ទី​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌អម្ចាស់។

26. ចូរ​យក​សាច់​ទ្រូង​របស់​ចៀម ដែល​ប្រើ​សម្រាប់​ធ្វើ​ពិធី​តែង‌តាំង​អើរ៉ុន​នោះ លើក​ឡើង​ជា​សញ្ញា​ថ្វាយ​ព្រះ‌អម្ចាស់ ដោយ​ដៃ​អ្នក​ផ្ទាល់ រួច​ហើយ​សាច់​នេះ​នឹង​បាន​ជា​ចំណែក​របស់​អ្នក។

27. ត្រូវ​ប្រកាស​ថា សាច់​ទ្រូង និង​ភ្លៅ​ចៀម​ដែល​គេ​យក​ពី​ចៀម ប្រើ​សម្រាប់​ធ្វើ​ពិធី​តែង‌តាំង​អើរ៉ុន និង​កូន​របស់​គាត់ ហើយ​ដែល​គេ​បាន​លើក​ថ្វាយ​ព្រះ‌អម្ចាស់​នោះ​ជា​សាច់​ដ៏‌វិសុទ្ធ។

សូមអានជំពូកពេញលេញ និក្ខមនំ 29