គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

និក្ខមនំ 28:32-43 Khmer Standard Version (KHSV)

32. ផ្នែក​ខាង​លើ​របស់​អាវ​វែង​នោះ ត្រូវ​កាត់​ប្រឡោះ​មួយ​ចំ​កណ្ដាល​សម្រាប់​ស៊ក​ក្បាល។ ត្រូវ​ដេរ‌រឹម​ជុំ‌វិញ​ប្រឡោះ​នោះ ដើម្បី​កុំ​ឲ្យ​រហែក គឺ​ដេរ​តាម​របៀប​ដែល​គេ​ដេរ​ជាយ​អាវ​ស្បែក។

33. នៅ​តាម​ជាយ​អាវ​ខាង​ក្រោម ត្រូវ​ប៉ាក់​លំអ​ដោយ​រូប​ផ្លែ​ទទឹម​ពណ៌​ស្វាយ ពណ៌​ក្រហម និង​ក្រហម​ទុំ ហើយ​ត្រូវ​ដាក់​កូន​កណ្ដឹង​មាស​ទៀត​ផង។

34. ត្រូវ​ដាក់​រូប​ផ្លែ​ទទឹម​មួយ កូន​កណ្ដឹង​មួយ​ឆ្លាស់​គ្នា​ជុំ‌វិញ​ជាយ​អាវ។

35. អើរ៉ុន​ពាក់​អាវ​នេះ​នៅ​ពេល​បំពេញ​មុខ‌ងារ គឺ​ពេល​គាត់​មក​រក​ព្រះ‌អម្ចាស់​ក្នុង​ទី‌សក្ការៈ ហើយ​ពេល​គាត់​ចេញ​មក​វិញ គេ​នឹង​ឮ​ស្នូរ​កូន​កណ្ដឹង។ ដូច្នេះ គាត់​នឹង​មិន​ត្រូវ​ស្លាប់​ឡើយ។

36. ចូរ​ធ្វើ​គ្រឿង​អលង្ការ​មួយ​ពី​មាស​សុទ្ធ​មាន​រាង​ដូច​ផ្កា។ ត្រូវ​ឆ្លាក់​អក្សរ «បូជា​ថ្វាយ​ព្រះ‌អម្ចាស់» នៅ​លើ​គ្រឿង​អលង្ការ​នេះ តាម​របៀប​ដែល​គេ​ឆ្លាក់​ត្រា។

37. ចូរ​ភ្ជាប់​គ្រឿង​អលង្ការ​ទៅ​នឹង​ផ្នែក​ខាង​មុខ​នៃ​ឆ្នួត​ក្បាល ដោយ​ប្រើ​ខ្សែ​ពណ៌​ស្វាយ។

38. ពេល​អើរ៉ុន​ចូល​មក​រក​យើង​ដែល​ជា​ព្រះ‌អម្ចាស់ គ្រឿង​អលង្ការ​នេះ​ស្ថិត​នៅ​លើ​ថ្ងាស​របស់​គាត់​ជា‌និច្ច។ ធ្វើ​ដូច្នេះ ទោះ​បី​ជន‌ជាតិ​អ៊ីស្រា‌អែល​ធ្វើ​ខុស នៅ​ពេល​ថ្វាយ​តង្វាយ​ក៏​ដោយ ក៏​យើង​យល់​ព្រម​ទទួល​តង្វាយ​របស់​ពួក​គេ​ដែរ។

39. ត្រូវ​ធ្វើ​អាវ​ក្នុង​មួយ​ពី​អំបោះ​ធ្មៃ ឆ្នួត​ក្បាល​មួយ​ពី​អំបោះ​ធ្មៃ ព្រម​ទាំង​ប៉ាក់​ខ្សែ​ក្រវាត់​មួយ​ផង។

40. ត្រូវ​ធ្វើ​អាវ​ក្នុង ខ្សែ​ក្រវាត់ និង​ឆ្នួត​ក្បាល សម្រាប់​កូន​ទាំង​អស់​របស់​អើរ៉ុន ដើម្បី​ជា​កិត្តិយស និង​ភាព​ថ្លៃ‌ថ្នូរ​របស់​ពួក​គេ។

41. ត្រូវ​យក​សម្លៀក‌បំពាក់​ទាំង​នេះ​ទៅ​ពាក់​ឲ្យ​អើរ៉ុន និង​កូន​ប្រុស​របស់​គាត់ រួច​ចាក់​ប្រេង​តែង‌តាំង​ពួក​គេ ដើម្បី​ញែក​ពួក​គេ​ឲ្យ​បំពេញ​មុខ‌ងារ​ជា​បូជា‌ចារ្យ​បម្រើ​យើង។

42. ចូរ​ធ្វើ​ខោ​ខ្លី​ពី​អំបោះ​ធ្មៃ ដើម្បី​ឲ្យ​ពួក​គេ​បិទ‌បាំង​កេរ‌ខ្មាស ចាប់​ពី​ចង្កេះ​រហូត​ដល់​ភ្លៅ។

43. អើរ៉ុន និង​កូន​ប្រុស​របស់​គាត់​ត្រូវ​ស្លៀក​សម្លៀក‌បំពាក់​ទាំង​នេះ នៅ​ពេល​ដែល​ពួក​គេ​ចូល​ទៅ​ក្នុង​ពន្លា​ជួប​ព្រះ‌អម្ចាស់ ឬ​នៅ​ពេល​ចូល​ទៅ​កាន់​អាសនៈ ដើម្បី​បំពេញ​មុខ‌ងារ​ក្នុង​ទី‌សក្ការៈ។ ដូច្នេះ ពួក​គេ​នឹង​គ្មាន​កំហុស ហើយ​មិន​ត្រូវ​ស្លាប់​ឡើយ។ នេះ​ជា​ច្បាប់​ដែល​អើរ៉ុន និង​ពូជ‌ពង្ស​ត្រូវ​អនុវត្ត​តាម​រហូត​ត​ទៅ។

សូមអានជំពូកពេញលេញ និក្ខមនំ 28