គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

និក្ខមនំ 28:28-39 Khmer Standard Version (KHSV)

28. ចូរ​យក​ខ្សែ​ពណ៌​ស្វាយ ចង​កង​របស់​ប្រដាប់​ពាក់​លើ​ទ្រូង ភ្ជាប់​ទៅ​នឹង​កង​របស់​អាវ​អេផូដ ដើម្បី​ឲ្យ​ប្រដាប់​ពាក់​លើ​ទ្រូង​នោះ ស្ថិត​នៅ​ពី​លើ​ខ្សែ​ក្រវាត់ ហើយ​កុំ​ឲ្យ​របូត​ចេញ​ពី​អាវ​អេផូដ​ឡើយ។

29. ពេល​អើរ៉ុន​ចូល​ក្នុង​ទី‌សក្ការៈ គាត់​មាន​ឈ្មោះ​កុល‌សម្ព័ន្ធ​នៃ​កូន​ចៅ​អ៊ីស្រា‌អែល​នៅ​ជាប់​នឹង​ប្រដាប់​ពាក់​លើ​ទ្រូង សម្រាប់​វិនិច្ឆ័យ ដើម្បី​ឲ្យ​យើង​ដែល​ជា​ព្រះ‌អម្ចាស់ នឹក​ដល់​ពួក​គេ​អស់‌កល្ប​ជា‌និច្ច។

30. ចូរ​ដាក់​យូរីម និង​ធូមីម* ទៅ​ក្នុង​ប្រដាប់​ពាក់​លើ​ទ្រូង​សម្រាប់​វិនិច្ឆ័យ ដើម្បី​ឲ្យ​វត្ថុ​ទាំង​នេះ​ស្ថិត​នៅ​ជាប់​នឹង​ទ្រូង​អើរ៉ុន​ជា‌និច្ច នៅ​ពេល​គាត់​ចូល​មក​រក​យើង។ ដូច្នេះ នៅ​ពេល​ចូល​មក​រក​យើង ដែល​ជា​ព្រះ‌អម្ចាស់ អើរ៉ុន​ត្រូវ​ពាក់​គ្រឿង​សម្រាប់​វិនិច្ឆ័យ​ជន‌ជាតិ​អ៊ីស្រា‌អែល​ជាប់​នឹង​ដើម​ទ្រូង​ជា‌និច្ច។

31. ចូរ​ធ្វើ​អាវ​វែង​មួយ​ពណ៌​ស្វាយ សម្រាប់​ពាក់​ពី​ក្រោម​អាវ​អេផូដ។

32. ផ្នែក​ខាង​លើ​របស់​អាវ​វែង​នោះ ត្រូវ​កាត់​ប្រឡោះ​មួយ​ចំ​កណ្ដាល​សម្រាប់​ស៊ក​ក្បាល។ ត្រូវ​ដេរ‌រឹម​ជុំ‌វិញ​ប្រឡោះ​នោះ ដើម្បី​កុំ​ឲ្យ​រហែក គឺ​ដេរ​តាម​របៀប​ដែល​គេ​ដេរ​ជាយ​អាវ​ស្បែក។

33. នៅ​តាម​ជាយ​អាវ​ខាង​ក្រោម ត្រូវ​ប៉ាក់​លំអ​ដោយ​រូប​ផ្លែ​ទទឹម​ពណ៌​ស្វាយ ពណ៌​ក្រហម និង​ក្រហម​ទុំ ហើយ​ត្រូវ​ដាក់​កូន​កណ្ដឹង​មាស​ទៀត​ផង។

34. ត្រូវ​ដាក់​រូប​ផ្លែ​ទទឹម​មួយ កូន​កណ្ដឹង​មួយ​ឆ្លាស់​គ្នា​ជុំ‌វិញ​ជាយ​អាវ។

35. អើរ៉ុន​ពាក់​អាវ​នេះ​នៅ​ពេល​បំពេញ​មុខ‌ងារ គឺ​ពេល​គាត់​មក​រក​ព្រះ‌អម្ចាស់​ក្នុង​ទី‌សក្ការៈ ហើយ​ពេល​គាត់​ចេញ​មក​វិញ គេ​នឹង​ឮ​ស្នូរ​កូន​កណ្ដឹង។ ដូច្នេះ គាត់​នឹង​មិន​ត្រូវ​ស្លាប់​ឡើយ។

36. ចូរ​ធ្វើ​គ្រឿង​អលង្ការ​មួយ​ពី​មាស​សុទ្ធ​មាន​រាង​ដូច​ផ្កា។ ត្រូវ​ឆ្លាក់​អក្សរ «បូជា​ថ្វាយ​ព្រះ‌អម្ចាស់» នៅ​លើ​គ្រឿង​អលង្ការ​នេះ តាម​របៀប​ដែល​គេ​ឆ្លាក់​ត្រា។

37. ចូរ​ភ្ជាប់​គ្រឿង​អលង្ការ​ទៅ​នឹង​ផ្នែក​ខាង​មុខ​នៃ​ឆ្នួត​ក្បាល ដោយ​ប្រើ​ខ្សែ​ពណ៌​ស្វាយ។

38. ពេល​អើរ៉ុន​ចូល​មក​រក​យើង​ដែល​ជា​ព្រះ‌អម្ចាស់ គ្រឿង​អលង្ការ​នេះ​ស្ថិត​នៅ​លើ​ថ្ងាស​របស់​គាត់​ជា‌និច្ច។ ធ្វើ​ដូច្នេះ ទោះ​បី​ជន‌ជាតិ​អ៊ីស្រា‌អែល​ធ្វើ​ខុស នៅ​ពេល​ថ្វាយ​តង្វាយ​ក៏​ដោយ ក៏​យើង​យល់​ព្រម​ទទួល​តង្វាយ​របស់​ពួក​គេ​ដែរ។

39. ត្រូវ​ធ្វើ​អាវ​ក្នុង​មួយ​ពី​អំបោះ​ធ្មៃ ឆ្នួត​ក្បាល​មួយ​ពី​អំបោះ​ធ្មៃ ព្រម​ទាំង​ប៉ាក់​ខ្សែ​ក្រវាត់​មួយ​ផង។

សូមអានជំពូកពេញលេញ និក្ខមនំ 28