គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

និក្ខមនំ 27:1-15 Khmer Standard Version (KHSV)

1. ត្រូវ​ធ្វើ​អាសនៈ​មួយ​ពី​ឈើ​នាង‌នួន មាន​រាង​បួន​ជ្រុង​ស្មើ ជ្រុង​នីមួយៗ​មាន​ប្រវែង​ប្រាំ​ហត្ថ និង​កំពស់​បី​ហត្ថ។

2. ចូរ​ធ្វើ​ស្នែង​ជាប់​នឹង​មុម​ទាំង​បួន​របស់​អាសនៈ ហើយ​ស្រោប​លង្ហិន​ពី​លើ។

3. ត្រូវ​ធ្វើ​គ្រឿង​សម្រាប់​ប្រើ‌ប្រាស់​ពី​លង្ហិន​ទាំង​អស់ គឺ​មាន​ធុង​ដាក់​ផេះ ប្រដាប់​ចូក​ផេះ ផើង​ដាក់​ឈាម សម និង​ភាជន៍។

4. ត្រូវ​ធ្វើ​ប្រទាស​លង្ហិន​មួយ ដែល​មាន​កង​លង្ហិន​នៅ​តាម​មុម​ទាំង​បួន។

5. ត្រូវ​ដាក់​ប្រទាស​នេះ​នៅ​ចំ​ពាក់​កណ្ដាល​កំពស់​របស់​អាសនៈ។

6. ត្រូវ​យក​ឈើ​នាង‌នួន​ស្រោប​លង្ហិន ធ្វើ​ជា​ឈើ​ស្នែង​អាសនៈ។

7. ត្រូវ​ស៊ក​ឈើ​ស្នែង​នោះ​ទៅ​ក្នុង​កង​ដែល​ស្ថិត​នៅ​តាម​ជ្រុង​អាសនៈ​សម្រាប់​សែង។

8. អាសនៈ​នេះ​ត្រូវ​ធ្វើ​ពី​បន្ទះ​ក្ដារ​ដែល​ព័ទ្ធ​ជុំ‌វិញ ទុក​ប្រហោង​នៅ​កណ្ដាល តាម​គំរូ ដែល​យើង​បង្ហាញ​ឲ្យ​អ្នក​ឃើញ​នៅ​លើ​ភ្នំ។

9. ត្រូវ​ធ្វើ​ទី‌លាន​សម្រាប់​ព្រះ‌ពន្លា ដោយ​មាន​រនាំង​ធ្វើ​ពី​អំបោះ​ធ្មៃ បាំង​ជុំ‌វិញ។ នៅ​ប៉ែក​ខាង​ត្បូង រនាំង​ត្រូវ​មាន​បណ្ដោយ​មួយ​រយ​ហត្ថ។

10. រនាំង​នោះ​ត្រូវ​ភ្ជាប់​នឹង​បង្គោល​ម្ភៃ ដែល​មាន​ជើង​ទ្រ​ម្ភៃ ធ្វើ​ពី​លង្ហិន រីឯ​ទំពក់ និង​មេ‌រូត ធ្វើ​ពី​ប្រាក់។

11. នៅ​ប៉ែក​ខាង​ជើង រនាំង​ត្រូវ​មាន​បណ្ដោយ​មួយ​រយ​ហត្ថ មាន​បង្គោល​ម្ភៃ ដែល​មាន​ជើង​ទ្រ​ម្ភៃ ធ្វើ​ពី​លង្ហិន រីឯ​ទំពក់ និង​មេ‌រូត ធ្វើ​ពី​ប្រាក់។

12. ទទឹង​របស់​ទី‌លាន​ដែល​នៅ​ប៉ែក​ខាង​លិច រនាំង​ត្រូវ​មាន​ប្រវែង​ហា‌សិប​ហត្ថ មាន​បង្គោល​ដប់ និង​ជើង​ទ្រ​ដប់។

13. ទទឹង​របស់​ទី‌លាន ដែល​នៅ​ប៉ែក​ខាង​កើត ត្រូវ​មាន​ប្រវែង​ហា‌សិប​ហត្ថ​ដូច​គ្នា។

14. នៅ​ច្រក​ចូល រនាំង​ម្ខាង​ត្រូវ​មាន​ប្រវែង​ដប់​ប្រាំ​ហត្ថ មាន​បង្គោល​បី ព្រម​ទាំង​ជើង​ទ្រ​បី។

15. រនាំង​ម្ខាង​ទៀត ត្រូវ​មាន​ប្រវែង​ដប់​ប្រាំ​ហត្ថ មាន​បង្គោល​បី ព្រម​ទាំង​ជើង​ទ្រ​បី​ដែរ។

សូមអានជំពូកពេញលេញ និក្ខមនំ 27