គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

និក្ខមនំ 25:17-35 Khmer Standard Version (KHSV)

17. ត្រូវ​ឲ្យ​គេ​ធ្វើ​គម្រប​ហិប​ពី​មាស​សុទ្ធ ដែល​មាន​បណ្ដោយ​ពីរ​ហត្ថ​កន្លះ និង​ទទឹង​មួយ​ហត្ថ​កន្លះ។

18. ត្រូវ​យក​មាស​មក​ឆ្លាក់​ធ្វើ​រូប​ចេរូប៊ីន​ពីរ ដាក់​នៅ​ចុង​គម្រប​ហិប​ទាំង​សង​ខាង

19. ត្រូវ​ដាក់​ភ្ជាប់​រូប​ចេរូប៊ីន*​ទាំង​ពីរ​នោះ​ទៅ​នឹង​គម្រប​ហិប គឺ​ចេរូប៊ីន​នីមួយៗ​ត្រូវ​ភ្ជាប់​ទៅ​នឹង​ចុង​ម្ខាង។

20. ត្រូវ​ដាក់​ចេរូប៊ីន​ទាំង​ពីរ​ប្រឈម​មុខ​គ្នា ដោយ​ឈ្ងោក​មុខ​ទៅ​រក​គម្រប​ហិប ព្រម​ទាំង​ត្រដាង​ស្លាប​ការពារ​គម្រប​ហិប​នេះ​ទៀត​ផង។

21. ចូរ​ដាក់​បន្ទះ​ថ្ម​នៃ​សន្ធិ‌សញ្ញា ដែល​យើង​នឹង​ប្រគល់​ឲ្យ​អ្នក ទៅ​ក្នុង​ហិប រួច​យក​គម្រប​មក​គ្រប។

22. យើង​នឹង​មក​ជួប​អ្នក​នៅ​លើ​គម្រប​ហិប ត្រង់​ចន្លោះ​ចេរូប៊ីន​ទាំង​ពីរ​ដែល​នៅ​ពី​លើ​ហិប​នៃ​សម្ពន្ធ‌មេត្រី។ យើង​នឹង​ប្រាប់​អ្នក​អំពី​បទ‌បញ្ជា​ទាំង​ប៉ុន្មាន ដែល​ត្រូវ​បង្គាប់​ដល់​កូន​ចៅ​អ៊ីស្រា‌អែល។

23. ត្រូវ​ធ្វើ​តុ​មួយ​ពី​ឈើ​នាង‌នួន ដែល​មាន​បណ្ដោយ​ពីរ​ហត្ថ ទទឹង​មួយ​ហត្ថ និង​កំពស់​មួយ​ហត្ថ​កន្លះ។

24. ត្រូវ​យក​មាស​សុទ្ធ​មក​ស្រោប​តុ​នោះ ព្រម​ទាំង​ធ្វើ​គែម​មាស​ព័ទ្ធ​ជុំ‌វិញ​ទៀត​ផង។

25. នៅ​តាម​ជ្រុង​ទាំង​បួន ត្រូវ​ធ្វើ​ក្រប​ដែល​មាន​កំពស់​មួយ​ទះ ហើយ​ធ្វើ​ក្បាច់​ជា​មាស​ព័ទ្ធ​ជុំ‌វិញ​ផង។

26. ត្រូវ​ធ្វើ​កង​មាស​បួន​ដាក់​ភ្ជាប់​ទៅ​នឹង​មុម​ទាំង​បួន ត្រង់​កន្លែង​ដែល​មាន​ជើង​តុ។

27. កង​មាស​ទាំង​បួន​ត្រូវ​ដាក់​នៅ​ជិត​ក្រប ដើម្បី​ស៊ក​ឈើ​ស្នែង​សែង​តុ។

28. ត្រូវ​យក​ឈើ​នាង‌នួន​មក​ធ្វើ​ជា​ឈើ​ស្នែង ហើយ​ស្រោប​មាស​ផង ដើម្បី​សែង​តុ​នោះ។

29. ត្រូវ​យក​មាស​សុទ្ធ​មក​ធ្វើ​ថាស ថូ ចាន‌គោម និង​ពែង​សម្រាប់​ប្រើ​ក្នុង​ពិធី​ច្រួច‌ស្រា និង​ប្រេង​ដាក់​នៅ​លើ​តុ​នោះ។

30. ត្រូវ​តម្កល់​នំប៉័ង​នៅ​លើ​តុ​នោះ ទុក​ជា​តង្វាយ​អចិន្ត្រៃយ៍​នៅ​ចំពោះ​មុខ​យើង។

31. ត្រូវ​យក​មាស​សុទ្ធ​តែ​មួយ​ដុំ​មក​ដំ​ធ្វើ​ជើង​ចង្កៀង ហើយ​ជើង​ចង្កៀង​មាស​នេះ​ត្រូវ​ឆ្លាក់​ក្បាច់​រចនា ទាំង​ផ្នែក​ខាង​ក្រោម ទាំង​តួ ទាំង​មែក និង​ផ្នែក​ដាក់​ប្រេង។

32. មាន​មែក​ប្រាំ​មួយ​បែក​ចេញ​ពី​តួ​ដែល​នៅ​កណ្ដាល គឺ​ម្ខាង​មាន​មែក​បី ហើយ​ម្ខាង​ទៀត​ក៏​មាន​មែក​បី​ដែរ។

33. ក្នុង​ចំណោម​មែក​ទាំង​ប្រាំ​មួយ​នោះ មែក​នីមួយៗ​មាន​ក្បាច់​បី​គន្លាក់ រាង​ដូច​ទង​ផ្កា ត្របក​ផ្កា និង​ស្រទាប់​ផ្កា​ក្រពុំ ជា​បន្ត​បន្ទាប់​គ្នា។

34. រីឯ​តួ​ដែល​នៅ​កណ្ដាល មាន​ក្បាច់​បួន​គន្លាក់ រាង​ដូច​ទង​ផ្កា​ត្របក​ផ្កា និង​ស្រទាប់​ផ្កា​ក្រពុំ។

35. មាន​ស្រទាប់​ផ្កា​ក្រពុំ​បី​នៅ​ខាង​ក្រោម​មែក​ទាំង​បី​គូ ដែល​បែក​ចេញ​ពី​តួ​កណ្ដាល។

សូមអានជំពូកពេញលេញ និក្ខមនំ 25