គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

និក្ខមនំ 28:19-32 Khmer Standard Version (KHSV)

19. ជួរ​ទី​បី ត្រូវ​ដាំ​ត្បូង​ទទឹម​មួយ​គ្រាប់ ត្បូង​និល‌រ័ត្ន​មួយ​គ្រាប់ និង​ត្បូង​ជម្ពូ‌រ័ត្ន​មួយ​គ្រាប់

20. ហើយ​ជួរ​ទី​បួន ត្រូវ​ដាំ​ត្បូង​ដៃ‌រគៀម​មួយ​គ្រាប់ ត្បូង​កែវ‌យក់​មួយ​គ្រាប់ និង​មណី‌ជោតិរស​មួយ​គ្រាប់។ ត្បូង​នីមួយៗ​ត្រូវ​តែ​ដាំ​បង្កប់​ក្នុង​ក្រចាប់​ធ្វើ​អំពី​មាស។

21. ត្បូង​ទាំង​នេះ​ជា​តំណាង​កុល‌សម្ព័ន្ធ​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល គឺ​មាន​ទាំង​អស់​ដប់‌ពីរ។ នៅ​លើ​ត្បូង​នីមួយៗ​ត្រូវ​ចារ​ឈ្មោះ​កុល‌សម្ព័ន្ធ​មួយ តាម​របៀប​ដែល​គេ​ឆ្លាក់​ត្រា។

22. ត្រូវ​យក​មាស​សុទ្ធ​មក​ធ្វើ​ជា​ខ្សែ ហើយ​វេញ​ចូល​គ្នា​ជា​របៀប​ខ្សែ‌ពួរ សម្រាប់​ភ្ជាប់​ទៅ​នឹង​ប្រដាប់​ពាក់​លើ​ទ្រូង។

23. ត្រូវ​ធ្វើ​កង​មាស​ពីរ​ភ្ជាប់​ទៅ​នឹង​មុម​ខាង​លើ​នៃ​ប្រដាប់​ពាក់​លើ​ទ្រូង។

24. បន្ទាប់​មក ត្រូវ​ថ្ពក់​ខ្សែ​មាស​ទាំង​ពីរ​ទៅ​នឹង​កង​ទាំង​ពីរ​នៃ​ប្រដាប់​ពាក់​លើ​ទ្រូង

25. រួច​ភ្ជាប់​ចុង​ម្ខាង​ទៀត​ទៅ​នឹង​ក្រ​ចាប់​មាស​ទាំង​ពីរ ដែល​ស្ថិត​នៅ​លើ​ខ្សែ​ព្រយុង​របស់​អាវ​អេផូដ ដើម្បី​ឲ្យ​ប្រដាប់​ពាក់​លើ​ទ្រូង​នោះ​ស្ថិត​នៅ​ពី​មុខ។

26. ត្រូវ​ធ្វើ​កង​មាស​ពីរ​ទៀត ភ្ជាប់​ទៅ​នឹង​មុម​ខាង​ក្រោម​ទាំង​ពីរ​នៃ​ប្រដាប់​ពាក់​លើ​ទ្រូង គឺ​មុម​ដែល​ប៉ះ​នឹង​អាវ​អេផូដ។

27. ត្រូវ​ធ្វើ​កង​មាស​ពីរ​ទៀត ភ្ជាប់​ទៅ​ចុង​ខាង​ក្រោម​នៃ​ខ្សែ​ព្រយុង​របស់​អាវ​អេផូដ ត្រង់​កន្លែង​ដែល​ខ្សែ​ព្រយុង និង​អាវ​អេផូដ ដេរ​ជាប់​គ្នា នៅ​ពី​លើ​ខ្សែ​ក្រវាត់​របស់​អាវ​អេផូដ។

28. ចូរ​យក​ខ្សែ​ពណ៌​ស្វាយ ចង​កង​របស់​ប្រដាប់​ពាក់​លើ​ទ្រូង ភ្ជាប់​ទៅ​នឹង​កង​របស់​អាវ​អេផូដ ដើម្បី​ឲ្យ​ប្រដាប់​ពាក់​លើ​ទ្រូង​នោះ ស្ថិត​នៅ​ពី​លើ​ខ្សែ​ក្រវាត់ ហើយ​កុំ​ឲ្យ​របូត​ចេញ​ពី​អាវ​អេផូដ​ឡើយ។

29. ពេល​អើរ៉ុន​ចូល​ក្នុង​ទី‌សក្ការៈ គាត់​មាន​ឈ្មោះ​កុល‌សម្ព័ន្ធ​នៃ​កូន​ចៅ​អ៊ីស្រា‌អែល​នៅ​ជាប់​នឹង​ប្រដាប់​ពាក់​លើ​ទ្រូង សម្រាប់​វិនិច្ឆ័យ ដើម្បី​ឲ្យ​យើង​ដែល​ជា​ព្រះ‌អម្ចាស់ នឹក​ដល់​ពួក​គេ​អស់‌កល្ប​ជា‌និច្ច។

30. ចូរ​ដាក់​យូរីម និង​ធូមីម* ទៅ​ក្នុង​ប្រដាប់​ពាក់​លើ​ទ្រូង​សម្រាប់​វិនិច្ឆ័យ ដើម្បី​ឲ្យ​វត្ថុ​ទាំង​នេះ​ស្ថិត​នៅ​ជាប់​នឹង​ទ្រូង​អើរ៉ុន​ជា‌និច្ច នៅ​ពេល​គាត់​ចូល​មក​រក​យើង។ ដូច្នេះ នៅ​ពេល​ចូល​មក​រក​យើង ដែល​ជា​ព្រះ‌អម្ចាស់ អើរ៉ុន​ត្រូវ​ពាក់​គ្រឿង​សម្រាប់​វិនិច្ឆ័យ​ជន‌ជាតិ​អ៊ីស្រា‌អែល​ជាប់​នឹង​ដើម​ទ្រូង​ជា‌និច្ច។

31. ចូរ​ធ្វើ​អាវ​វែង​មួយ​ពណ៌​ស្វាយ សម្រាប់​ពាក់​ពី​ក្រោម​អាវ​អេផូដ។

32. ផ្នែក​ខាង​លើ​របស់​អាវ​វែង​នោះ ត្រូវ​កាត់​ប្រឡោះ​មួយ​ចំ​កណ្ដាល​សម្រាប់​ស៊ក​ក្បាល។ ត្រូវ​ដេរ‌រឹម​ជុំ‌វិញ​ប្រឡោះ​នោះ ដើម្បី​កុំ​ឲ្យ​រហែក គឺ​ដេរ​តាម​របៀប​ដែល​គេ​ដេរ​ជាយ​អាវ​ស្បែក។

សូមអានជំពូកពេញលេញ និក្ខមនំ 28