គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

និក្ខមនំ 25:25-40 Khmer Standard Version (KHSV)

25. នៅ​តាម​ជ្រុង​ទាំង​បួន ត្រូវ​ធ្វើ​ក្រប​ដែល​មាន​កំពស់​មួយ​ទះ ហើយ​ធ្វើ​ក្បាច់​ជា​មាស​ព័ទ្ធ​ជុំ‌វិញ​ផង។

26. ត្រូវ​ធ្វើ​កង​មាស​បួន​ដាក់​ភ្ជាប់​ទៅ​នឹង​មុម​ទាំង​បួន ត្រង់​កន្លែង​ដែល​មាន​ជើង​តុ។

27. កង​មាស​ទាំង​បួន​ត្រូវ​ដាក់​នៅ​ជិត​ក្រប ដើម្បី​ស៊ក​ឈើ​ស្នែង​សែង​តុ។

28. ត្រូវ​យក​ឈើ​នាង‌នួន​មក​ធ្វើ​ជា​ឈើ​ស្នែង ហើយ​ស្រោប​មាស​ផង ដើម្បី​សែង​តុ​នោះ។

29. ត្រូវ​យក​មាស​សុទ្ធ​មក​ធ្វើ​ថាស ថូ ចាន‌គោម និង​ពែង​សម្រាប់​ប្រើ​ក្នុង​ពិធី​ច្រួច‌ស្រា និង​ប្រេង​ដាក់​នៅ​លើ​តុ​នោះ។

30. ត្រូវ​តម្កល់​នំប៉័ង​នៅ​លើ​តុ​នោះ ទុក​ជា​តង្វាយ​អចិន្ត្រៃយ៍​នៅ​ចំពោះ​មុខ​យើង។

31. ត្រូវ​យក​មាស​សុទ្ធ​តែ​មួយ​ដុំ​មក​ដំ​ធ្វើ​ជើង​ចង្កៀង ហើយ​ជើង​ចង្កៀង​មាស​នេះ​ត្រូវ​ឆ្លាក់​ក្បាច់​រចនា ទាំង​ផ្នែក​ខាង​ក្រោម ទាំង​តួ ទាំង​មែក និង​ផ្នែក​ដាក់​ប្រេង។

32. មាន​មែក​ប្រាំ​មួយ​បែក​ចេញ​ពី​តួ​ដែល​នៅ​កណ្ដាល គឺ​ម្ខាង​មាន​មែក​បី ហើយ​ម្ខាង​ទៀត​ក៏​មាន​មែក​បី​ដែរ។

33. ក្នុង​ចំណោម​មែក​ទាំង​ប្រាំ​មួយ​នោះ មែក​នីមួយៗ​មាន​ក្បាច់​បី​គន្លាក់ រាង​ដូច​ទង​ផ្កា ត្របក​ផ្កា និង​ស្រទាប់​ផ្កា​ក្រពុំ ជា​បន្ត​បន្ទាប់​គ្នា។

34. រីឯ​តួ​ដែល​នៅ​កណ្ដាល មាន​ក្បាច់​បួន​គន្លាក់ រាង​ដូច​ទង​ផ្កា​ត្របក​ផ្កា និង​ស្រទាប់​ផ្កា​ក្រពុំ។

35. មាន​ស្រទាប់​ផ្កា​ក្រពុំ​បី​នៅ​ខាង​ក្រោម​មែក​ទាំង​បី​គូ ដែល​បែក​ចេញ​ពី​តួ​កណ្ដាល។

36. ស្រទាប់​ផ្កា​ក្រពុំ និង​មែក ត្រូវ​ឆ្លាក់​ជា​ក្បាច់​រចនា​ពី​មាស​សុទ្ធ​តែ​មួយ​ដុំ។

37. ត្រូវ​ធ្វើ​ចង្កៀង​ប្រាំ‌ពីរ យក​ទៅ​ដាក់​លើ​ជើង​ចង្កៀង ដើម្បី​ឲ្យ​ពន្លឺ​ជះ​ទៅ​ខាង​មុខ។

38. រីឯ​កន្លែង​ស៊ក​ប្រឆេះ​ចង្កៀង និង​ប្រដាប់​សម្រាប់​គោះ​កម្ទេច​ប្រឆេះ ក៏​ត្រូវ​តែ​ធ្វើ​ពី​មាស​សុទ្ធ​ដែរ។

39. ត្រូវ​ប្រើ​មាស​សុទ្ធ​សាម‌សិប​បួន​គីឡូ‌ក្រាម ដើម្បី​ធ្វើ​ជើង​ចង្កៀង និង​គ្រឿង​បរិក្ខារ​ទាំង​ប៉ុន្មាន សម្រាប់​ប្រើ‌ប្រាស់​ជា​មួយ​ជើង​ចង្កៀង​នោះ។

40. ចូរ​សង្កេត​មើល ហើយ​ធ្វើ​តាម​គំរូ ដែល​យើង​បង្ហាញ​ឲ្យ​អ្នក​ឃើញ​នៅ​លើ​ភ្នំ។

សូមអានជំពូកពេញលេញ និក្ខមនំ 25